សារពីអម្រឹត

អតិថិជនជាទីគោរព!

យើងកំពុងរស់នៅក្នុងស្ថានភាពដែលមិនធ្លាប់ជួបប្រទះពីមុន។ វីរុសកូវីដ-១៩ កំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងមកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។ រដ្ឋាភិបាលនៃបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងរាជរដ្ឋាភិបាលប្រទេសកម្ពុជាផងដែរ បាននឹងកំពុងរៀបចំនិងដាក់ចេញនូវវិធានការ និង ចំនាត់ការឆ្លើយតប ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ វីរុសកូវីដ-១៩នេះ។ មកដល់ពេលនេះប្រទេសមួយចំនួនបានប្រកាសភាពអាសន្ន និង មួយចំនួនទៀតបាន បិទនិងផ្អាកច្រកទ្វារចេញចូលប្រទេស ការធ្វើដំណើរ និង វិធានការរឹតត្បិតផ្សេងៗដោយសារវិបត្តិវីរុសកូវីដ-១៩។

ក្នុងសាររបស់ខ្ញុំជូនដល់អតិថិជនទាំងអស់ ខ្ញុំសូមចាប់ផ្តើមដោយការសូមបួងសួងនិងជូនពរដល់អតិថិជនទាំងអស់ និងមនុស្សជាទីស្រលាញ់របស់លោកអ្នក ប្រកបនូវសុខភាពល្អ និង សុវត្ថិភាពជានិច្ច ។ សូម អ្នកនាង កញ្ញា លោក លោកស្រី និងក្រុមគ្រួសារ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនាម័យល្អនិង ថែរក្សាសុខភាពតាមវិធីសាមញ្ញៗ ដូចជា លាងសម្អាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬជែលលាងសម្អាតដៃ មុនពេលនិងក្រោយពេលប៉ះពាល់វត្ថុអ្វីមួយ ត្រូវរក្សាគម្លាតរបស់អ្នកពីបុគ្គលផ្សេងយ៉ាងហោចណាស់ឲ្យបាន ១ ម៉ែត្រ និងពាក់ម៉ាសពេលធ្វើដំណើរចេញក្រៅ និងនៅតាមទីកន្លែងសាធារណៈនានា ។ វិធានការសាមញ្ញៗទាំងនេះអាចថែរក្សានិង ការពារលោកអ្នកពីការឆ្លងវីរុសកូវីដ-១៩។

ខ្ញុំសូមជម្រាបជូនអតិថិជនទាំងអស់ថា ដំណើរការអាជីវកម្មរបស់អម្រឹតនៅបន្តដំណើរការជាធម្មតា ។ យើងបានរៀបចំ ផែនការនិរន្តរភាពអាជីវកម្ម និង វិធានការសំខាន់ៗមួយចំនួនដើម្បីការពារ សុវត្ថិភាព និងសុខមាលភាពរបស់បុគ្គលិក និងអតិថិជន។ អម្រឹតបន្តផ្តល់សេវាកម្មនិង ថែរក្សាទំនាក់ទំនងល្អជាមួយអតិថិជនតាមរយៈបណ្តាញចែកចាយឌីជីថលដែលមានភាពងាយស្រួល និងសុវត្ថិភាពក្នុងការធ្វើប្រតិបត្តិការក្នុងនោះ រួមមាន៖ សេវាធនាគារចល័តតាមទូរសព្ទ័ដៃ(Mobile App) អេធីអឹម(ATM) ភ្នាក់ងារដៃគូជាមួយ វីង ទ្រូម៉ាន់នី ជាដើម ។

សុវត្ថិភាពសាច់ប្រាក់របស់លោកអ្នកជាមួយអម្រឹត នៅតែជាអាទិភាពចម្បងរបស់យើង ។

English