ការទទួលខុសត្រូវចំពោះបរិស្ថាន និងសង្គម

ការគ្រប់គ្រងសមិទ្ធផលសង្គម 

“នៅជាមួយអ្នក ដើម្បីអ្នក” គឺជាពាក្យស្លោកមួយដែល អម្រឹត បានប្រើប្រាស់អស់រយៈពេលជាង ២៥ឆ្នាំ មកហើយ ដើម្បីបង្ហាញអំពីសាមគ្គីភាពជាមួយអតិថិជន និងបង្ហាញពីឆន្ទៈខ្លួនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កម្ពុជា។ អម្រឹត ត្រូវបានទទួលស្គាល់ថាជាគ្រឹះស្ថានដំបូងគេបង្អស់ដែលបានជំរុញការគ្រប់គ្រងសមិទ្ធផលសង្គម ឆ្ពោះទៅរកការសម្រេចបាននូវទស្សនៈ និងបេសកកម្មរបស់ខ្លួន។ ប្រព័ន្ធគ្រប់គ្រងសមិទ្ធផលសង្គមរបស់ អម្រឹត ផ្តល់ឲ្យនូវគ្រោងការសម្រាប់កំណត់គោលដៅ និងជួយគ្រប់គ្រងការធ្វើរបាយការណ៍អំពីសមិទ្ធផលសង្គមដែល អម្រឹត សម្រេចបាន។ អម្រឹត បានប្រឹងប្រែងយ៉ាងសកម្មក្នុងបេសកកម្មសង្គមរបស់ខ្លួន ដោយយកចិត្តទុកដាក់លើកិច្ចការពារបរិស្ថាន ការចូលរួមសកម្មភាពអភិវឌ្ឍសុខុមាលភាពសង្គម ការបរិច្ចាគដល់ស្ថាប័នអប់រំ និងភ្នាក់ងារសុខុមាលភាពដ៏ទៃផ្សេងៗទៀត ហើយសំខាន់បំផុត គឺរួមចំណែកធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់អតិថិជនខ្លួនកាន់តែប្រសើរឡើង។

សូចនាករលើការគ្រប់គ្រងសមិទ្ធផលសង្គម និងគំនិតផ្តួចផ្តើម

សន្ទស្សន៍ចាកចេញពីភាពក្រីក្រ៖ Aអម្រឹត ប្រើប្រាស់ឧបករណ៍មួយហៅថា សន្ទស្សន៍ចាកចេញពីភាពក្រីក្រ ដើម្បីវាស់វែងកម្រិតភាពក្រីក្ររបស់អតិថិជនខ្លួន។ ឧបករណ៍នេះគឺជាសមាសធាតុយ៉ាងសំខាន់នៃប្រព័ន្ធគ្រប់គ្រងសមិទ្ធផលសង្គមរបស់ អម្រឹត ក្នុងការតាមដាននិន្នាការនៃស្ថានភាពសេដ្ឋកិច្ចសង្គមរបស់អតិថិជន។ ឧបករណ៍នេះបានជួយគាំទ្រដល់ការអភិវឌ្ឍផលិតផល និងសេវាកម្មដែលអាចបំពេញនូវតម្រូវការពិតប្រាក់របស់ អតិថិជន។ តាមរយៈឧបករណ៍នេះដែរ អតិថិជនមិនត្រឹមតែមានឱកាសដើម្បីពិភាក្សាអំពីឱកាស និងបញ្ហាប្រឈមនៃជីវភាពរបស់ពួកគេនោះទេ ពួកគេថែមទាំងអាចផ្តល់ព័ត៌មានត្រឡប់ចំពោះផលិតផល និងសេវាកម្មរបស់ អម្រឹត ផងដែរ។

អម្រឹត បានធ្វើការវាយតម្លៃលើភាពក្រីក្ររបស់អតិថិជនរៀងរាល់ពីរឆ្នាំម្តង។ ការស្រាវជ្រាវក្នុងឆ្នាំ២០១៧ បានរកឃើញថាកម្រិតនៃភាពក្រីក្រក្នុងចំណោមអតិថិជនដែលមានប្រាក់ចំណូលទាបរបស់ អម្រឹត បានធ្លាក់ចុះ ២,៦ ភាគរយ គឺពីកម្រិត ១៣,៤ ភាគរយ ក្នុងឆ្នាំ ២០១៥ ធ្លាក់មកត្រឹម ១០,៨ ភាគរយ ក្នុងឆ្នាំ ២០១៧។


ការសិក្សាអំពីការពេញចិត្ត និងការចាកចេញរបស់អតិថិជន៖ ការវាស់វែងអំពីការពេញចិត្ត និងភក្តីភាពរបស់អតិថិជនគឺជាគន្លឹះនៃភាពជោគជ័យក្នុងគោលដៅអាជីវកម្មរបស់ អម្រឹត។ អម្រឹត បានប្រមូលព័ត៌មានត្រឡប់ពីអតិថិជន តាមរយៈការសិក្សាស្រាវជ្រាវប្រចាំឆ្នាំ ហើយព័ត៌មានទាំងនោះពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះ អម្រឹត ក្នុងការកែលំអរអំពីចំណុចខ្វះខាត ឬភាពឆ្គាំឆ្គងក្នុងការលក់ផលិតផល ឬការផ្តល់សេវាកម្មរបស់ខ្លួន។ អម្រឹត ប្រកាន់ខ្ជាប់នូវពាក្យស្លោកមួយឃ្លាថា “ការមិនសុខចិត្ត ឬការតវ៉ារបស់អតិថិជន គឺជាការដូរដ៏មានតម្លៃដែលពួកគាត់ផ្តល់ជូនយើង ដូចច្នេះយើងត្រូវទទួលយកដោយរីករាយ”។ ព័ត៌មានត្រឡប់ពីអតិថិជនជួយ អម្រឹត ក្នុងការបន្តអភិវឌ្ឍផលិតផល និងសេវាកម្ម ព្រមទាំងជួយឲ្យសម្រេចបាននូវការបំពេញចិត្តខ្ពស់ជូនអតិថិជន។

ការបណ្តុះបណ្តាលកសិកម្ម៖ អម្រឹត បានផ្តល់ការបណ្តុះបណ្តាលចំនួន ៧៥វគ្គ អំពីការគ្រប់គ្រងផលិតកម្មដំណាំស្រូវ ការប្រើប្រាស់ជី ហើយនិងដំណាំបន្លែ ទៅកាន់អតិថិជនចំនួន ១.៦៥២នាក់ ក្នុងខេត្តចំនួនប្រាំបីរួមមាន៖ បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង កំពត ពោធិសាតិ៍ និងត្បូងឃ្មុំ។ មាតិការនៃការបណ្តុះបណ្តាលគឺបានធ្វើបច្ចុប្បន្នភាពជាទៀងទាត់តាមរយៈការសហការណ៍ជាមួយគ្រូកសិកម្មជំនាញដែលមកពីមន្ទីរកសិកម្ម និងតាមបណ្តាអង្គការក្រៅរដ្ឋាភិបាលនានា។ គ្រូបណ្តុះបណ្តាលជំនាញបានកសាងសម្ថភាពកសិកម្មដល់ប្រជាកសិករតាមរយៈការបង្រៀននូវបច្ចេកទេស វិធីសាស្ត្រ និងជំនាញកសិកម្មថ្មីៗ ដូច្នេះកសិករអាចប្រើប្រាស់វាក្នុងការបង្កើនផលិតភាព ក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវអាជីវកម្មរបស់ពួកគេ។ ការសិក្សាដើម្បីតាមដានអំពីការអនុវត្តរបស់អ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាលកសិកម្មបានរកឃើញថា ៨០% នៃអ្នកចូលរួមបានអនុវត្តបច្ចេកទេសសិកម្មថ្មីៗដែលពួកគាត់ទទួលបានពីការបណ្តុះបណ្តាល។ ៩២% ក្នុងចំណោម ៨០% ដែលបានយកបច្ចេកថ្មីៗទៅអនុវត្ត ពួកគាត់ទទួលបានទិន្នផលខ្ពស់ជាងមុន ហើយនឹង ៧៨% នៃអ្នកចួលរួមទាំងអស់បានចែករំលែកចំណេះដឹងថ្មីរបស់ពួកគាត់ជាមួយអ្នកភូមិដ៏ទៃទៀតដែលមិនបានចួលរួមក្នុងវគ្គបណ្តុះបណ្តាល។

កំណត់ត្រាជោគជ័យរបស់កសិករដាំដំឡូងមី

លោក មួន រ៉ាប ជាកសិករមានវ៏យ ៤៩ឆ្នាំ ដែលកំពុងរស់នៅជាមួយភរិយាក្នុងភូមិស្រះឈូក ឃុំភ្នំស្រុក ខេត្តបន្ទាយមានជ័យ ហើយបច្ចុប្បន្នលោក និងភរិយាមានកូនស្រីចំនួនបីនាក់ កូនស្រីច្បងបានរៀបអាពាហ៍ពិពាហ៍តាំងពីឆ្នាំ២០០៧ បន្ទាប់មកបានផ្លាស់ប្តូរលំនៅទៅរស់នៅជាមួយស្វាមីនៅភូមិមួយផ្សេងទៀត រីឯកូនស្រីពីនាក់ទៀតកំពុងរស់នៅក្រោមអាណាព្យបាលរបស់លោក។ គ្រួសាររបស់លោក មួន រ៉ាប មានសមាជិកចំនួន ៧នាក់ ពួកគេបានពឹងផ្អែកទាំងស្រុងលើអាជីវកម្មដំណាំដំឡូងមី។

លោក មួន រ៉ាប បានប្រើប្រាស់ប្រាក់កម្ចីដំបូងជាមួយ អម្រឹត ក្នុង ឆ្នាំ២០១៤ ជាសមាជិកនៃឥណទានក្រុមធានា។ ទំហំទឹកប្រាក់ខ្ពស់បំផុតដែលលោកអាចខ្ចីបាននាពេលនោះគឺ មួយលានរៀល។ ប្រាក់កម្ចីដែលទទួលបានក លោកបានប្រើប្រាស់ក្នុងរបរកសិកម្មដំណាំដំឡូងមី។ រៀងរាល់ឆ្នាំ លោកបានប្រើប្រាស់ប្រាក់កម្ចីរបស់ អម្រឹត ជាបន្តបន្ទាប់ដើម្បីពង្រីករបរកសិកម្មរបស់គាត់ ប៉ុន្តែទោះមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ទិន្នផលដែលគាត់ទទួលបានគឺពុំសមប្រកបនឹងការរំពឹងទុករបស់គាត់ឡើយ ពេលខ្លះទិន្នផលសឹងតែមិនអាចទូទាត់ថ្លៃដើមដែលបានចំណាយ។ ប្រាក់ចំណូលទាបដែលទទួលបានពីរបរកសិកម្មរបស់គាត់បានបង្ករជាវិបត្តិហិរញ្ញវត្ថុសម្រាប់គ្រួសារ ហើយជាពិសេសវិបត្តិមួយនេះបានបង្កការលំបាកក្នុងការសងប្រាក់ឥណទាន។ ទោះយ៉ាងនេះក្តី លោក មួន រ៉ាប នៅតែបន្តប្រឹងប្រែងយ៉ាងខ្លាំងក្នុងការទប់លំនឹងហិរញ្ញវត្ថុគ្រួសារ និងគ្រប់គ្រងលើការសងឥណទានឲ្យទាន់ពេលវេលាតាមរយៈការខិតខំកាន់តែខ្លាំងក្នុងការដាំដុះដំណាំដំឡូងមីរបស់ខ្លួន។

សំណាងរបស់ លោក មួយ រ៉ាប់ បានផ្លាស់ប្តូរក្នុងឆ្នាំ២០១៧។ “អម្រឹត បានអញ្ជើញខ្ញុំឲ្យចូលរួមក្នុងសិក្ខាសាលាមួយដែលបណ្តុះបណ្តាលអំពីការដាំដុះដំឡូងមី និងការប្រើប្រាស់ជី ហើយខ្ញុំបានរៀនអំពីបច្ចេកទេស និងវិធីសាស្ត្រថ្មីៗជាច្រើនពីសិក្ខាសាលានោះ” លោក មួន រ៉ាប បានពន្យល់។ “តាមរយៈការប្រើប្រាស់បច្ចេកទេសថ្មីៗដែលគ្រួបណ្តុះបណ្តាលបានប្រាប់ ខ្ញុំទទួលបានទិន្នផលដំឡូងមីច្រើនជាងរដូវកាលមុនៗ ពី៤០ ទៅ ៥០ភាគរយ ហើយទទួលបានចំណូលប្រហែល ៣៧៥ដុល្លារ អាមេរិក ក្នុងដីមួយហិចតា។ ហើយវាជាក្តីស្រមៃដែលខ្ញុំបានរំពឹងទុកតាំងពីខ្ញុំចាប់ផ្តើមដាំដំឡូងមីមកម៉្លេះ។”


ក្នុងការឆ្លុះបញ្ចាំងអំពីដំណើរការនៃការស្នើសុំឥណទាន លោក រ៉ាប បាននិយាយថា “មុនពេលផ្តល់កម្ចីមកឲ្យខ្ញុំ បុគ្គលិករបស់ អម្រឹត តែងតែពន្យល់យ៉ាងយកចិត្តទុកដាក់អំពីលក្ខណ្ឌនៃការខ្ចីឥណទាន និងវិធីសាស្ត្រនៃការសងត្រឡប់ ហើយជានឹកញាប់បុគ្គលិករបស់ស្ថាប័ននេះផ្តល់ឲ្យខ្ញុំនូវគន្លឹះដ៏មានប្រយោជន៍អំពីផែនការអាជីវកម្ម”។ គាត់បានបន្ថែមទៀតថា “ក្រោយពីទទួលបានប្រាក់កម្ចីដំបូង ខ្ញុំត្រូវបានអញ្ជឹញឲ្យចួលរួមក្នុងកម្មវិធីអប់រំចំណេះដឹងហិរញ្ញវត្ថុ ហើយអ្វីដែលពិសេសនោះ ខ្ញុំទទួលបានឱកាសសិក្សាអំពីវិធីសាស្ត្រកសិកម្មថ្មីៗពីគ្រូដែលមានជំនាញ និងចំណេះដឹងជាក់លាក់របស់ អម្រឹត។”

សព្វថ្ងៃគ្រួសាររបស់ លោក រ៉ាប រីករាយជាមួយនឹងការរស់នៅក្នុងជីវភាពដ៏សមរម្យ ហើយគាត់មានលទ្ធភាពជួយដល់កូនស្រីកណ្តាលរបស់គាត់ឲ្យទទួលបានការងារជាគ្រួបង្រៀន និងជួយគាំទ្រដល់ការសិក្សាថ្នាក់វិទ្យាល័យរបស់កូនស្រីពៅផងដែរ ជាពិសេសគាត់មិនដែលខកខានក្នុងការសងឥណទានរបស់ អម្រឹត ម្តងណាឡើយ។

“វិធីសាស្ត្រថ្មីៗ ដែលខ្ញុំបានរៀនតាមរយៈការបណ្តុះបណ្តាលរបស់ អម្រឹត បានជួយខ្ញុំកាត់បន្ថយថ្លៃដើម និងបង្កើនទិន្នផល” គាត់បាននិយាយទាំងរីករាយ។ ភាពរីករាយរបស់លោក រ៉ាប បានផ្សព្វផ្សាយទៅកាន់សាច់ញាត្តិ និងអ្នកភូមិដ៏ទៃទៀតអំពីទិន្នផលដំឡូងដែលគាត់ទទួលបានក្នុងរដូវកាលនេះ ហើយអ្នកភូមិរបស់គាត់ក៏បានសិក្សាអំពីបទពិសោធន៍ជោគជ័យរបស់គាត់ ហើយពួកគេនឹងសាកល្បងប្រើប្រាស់បច្ចេកទេសថ្មីៗនេះក្នុងការដាំដុះដំឡូងមីនារដូវកាលខាងមុខដើម្បីបង្កើនទិន្នផលរបស់ពួកគេផងដែរ។

លោក រ៉ាប មានចំណាប់អារម្មណ៍ខ្ពស់ចំពោះ អម្រឹត ក្នុងការរៀបចំសិក្ខាសាលាកសិកម្មផ្សេងៗទៀតក្នុងភូមិរបស់គាត់ ដូចច្នេះគាត់ និងអ្នកភូមិដ៏ទៃទៀតអាចរៀនបន្ថែមនូវបច្ចេកទេសកសិកម្មដែលគ្រូជំនាញពាំនាំមក។ គាត់និយាយថា “នៅពេលដែលខ្ញុំសងឥណទានបច្ចុប្បន្ននេះចប់ ខ្ញុំមានផែនការខ្ចីឥណទានទីប្រាំដែលមានចំនួន ២.៥០០ដុល្លារ អាមេរិក ដើម្បីទិញដីបន្ថែម និងពង្រីកកសិកម្មដំឡូងមី និងដំណាំស្រូវ” គាត់បាននិយាយថា “ខ្ញុំនឹងរក្សាទំនាក់ទំនងល្អជាមួយគ្រូបណ្តុះបណ្តាល អម្រឹត ដើម្បីរៀនបន្ថែមអំពីការរអនុវត្តល្អៗក្នុងការដាំដុះដំឡូងមី ហើយបន្តប្រើប្រាស់បច្ចេកទេសចុងក្រោយបំផុតដែលអាចជួយបង្កើនទិន្នផលរបស់ខ្ញុំ”

ការអប់រំអនាម័យបឋម និងចំណេះដឹងហិរញ្ញវត្ថុ៖ អម្រឹត យកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការបំពេញតម្រូវការរបស់អតិថិជន។ ដើម្បីផ្តល់ជូននូវការបំរើសេវា ឲ្យល្អលើលពីការរំពឹងទុករបស់ពួកគាត់ បុគ្គលិកផ្នែកផ្តល់សេវាដោយផ្ទាល់ដល់អតិថិជន សុទ្ធតែទទួលបានការបណ្តុះបណ្តាលអំពីការបំរើសេវាប្រកបដោយគុណភាព។ ការស្វាគមន៍យ៉ាងកក់ក្តៅ ជាមួយស្នាមញញឹម និងការផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធិភាព ត្រូវបានផ្តល់ជូនអតិថិជនដោយបុគ្គលិកដែលមានក្រមសីលធម៌វិជ្ជាជីវៈ ហើយទាំងនេះគឺជាចំណុចស្នូលនៃសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះរបស់ អម្រឹត។ ។ អម្រឹត ធានាថា រាល់សាខាទាំងអស់របស់ខ្លួនបានផ្តល់ជូននូវការបំរើសេវាកម្មយ៉ាងល្អជូនដល់អតិថិជន។ អតិថិជនទាំងអស់ត្រូវបានផ្តល់សេវាប្រកបដោយសុច្ចរិតភាព និងការគោរពដោយគ្មានការរើសអើង។

លោក ហឿម ហឿត បង្ហាញពីបច្ចេកទេសធ្វើស្រែដែលចំណាយតិច និងទទួលបានទិន្នផលខ្ពស់
គោលដៅនៃការគ្រប់គ្រងសមិទ្ធផលសង្គម
ការផ្តល់ជូនដល់អតិថិជននូវតម្លៃបន្ថែម និងការគាំទ្រដល់ការលើកកំពស់សុខុមាលភាពសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ គឺជាគោលដៅចំបងនៃការគ្រប់គ្រងសមិទ្ធផលសង្គមរបស់ អម្រឹត។ ការយកចិត្តទុកដាក់ខ្ពស់ចំពោះបុគ្គលិក និងការចូលរួមចំណែកក្នុងសកម្មភាពអភិវឌ្ឍនសង្គម គឺជាគោលដៅទីពីរ នៃការគ្រប់គ្រងសមិទ្ធផលសង្គម។ អម្រឹត មានឆន្ទៈក្នុងការធ្វើឲ្យសម្រេចបាននូវគោលដៅសង្គមទាំងនេះឲ្យស្របគ្នាជាមួយនឹងទស្សនៈ និងបេសកកម្មរបស់ខ្លួន។ អម្រឹត បានបែងចែកការទទួលខុសត្រូសង្គមជាបីប្រភេទគឺ៖ ការទទួលខុសត្រូវចំពោះអតិថិជន ការទទួលខុសត្រូវចំពោះបុគ្គលិក និងការទទួលខុសត្រូវចំពោះសហគមន៍។
ការទទួលខុសត្រូវចំពោះ អតិថិជន

អតិថិជន គឺជាបេះដូងនៃការវិនិយោគរបស់ អម្រឹត។ ការការពារអតិថិជន គឺផ្នែកដ៏សំខាន់មួយដើម្បីទទួលខុសត្រូវចំពោះការផ្តល់កម្ចី និងធានាថា អាជីវកម្មរបស់ អម្រឹត មានការរីកចំរើនប្រកបដោយនិរន្តរភាព។ អម្រឹត ត្រូវបានបញ្ជាក់ដោយអង្គការអន្តរជាតិ Smart Campaign ចំពោះការយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើតផលិតផល និងសេវាកម្ម ដែលមិនបង្កផលប៉ះពាល់អវិជ្ជមានណាមួយដល់អតិថិជនខ្លួន។ ការធ្វើបែបនេះ អម្រឹត ប្រកាន់ខ្ជាប់នូវគោលការណ៍ការពារអតិថិជនទាំងប្រាំពីរចំណុច រួមមាន៖

១. ការបង្កើតផលិតផល និងប្រព័ន្ធចែកចាយត្រូវមានលក្ខណៈសមរម្យ៖ អម្រឹត យកចិត្តទុកដាក់ក្នុងការបង្កើតនូវផលិតផល និងប្រព័ន្ធចែកចាយក្នុងរបៀបមួយដែលមិនបង្កឲ្យមានជាបញ្ហាដល់អតិថិជននោះទេ។ ផលិតផល និងប្រព័ន្ធចែកចាយ នឹងត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់អតិថិជន។

២. ការទប់ស្កាត់បំណុលជាន់គ្នា៖ ៖ អម្រឹត បានយកចិត្តទុកដាក់គ្រប់ដំណាក់កាលទាំងអស់ក្នុងការផ្តល់ឥណទាន ដើម្បីធ្វើឲ្យប្រាកដថា អតិថិជន មានសមត្ថភាពក្នុងការសងត្រលប់មកវិញ ដោយពុំមានការជំពាក់បំណុលលើសលុប។ លើសពីនេះទៀត អម្រឹត បានអនុវត្ត និងធ្វើការតាមដានប្រព័ន្ធតួ្រតពិនិត្យផៃ្ទក្នុងរបស់ខ្លួន ដើម្បីជួយទប់ស្កាត់បំណុលជាន់គ្នា ក៏ដូចជាការធ្វើឲ្យការគ្រប់គ្រងហានិភ័យឥណទានកម្រិតទីផ្សារ កាន់តែមានភាពល្អប្រសើរឡើង (ដូចជាការចែករំលែកព័ត៌មានឥណទានជាដើម)។

៣. តម្លាភាព៖ អម្រឹត ក៏បានផ្តល់ព័ត៌មានយ៉ាងជាក់ច្បាស់ គ្រប់គ្រាន់ និងទាន់ពេលវេលា តាមរយៈឥរិយាបទ និងភាសាដែលងាយយល់ និងងាយស្រួលសម្រាប់អតិថិជនក្នុងការសម្រេចចិត្តអោយបានត្រឹមត្រូវ។ តម្រូវការតម្លាភាពព័ត៌មានអំពីតម្លៃផលិតផល រយៈពេលខ្ចីប្រាក់ ក៏ដូចជាលក្ខខណ្ឌទូទៅផ្សេងទៀត ត្រូវបានបង្ហាញជូនអតិថិជន។

៤. ការកំណត់ថៃ្លដែលមានភាពទទួលខុសតូ្រវ៖ ៖ តម្លៃ រយៈពេលខ្ចី និងលក្ខខណ្ឌរបស់ផលិតផល និងសេវាកម្មរបស់ អម្រឹត ត្រូវបានកំណត់ក្នុងរបៀបមួយ ដែលអាចធ្វើឲ្យអតិថិជនងាយទទួលយកបាន ហើយក៏អាចធ្វើឲ្យស្ថាប័នខ្លួនឯងអាចរស់រានបាន និងមាននិរន្តរភាពផងដែរ។ អម្រឹត បានខិតខំប្រឹងប្រែងផ្តល់ជូនសេវាបញ្ញើសន្សំដ៏មានភាពប្រាកដប្រជា និងវិជ្ជមានទៅអតិថិជនវិញផងដែរ។

៥. ការអនុវត្តការងារត្រូវមានការគោរព និងភាពត្រឹមត្រូវចំពោះអតិថិជន៖ អម្រឹត យកចិត្តទុកដាក់ក្នុងការអនុវត្តការងារ ជាមួយអតិថិជនដោយភាពគួរសម ការគោរព និងមិនមានការរើសអើង។ អម្រឹត ធានាថាប្រព័ន្ធសុវត្ថិភាពការងារត្រូវមានភាពត្រឹមត្រូវ ដើម្បីរកឲ្យឃើញ និងលុបបំបាត់អំពើពុករលួយ ក៏ដូចជាសកម្មភាពមិនប្រក្រតីណាមួយដែលអាចកើតមានឡើងតាមរយៈបុគ្គលិករបស់ខ្លួន ជាពិសេសនៅពេលធើ្វការសិក្សា ឬវាយតម្លៃឥណទាន និងដំណើរការប្រមូលបំណុល។

៦. ការរក្សាការសម្ងាត់របស់អតិថិជន៖ អម្រឹត រក្សាសន្តិសុខ និងការពារព័ត៌មានអតិថិជនគ្រប់ពេលវេលាទាំងអស់។ អម្រឹត នឹងមិនបង្ហាញអត្តសញ្ញាណរបស់អតិថិជន ដោយមិនមានការយល់ព្រម ឬការអនុញ្ញាតពីអតិថិជននោះទេ។

៧. យន្តការសម្រាប់ដោះស្រាយបណ្តឹងអតិថិជន៖ អម្រឹត តែងតែយកចិត្តទុកដាក់ស្តាប់ពីអតិថិជនរបស់ខ្លួន ហើយប្រាកដថាកង្វល់ និងបណ្តឹងផ្សេងៗរបស់អតិថិជនត្រូវបានដោះស្រាយដោយមានប្រសិទ្ធភាព។ អម្រឹត មានឆន្ទៈខ្ពស់ក្នុងការផ្តល់ជូនអតិថិជននូវបណ្តាញទំនាក់ទំនងផ្លូវការ ក្នុងការផ្តល់ព័ត៌មានអំពីគុណភាពសេវាកម្មរបស់ខ្លួន។

ការទទួលខុសត្រូវចំពោះបុគ្គលិក

ការទំនាក់ទំនង និងការលើកទឹកចិត្ត៖ ដើម្បីរក្សាការងារជាក្រុម ហើយនឹងកសាងសាមគ្គីភាពក្នុងចំណោមបុគ្គលិក និងរវាងបុគ្គលិក និងថ្នាក់គ្រប់គ្រង អម្រឹត បានរៀបចំព្រឹត្តិការណ៍ និងសកម្មភាពសង្គមមួយចំនួន រួមមាន៖ សិក្ខាសាលាថ្នាក់គ្រប់គ្រងប្រចាំឆ្នាំ ពិធីជប់លៀងអបអរសាទរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដំណើរកំសាន្តប្រកបដោយភាពរីករាយក្នុងទិវាសិទ្ធនារី និងការប្រកួតបាល់ទាត់ពានរង្វាន់របស់លោកអគ្គនាយក។ ព្រឹត្តិការណ៍លំហែកាយទាំងនេះផ្តល់ឲ្យបុគ្គលិកនូវឱកាសស្គាល់គ្នាទៅវិញទៅមក និងជួយបង្កើតនូវបរិយាកាសការងារល្អ ដែលអាចជំរុញដល់ការទំនាក់ទំនងឲ្យប្រសើរជាងមុន បង្កើតស្មារតីការងារជាក្រុម សាមគ្គីភាព និងការសហការណ៍គ្នាល្អ។

ការអភិវឌ្ឍសម្ថភាព៖ នាយកដ្ឋានបណ្តុះបណ្តាល និងអភិវឌ្ឍ ឬហៅកាត់ថា (L&DD) បានផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកគ្រប់កម្រិតចំនួន ២.៧១៥នាក់ រួមជាមួយការបង្វឹកបុគ្គលិកចំនួន ៦៩៨នាក់ឲ្យកាន់តែមានសម្ថភាពខ្ពស់ជាងនេះ។ សិក្ខាកាមដែលត្រូវបានបណ្តុះបណ្តាលរួមមាន បុគ្គលិកថ្មីចំនួន ៥២០នាក់ បុគ្គលិកសាខាចំនួន ១.៣៣៩នាក់ និងបុគ្គលិកដែលបានដំឡើងតំណែងចំនួន ៥៦៨នាក់។ ក្រុមការងារ L&DD ក៏បានផ្តល់ការបណ្តុះបណ្តាលចំនួន ៤២វគ្គបន្ថែមទៀតផងដែរ ស្តីអំពីមុខងារជំនាញនៃតំណែងនីមួយៗរបស់បុគ្គលិក របៀបធ្វើការក្នុងមុខងារជំនាញខុសៗគ្នា ឥរិយាបទ និងភាពជាអ្នកដឹកនាំ និងជំនាញនៃការគ្រប់គ្រង ដល់បុគ្គលិកចំនួន ២៦៤នាក់។

ការសិក្សាតាមបណ្តាញអេឡិចត្រូណិច និងវីដេអូសន្និសិទ គឺជាបណ្តាញដ៏សំខាន់មួយដែល អម្រឹត បានប្រើប្រាស់ដើម្បីផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិករបស់ខ្លួន។ តាមរយៈបណ្តាញទាំងនេះ L&DD អាចផ្តល់លក្ខណៈងាយស្រួលក្នុងការបណ្តុះបណ្តាលដល់បុគ្គលិកផ្នែកគាំទ្រ និងបុគ្គលិកផ្នែកលក់របស់ខ្លួន ខណៈពេលដែលប្រើប្រាស់ថវិការ និងធនធានប្រកបដោយប្រសិទ្ធិភាព។ ទន្ទឹមគ្នានោះដែរ អម្រឹត អាចរក្សាគុណភាព និងការបណ្តុះបណ្តាលដែលពាក់ព័ន្ធនានាឲ្យកាន់តែមានលក្ខណៈងាយស្រួល និងបង្កើនសមិទ្ធផលនៃការបណ្តុះបណ្តាលឲ្យកាន់តែប្រសើរឡើង។ ការបណ្តុះបណ្តាល និងការសិក្សាតាមបណ្តាញអ៊ីនធើណេតពិតជាផ្តល់អត្ថប្រយោជន៍ដ៏សម្បើមចំពោះ អម្រឹត។

បរិយាកាសការងារប្រកបដោយភាពស្រស់ថ្លា៖ អម្រឹត បានកំណត់យ៉ាងច្បាស់នូវ វប្បធម៌រួម តម្លៃរួម ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយបៀតបៀនកេរ្តិ៍ខ្មាស និង គោលនយោបាយ Whistle Blowing។ គោលនយោបាយទាំងនេះត្រូវបានដាក់បញ្ចូលក្នុងវប្បធម៌ប្រតិបត្តិការការងាររបស់ អម្រឹត ដើម្បីធានាថាបុគ្គលិកទាំងអស់របស់ អម្រឹត បានប្រព្រឹត្តិរវាងគ្នា និងគ្នាប្រកបដោយសុក្រឹតភាព និងរក្សាទំនាក់ទំនងនៃការជួយគ្នាទៅវិញទៅមកនៅកន្លែងការងារ។ អម្រឹត យកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងសុខុមាលភាពរបស់បុគ្គលិក ដោយធានាថាការិយាល័យទាំងអស់របស់ អម្រឹត មានបរិវេណសមរម្យសម្រាប់ការងារប្រចាំថ្ងៃ មានខ្យល់បរិសុទ្ធ និងពន្លឺ ចេញចូលគ្រប់គ្រាន់ មានបរិក្ខារការិយល័យសមរម្យ រួមបញ្ចូលទាំងទឹកស្អាតសម្រាប់បរិភោគ និងបន្ទប់ទឹកប្រកបដោយអនាម័យផងដែរ។ អម្រឹត មានគិលានុដ្ឋាយិការ ដើម្បីផ្តល់ប្រឹក្សាយោបល់ផ្នែកសុខភាព និងទទួលខុសត្រូវសម្រាប់ការសង្គ្រោះបឋម ការព្យាបាល និងការសម្របសម្រួលលើការទាមទារសំណងពីក្រុមហ៊ុនធានារ៉ាប់រង។

ការអភិវឌ្ឍទេពកោសល៖ បុគ្គលិក អម្រឹត ទាំងអស់មានឱកាសដើម្បីអភិវឌ្ឍជំនាញការងារ ចំណេះដឹង និងអភិវឌ្ឍជំនាញថ្មីៗ សម្រាប់គោលដៅការងារនាពេលខាងមុខ។ ក្នុងឆ្នាំ២០១៧ បុគ្គលិកគ្រប់គ្រងសាខាចំនួន ៦០នាក់ បានចូលរួមក្នុងកម្មវិធី ការគ្រប់គ្រងជួរមុខ ដើម្បីត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលខុសត្រូវ និងប្រឈមនឹងបញ្ហានានា នាពេលខាងមុខ។ ក្នុងឆ្នាំ២០១៨ ខាងមុខនេះ បុគ្គលិកគាំទ្រចំនួន ៤០នាក់ បន្ថែមទៀត នឹងចូលរួមក្នុងកម្មវិធី ទេពកោសលវ័យក្មេង ដែល អម្រឹត បានបង្កើតឡើង។ កម្មវិធីទាំងនេះគឺបានបង្កើតឡើងក្នុងគោលបំណងរក្សា និងលើកកម្ពស់ជំនាញ ព្រមទាំងលើកទឹកចិត្តដល់បុគ្គលិក និងអ្នកគ្រប់គ្រង ក្នុងបង្កើនការយល់ដឹង និងសម្ថភាពរបស់ខ្លួនដើម្បីគាំទ្រដល់ការវិវឌ្ឍរបស់អង្គភាពក្នុងការបំប្លែងខ្លួនទៅជា អម្រឹត+ នាពេលខាងមុខនេះ។

ប្រតិភូបុគ្គលិក៖ និយោជិកអាចសំដែងការព្រួយបារម្ភ ការមិនពេញចិត្ត និងបណ្តឹងតវ៉ារបស់ពួកគាត់ ជាលក្ខណៈបុគ្គលម្នាក់ៗ ឬសមូហភាពដែលទាក់ទងទៅនឹងប្រាក់ឈ្នួល លក្ខខណ្ឌការងារ ច្បាប់ការងារ និងបទបញ្ជាទូទៅ តាមរយៈប្រតិភូបុគ្គលិករបស់ អម្រឹត។ បន្ទាប់ពីទទួលបានសំណើ ឬពាក្យបណ្តឹងពី ប្រតិភុបុគ្គលិក គណៈកម្មាធិការ ឬថ្នាក់ដឹកនាំរបស់ អម្រឹត នឹងកំណត់ពីឫសគល់នៃបញ្ហា បន្ទាប់មកនឹងរកដំណោះស្រាយដ៏សមស្របមួយជូនដល់បុគ្គលិក។

ការគាំទ្រនូវសេចក្តីប្រាថ្នារបស់បុគ្គលិក៖ អម្រឹត បានលើកទឹកចិត្តនិយោជិតឱ្យបន្តគោលដៅ និងសេចក្តីប្រាថ្នារបស់ពួកគេតាមរយៈការផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប។ ក្នុងឆ្នាំ ២០១៧ មានបុគ្គលិកចំនួន ២.២៨៤ នាក់ទទួលបានអត្ថប្រយោជន៍ពីការគាំទ្រនេះ។

ការមិនប្រកាន់ និងមិនរើសអើង៖ អម្រឹត ធានានូវតម្លាភាព និងការទទួលខុសត្រូវ ក្នុងការគ្រប់គ្រងធនធានមនុស្ស ដោយប្រកាន់ខ្ជាប់នូវគោលការណ៍មិនរើសអើង។ កត្តាសំខាន់នៃការជ្រើសរើសបុគ្គលិក ហើយនឹងការដំឡើងតំណែងបុគ្គលិកគឺផ្តោតសំខាន់លើក្រមសីលធម៌ការងារ និងសម្ថភាពរបស់បុគ្គលិកតែប៉ុណ្ណោះ។ និយោជិកអាចជឿជាក់ថាពួកគេមានឱកាសស្មើគ្នាសម្រាប់ដំណើរការការងារ និងការដំឡើងដំណែងដោយមិនបារម្ភពីជាតិសាសនា អាយុ ភេទ ឬបក្សនយោបាយឡើយ។ ការលើកកម្ពស់សមភាពយេនឌ័រដើម្បីដោះស្រាយនូវកង្វះខាតផ្នែកយេនឌ័រ នៅតែជាអាទិភាពចម្បងរបស់ អម្រឹត ក្នុងការពង្រឹងយុទ្ធសាស្ត្រគ្រប់គ្រងបុគ្គលិករបស់ខ្លួន។

ការទទួលខុសត្រូវចំពោះ សហគមន៍

កម្មវិធីទទួលយកអ្នកហ្វឹកហាត់ការងារ និងនិស្សិតចុះកម្មសិក្សា៖ អម្រឹត បានផ្តល់កន្លែងធ្វើការសម្រាប់សិស្សានុសិស្សសកលវិទ្យាល័យ និងសិស្សនិស្សិតទើបបញ្ចប់ការសិក្សា ទាំងថ្នាក់ជាតិ និងអន្តរជាតិចំនួន ១៦០នាក់ ក្នុងឆ្នាំ២០១៧។ កម្មវិធីនេះផ្តល់ជូនយុវវ័យនូវឱកាសការងារដើម្បីធ្វើការជាមួយអ្នកជំនាញដែលមានចំណេះដឹង និងទទួលបានបទពិសោធន៍ជាក់ស្តែងក្នុងការធ្វើការនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ហើយកម្មវិធីនេះផងដែរបានគាំទ្រដល់និស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រធ្វើការសិក្សាស្វែងយល់អំពីការវិវឌ្ឍនៈរបស់ អម្រឹត និងការរួមចំណែករបស់មីក្រូហិរញ្ញវត្ថុក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ។

ការចូលរួមចំណែកក្នុងសកម្មភាពសង្គម៖ អម្រឹត ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការគាំទ្រដល់គំនិតផ្តួចផ្តើមដែលបង្កើនគុណភាពនៃជីវិត និងលើកកម្ពស់សុខុមាលភាពសង្គម។ ក្នុងឆ្នាំ 2017 អម្រឹត បានចូលរួមសកម្មភាពសង្គមយ៉ាងច្រើន ដូចខាងក្រោម៖

ផ្តល់អំណោយដល់កាកបាទក្រហមកម្ពុជាដើម្បីជួយឧបត្ថម្ភជនរងគ្រោះ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលជារឿយៗពួកគេទទួលរងរបួស និង និងពិការភាព ហើយធ្វើឲ្យជីវិតពួកគេមានការផ្លាស់ប្តូរ ដូចជាបង្កឲ្យមានស្ត្រីមេម៉ាយ និងក្មេងកំព្រា។

ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្មេងស្រីដែលត្រូវការការព្យាបាលនៅមន្ទីរពេទ្យចំពោះការរងរបួសច្រមុះធ្ងន់ធ្ងរ។

ឧបត្ថម្ភធនាគារជាតិនៃកម្ពុជាក្នុងការលើកកម្ពស់ប្រាក់រៀល នាឱកាសខួបលើកទី៣៧ នៃការណែនាំជាថ្មីនូវ ប្រាក់រៀល ខ្មែរ។

ឧបត្ថម្ភក្នុងទិវាកុមារអន្តរជាតិលើកទី៦៧ ក្រោមប្រធានបទ "ចម្រៀងកុមារ" ។

ឧបត្ថម្ភដល់សមាគមន៍និស្សិតខេត្តក្រចេះ ដើម្បីបង្កើតសិក្ខាសាលាស្តីពីការអភិវឌ្ឍសង្គម។

ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់អង្គការ ICO កម្ពុជា សម្រាប់គម្រោង "ការជួយសង្គ្រោះកុមាររស់នៅក្នុងស្ថានភាពលំបាកនៅក្នុងសហ គមន៍" ។

បរិច្ចាគសម្ភារ ដល់ការប្រកួតកីឡារបស់សាកលវិទ្យាល័យព្រែកលាប។ សម្ភារដែលបានបរិច្ចាករួមមាន ឆ័ត្រធំ អាវយឺត ខិត្តប័ណ្ណផ្សព្វផ្សាយ ប្រតិទិន និងថងបរិស្ថាន។

ផ្តល់បង់អង្គុយ និងឆ័ត្រធំ ដល់ខេត្តកំពង់ឆ្នាំង ស្វាយរៀង កំពត និងខេត្តបន្ទាយមានជ័យ។

ផ្តល់មូលនិធិក្នុងកម្មវិធី "TVET Day 2017" ដែលរៀបចំឡើងដោយក្រសួងការងារ និងវិជ្ជាជីវៈ ដើម្បីផ្តល់ការណែនាំដល់និស្សិតអំពីអាជីពនាថ្ងៃខាងមុខ ដែលអាចជួយពួកគេឲ្យមានគំនិតច្បាស់លាស់ជាងមុនក្នុងការកំណត់ជំនាញ និងចំណង់ចំណូលចិត្ត។ កម្មវិធីនេះក៏បានជួយពួកគេឲ្យមានលទ្ធភាពស្វែងរកឱកាសការងារថ្មីៗ និងជួបជាមួយនិយោជក និងតំណាងក្រុមហ៊ុនជាច្រើននាក់ទៀតដែលបានអញ្ជើញចូលរួមក្នុងឱកាសនោះផងដែរ។

រៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅការិយាល័យកណ្តាលរបស់ អម្រឹត ដែលក្នុងនោះបុគ្គលិក ៣៥នាក់ បានបរិច្ចាគឈាម និងថវិកាជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

បានរៀបចំទិវាលំហាត់ប្រាណបៃតងនៅខេត្តកំពង់ចាម ដើម្បីលើកទឹកចិត្ត និងលើកកម្ពស់សុខភាព និងសុខុមាលភាពសហគមន៍តាមរយៈការបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណជាទៀងទាត់ និងការរក្សាទីកន្លែងសាធារណៈឲ្យមានអនាម័យស្អាត។ បុគ្គលិករបស់ អម្រឹត បានប្រគល់អាវយឺត និងចូលរួមក្នុងការរើសសំរាមដើម្បីសម្អាតទីក្រុង ព្រមទាំងបានផ្តល់ជូននូវធុងបរិស្ថានមួយចំនួនសម្រាប់ដាក់កាកសំណល់ ឬសំរាម ដល់ក្រសួងបរិស្ថានផងដែរ។

បានផ្តល់អាវយឺត ថងបរិស្ថាន ប៊ិក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់វេទិកាអប់រំ ដែលបានប្រារព្ធឡើងដោយភ្នាក់ងារជំនាញដែលមានការយល់ព្រមពីក្រសួងអប់រំយុវជន និងកីឡា។

គោលដៅនៃការគ្រប់គ្រងសមិទ្ធផលបរិស្ថាន

ការរួមបញ្ចូលការការពារបរិស្ថាន និងការអប់រំបរិស្ថានទៅក្នុងប្រតិបត្តិការអាជីវកម្មដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថានដែលអាចបង្ករឡើងដោយប្រតិបត្តិការហិរញ្ញវត្ថុរបស់ អម្រឹត ឬ សកម្មភាពជំនួញរបស់អតិថិជន គឺជាគោលបំណងដ៏សំខាន់ នៃការគ្រប់គ្រងសមិទ្ធផលបរិស្ថានរបស់ អម្រឹត។ ដូចច្នេះ អម្រឹត បានកំណត់ចេញនូវ គោលនយោបាយបរិស្ថាន និងសង្គម ដែលជាគោលការណ៍ណែនាំដល់បុគ្គលិក ដើម្បីឲ្យពួកគេអនុវត្តក្នុងការងារប្រចាំថ្ងៃ។ អតិថិជនដែលចង់ខ្ចីប្រាក់ ៤០.០០០.០០០ រៀល (១០.០០០ ដុល្លារអាមេរិក) រឺលើសពីនេះសម្រាប់គោលបំណងពាណិជ្ជកម្ម ឬអាជីវកម្មត្រូវបានត្រួតពិនិត្យ និងវាយតម្លៃដើម្បីកំណត់ហានិភ័យបរិស្ថាន និងសង្គមបដែលពាក់ព័ន្ធ។ អ្នកដែលមានសកម្មភាពអាជីវកម្មទាំងឡាយណាដែលអាចបង្ករផលប៉ះពាល់ដល់បរិស្ថាន និងសង្គមត្រូវតែចុះកិច្ចសន្យាបរិស្ថាន និងសង្គម ព្រមទាំងមានផែនការកាត់បន្ថយហានិភ័យច្បាស់លាស់។

បញ្ជីបដិសេធ៖ បញ្ជីនេះ ត្រូវបានប្រើប្រាស់ដើម្បីត្រួតពិនិត្យ និងបដិសេធសំណើសុំខ្ចីឥណទានទាំងឡាយណាដែលសកម្មភាពអាជីវកម្មរបស់ពួកគេមានផល់ប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងសង្គម។ បញ្ជីនេះបានកំណត់យ៉ាងច្បាស់អំពីសកម្មភាព ឬអាជីវកម្មដែលមិនអាចផ្តល់ឥណទាន ឲ្យបាន ដោយអនុលោមតាមសន្ធិសញ្ញាអន្ដរជាតិ ច្បាប់ជាតិ និងបទបញ្ញាត្ដិទាំងឡាយណា ដែលជាប់ទាក់ទងទៅនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ឬពលកម្មកុមារ ជំនួញជួញដូរអាវុធ និងគ្រឿងផ្ទុះ ល្បែងស៊ីសង ពេស្យាកម្ម ការជួញដូរផ្លូវភេទ ការជួញដូរសត្វព្រៃ ដែលបានកំណត់នៅក្នុងសន្ធិសញ្ញាស្តីពីការធ្វើពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិកំពុងរងហានិយភ័យ (CITES) ការជួញដូរសម្ភារដែលមានសារធាតុវិទ្យុសកម្មខ្ពស់ ឬប្រើប្រាស់សារធាតុគីមីដែលមានបរិមាណខ្ពស់ ការធ្វើនេសាទខុសច្បាប់ ការធ្វើអាជីវកម្មឈើខុសច្បាប់ ការជួញដូរទាំងឡាយណាដែលពាក់ព័ន្ធទៅនឹងថ្នាំជក់ ឬសកម្មភាព ឬអាជីវកម្មល្មើសច្បាប់ផ្សេងៗទៀត។

ថាមពលដែលបានមកពីធម្មជាតិ៖ ៖ អម្រឹត បន្តលើកទឹកចិត្តអតិថិជននៅតាមជនបទឱ្យទាញយកអត្ថប្រយោជន៍ពីកម្ចីឡជីវឧស្ម័ន និងដំឡើងឡជីវឧស្ម័នក្នុងផ្ទះព្រោះការធ្វើដូច្នេះអាចជួយកាត់បន្ថយថ្លៃដើមថាមពល បង្កើនជីវភាពរស់នៅ និងលើកកម្ពស់គុណភាពខ្យល់ក្នុងផ្ទះ។ ប្រាក់កម្ចីនេះមិនត្រឹមតែជួយគ្រួសារដែលមានចំណូលទាបបង្កើនសុខុមាលភាពសេដ្ឋកិច្ចរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអភិរក្សបរិស្ថានដោយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ការពារធនធានធម្មជាតិ និងកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន។ មន្រ្តីឥណទានរបស់ អម្រឹត លើកកម្ពស់ផលិតផលកម្ចីនេះយ៉ាងសកម្មនៅគ្រប់តំបន់ប្រតិបត្តិការរបស់ អម្រឹត។

ការអប់រំចំណេះដឹងបរិស្ថាន៖ អម្រឹត ផ្តោតការយកចិត្តទុកដាក់លើការអប់រំផ្នែកបរិស្ថានតាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលដែលជំរុញឲ្យនិយយោជិក និងអតិថិជនរបស់ខ្លួនចូលរួមការពារបរិស្ថានក្នុងការងារប្រចាំថ្ងៃរបស់ពួកគេ ក៏ដូចជាប្រើប្រាស់ធនធានកម្រ និងធនធានដែលមិនអាចកែរច្នៃឡើងវិញបាន ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗទៀត (ទឹក អគ្គីសនី ក្រដាស ថងផ្លាស្ទិក និងធ្យូងឈើ) ឲ្យមានប្រសិទ្ធិភាព។

សកម្មភាពបរិស្ថាន៖ ក្នុងឆ្នាំ២០១៧ អម្រឹត បានចូលរួមក្នុងសកម្មភាពអភិរក្សបរិស្ថានដូចជា៖

ផ្តល់ធុងសំរាម បដារ និងសម្ភារក្នុងការលើកកម្ពស់ការអប់រំផ្នែកបរិស្ថាន ដល់ខេត្តសៀមរាប ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពត និងបន្ទាយមានជ័យ។

ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់និស្សិសកលវិទ្យាល័យ និងបុគ្គលិក អម្រឹត ក្នុងខេត្តស្ទឹងត្រែង ក្នុងកម្មវិធីទស្សនៈកិច្ចសិក្សា ក្រោមប្រធានបទ “យល់ដឹងអំពីបញ្ហាបរិស្ថាន”។

គាំទ្រដល់យុទ្ធនាការរៃង្គាស់ប្រាក់សបុរសធម៌សម្រាប់កម្មវិធី “ការកែច្នៃឡើងវិញ” ដើម្បីលើកកម្ពស់ការការពារបរិស្ថាន។

ផ្តល់សម្ភារសិក្សា និងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សិស្សានុសិស្សចំនួន ២០០នាក់ ក្នុងកម្មវិធីដាំកូនឈើនៅស្រុកកំពង់លែង ខេត្តកំពង់ ឆ្នាំង។

English