អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ និងស្ថិតក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុធំៗទាំង១០ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននូវការគាំទ្រ និងមានទំនុកចិត្ដពីស្ថាប័នជាតិ អន្ដរជាតិ និងអតិថិជនរបស់ខ្លួនផងដែរ។ ឆ្លើយតបនឹងតម្រូវការសេវាហិរញ្ញវត្ថុលើគ្រប់រូបភាពរបស់ប្រជាពលរដ្ឋបច្ចុប្បន្ន អម្រឹត បានបង្កើតនូវសេវាហិរញ្ញវត្ថុច្រើនប្រភេទ ជាពិសេសការផ្ដល់ឥណទានខ្នាតតូចដល់ប្រជាពលរដ្ឋនៅទីជនបទ និងឥណទានខ្នាតមធ្យមសម្រាប់ សហគ្រិនខ្នាតតូចបំផុត តូច និងមធ្យមផងដែរ។ មិនតែប៉ុណ្ណោះ អម្រឹត បានបង្កើតឲ្យមានសេវាផ្សេងៗ ទៀត ដូចជា៖ ប្រាក់បញ្ញើ និងសេវាផ្ទេរប្រាក់ក្នុងស្រុកដើម្បីឆ្លើយតបនឹងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ទាំងអ្នកនៅទីប្រជុំជន ជនបទនៅបណ្តាខេត្ត និងរាជធានីក្នុងប្រទេសកម្ពុជា ឲ្យកាន់តែមានភាពងាយ ស្រួល។

ប្រវត្តិ អម្រឹត

អម្រឹត មានដើមកំណើតមកពីគំនិតផ្តួចផ្តើមឥណទានជនបទតាំងពីឆ្នាំ១៩៩១ ដោយអង្គការបារាំងមួយ ហៅថា ហ្រ្គេត (GRET- Recherche et d'Echanges Technologiques) ដែលមានតែ ៣ខេត្ត ប៉ុណ្នោះ។ ទស្សនវិស័យរបស់ ហ្រ្គេត (GRET) គឺត្រូវមាននិរន្តរភាពយូរអង្វែង ដើម្បីគាំទ្រដល់សហគ្រិន ដោយផ្តល់ជូននូវឥណទានដែលមានការទទួលខុសត្រូវ និងអាចទទួលយកបានពីគ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុ អម្រឹត។

ការចាប់ផ្តើមដំបូងរបស់ អម្រឹត ជាគម្រោងរបស់ GRET នៅឆ្នាំ១៩៩១


អម្រឹត ត្រូវបានគេស្គាល់ជាដំបូងថាជា ហ្គ្រេត (GRET) ហើយបន្ទាប់មកទៀតគឺ Ennetean Moulethan Tchonnebath (ឥណទានជនបទក្នុងស្រុក) ដែលបានចាប់ផ្តើមជាគម្រោងឥណទានខ្នាតតូច ដែលដំណើរការតាមរយៈសមាគមភូមិចំនួន៥ នៅក្នុងខេត្តចំនួន៣ គឺខេត្តកណ្តាល កំពង់ស្ពឺ និងព្រៃវែង។

ការផ្តល់ឥណទាន និងទំហំទឹកប្រាក់របស់ អម្រឹត (កាលនៅជាអង្គការ GRET) ដែលបានផ្តល់ជូនអតិថិជនសម្រាប់ក្រុមនីមួយៗ នៅឆ្នាំ១៩៩១

ឆ្នាំ១៩៩១ អង្គការនេះបានធ្វើសកម្មភាពក្នុងការផ្តល់ប្រាក់កម្ចីជូនប្រជាពលរដ្ឋដោយមានការសហការជាមួយក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ គឺក្រោយពីពេល ហ្គ្រេត (GRET) បានប្រារព្ធធ្វើសិក្ខាសាលាមួយនៅខែឧសភា ឆ្នាំ១៩៩១ ដោយ ពេលនោះមានសិក្ខាកាមចូលរួម ចំនួនប្រមាណតែ ៥០នាក់ តែប៉ុណ្ណោះ។ សិក្ខាសាលានៅពេលនោះគឺបានសម្រេច និងធ្វើការប្តេជ្ញាដោយផ្តោតសំខាន់ និងកំណត់គោលដៅតែមួយគត់ គឺការផ្តល់ឥណទានជូនប្រជាពលរដ្ឋ ដែលការផ្តល់ឥណទាន នោះគឺត្រូវតែមានចីរភាព និងនិរន្តរភាពយូរអង្វែង។ ការផ្តល់ឥណទានរបស់ ហ្គ្រេត (GRET) គឺត្រូវតែមានភាពងាយស្រួល និងជួយបង្កើនស្ថានភាពរស់នៅរបស់អ្នកខ្ចីឲ្យបានប្រសើរឡើង។ នីតិវិធីក្នុងការផ្តល់ឥណទានរបស់ ហ្គ្រេត (GRET) ត្រូវបានអនុវត្តតាមការផ្តល់ឥណទានតាមធនាគារ Grameen Bank គឺបង្កើតក្រុមសាមគ្គីដោយធានាគ្នាដើម្បីខ្ចី ប្រាក់។

ការកកើតនៃឈ្មោះ អម្រឹត

អម្រឹត ពីដំបូងឡើយគឺត្រូវបានគេស្គាល់ និងចាំថាជា ឥណទានមូលដ្ឋានជនបទ (Ennetean Moulethan Tchonnebath) ដែលឈ្មោះនេះហៅជាអក្សរកាត់ថា អឺ អឹម តេ (EMT) តែដោយសារឈ្មោះនេះគឺមានលក្ខណៈវែង និងមួយវិញទៀត យើងបានហៅឈ្មោះនេះតែជាអក្សរកាត់គឺ អឺ អឹម តេ (EMT) តែប៉ុណ្ណោះ គឺមិនបានហៅឈ្មោះពេញថា ឥណទានមូលដ្ឋានជនបទ (Ennetean MoulethanTchonnebath) នោះទេ។
ការហៅឈ្មោះ អឺ អឹម តេ នោះទៀតសោត គឺភាគច្រើនហៅឈ្មោះមិនបានត្រឹមត្រូវទៀត ព្រោះមនុស្សភាគច្រើននៅកម្ពុជានាសម័យបច្ចុប្បន្នគឺចូលចិត្តប្រើភាសាអង់គេ្លសច្រើន ដូច្នេះអ្នកទាំងនោះគឺតែងតែហៅឈ្មោះ អឺ អឹម តេ ថា អ៊ី អឹម ធី ទៅវិញ ហើយអ្វីដែលចម្លែកជាងនេះទៅទៀតនោះ គឺអតិថិជនភាគច្រើនរបស់ស្ថាប័នដែលរស់នៅឯជនបទតែងតែហៅឈ្មោះស្ថាប័នមិនបានត្រឹមត្រូវ និងពេញលេញនោះទេ គឺបានហៅឈ្មោះដោយបាត់អក្សរ និងពាក្យមួយចំនួន ដូចជា អ្នកខ្លះហៅថា អឹម តេ អ្នកខ្លះហៅថា អឺ តេ អ្នកខ្លះហៅថា តេ តេ អាស្រ័យហេតុនេះហើយទើបគណៈគ្រប់គ្រងរបស់ស្ថាប័នបានសម្រេចធ្វើការផ្លាស់ប្តូរឈ្មោះដោយធ្វើការសិក្សា ពិនិត្យពិច័យយ៉ាងល្អិតល្អន់ និងត្រឹមត្រូវ ដោយមានបណ្ឌិតផ្នែកអក្សរសាស្រ្តខែ្មរផ្តល់ជាយោបល់ និងពន្យល់ពីអត្ថន័យនៃពាក្យ អម្រឹត ដោយមានការសិក្សាពីអត្ថន័យ សូរសព្ទ និងសូរសៀង នៃឈ្មោះ អម្រឹត ជាមួយអតិថិនរបស់ខ្លួន និងពិសេសជាមួយជនជាតិមួយចំនួន ដែលរស់នៅលើទឹកដីខែ្មរ មានដូចជា ជនជាតិចាម ជនជាតិវៀតណាម និងជនជាតិផ្សេងៗទៀត ហើយឈ្មោះនេះគឺបងប្អូនជនជាតិទាំងនោះបានប្រាប់ថាមានអត្ថន័យល្អមិនមានន័យអាក្រក់ចំពោះភាសារបស់គេឡើយ និងមួយវិញទៀតគឺ មិនមានពាក្យគន្លាស់កាត់ជាពាក្យអាក្រក់ឡើយ។

កាវិវឌ្ឍ

២០១៧

អម្រឹត ទទួលបានវិញ្ញាបនបត្រមាស លើអនុលោមភាពសារពើពន្ធ ពីអគ្គនាយកដ្ឋានពន្ធដារ ដែលមានសុពលភាពសម្រាប់ឆ្នាំ២០១៧-១៨ និងបានឲ្យដំណើរការម៉ាស៊ីនអេធីអឹម នៅតាមសាខា ចំនួន ២០ និងបានចូលរួមជាមួយ National Shared Switch scheme។ ជាមួយនឹងការដាក់ឲ្យដំណើរការឥណទានអាជីវកម្មរយៈពេលខ្លី អម្រឹត អាចផ្តល់នូវដំណោះស្រាយពេញលេញសម្រាប់សហគ្រាសធុនតូច និងមធ្យម។ ដោយបានទទួលជំនួយបច្ចេកទេសពី អម្រឹត Advans Myanmar បានបើកសាខាដំបូងរបស់ខ្លួន នៅខែមេសា ឆ្នាំ២០១៦។

២០១៦

អម្រឹត ទទួលបានជំនួយពី UNCDF សម្រាប់អភិវឌ្ឍន៍គម្រោងសេវាកម្មហិរញ្ញវត្ថុ (សេវាគ្រួសាររីករាយ) កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦។

២០១៥

អម្រឹត បានដាក់ឲ្យប្រើប្រាស់នូវសេវាហិរញ្ញវត្ថុចល័ត កាលពីខែសីហា បន្ទាប់ពីក្លាយជាបុត្រ សម្ព័ន្ធពេញលេញរបស់ Advans នៅក្នុងខែមីនា ។ Advans SA FMO និង IFC បានទិញយកភាគហ៊ុនរបស់ GRET និង PROPARCO ។ អម្រឹត បានចូលរួមក្នុងពិធីខួបទី១០ឆ្នាំ របស់ Advans ទាំងក្នុងនិងក្រៅ ។

២០១៤

អម្រឹត បានដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធស្នូលរបស់ធនាគារគឺ T២៤ និង ឥណទានកសិកម្ម។

២០១៣

គ្អម្រឹត បានដាក់ឲ្យប្រើប្រាស់នូវឥណទានសហគ្រាសខ្នាតតូច និងមធ្យម ព្រមទាំងបានធ្វើតេស្តសាកល្បងផលិតផលកសិកម្ម (AGRIFIN) ដែលជាផលិតផលនៅតាមជនបទ បង្កើតឡើងដើម្បីផ្តល់ជូនសហគ្រិនកសិកម្មខ្នាតតូច និងមធ្យម ជាមួយនឹងតម្រូវការដើមទុន ដើម្បីពង្រីកសកម្មភាពរបស់ខ្លួន។

២០១២

Advans SA បានបង្កើនភាគហ៊ុនដល់ ៤៤.៤២% នៃដើមទុនសរុប ដោយទិញយកភាគហ៊ុនរបស់ Oikocredit។ អម្រឹត បានពង្រឹងវិធីសាស្រ្ត និងមូលដ្ឋានក្នុងការគ្រប់គ្រងសាច់ប្រាក់នៃឥណទានបុគ្គល និងធ្វើតេស្តសាកល្បងផលិតផលឥណទានសហគ្រាសខ្នាតតូច និងមធ្យម។

២០០៩

នៅខែមករា អម្រឹត បានទទួលអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណជន។ នៅដំណាច់ឆ្នាំដដែល សាខាទាំងអស់របស់ អម្រឹត ត្រូវបានរៀបចំរួចជាស្រេច ដើម្បីទទួលប្រាក់បញ្ញើពីសាធារណជន។

២០០៨

យោងតាមច្បាប់ស្តីពីធនាគារនៅកម្ពុជា Advans បានក្លាយជាភាគទុនិកនាំមុខ និងជាភាគទុនិកមានឥទ្ធិពល ដោយមានភាគហ៊ុនចំនួន ៣១,៣២%។ SIDI និង I&P បានចាកចេញ ហើយ FMO Oikocredit និង PROPARCO ចូលមកវិនិយោគ។

២០០៧

Botta (ក្រុមហ៊ុនវិនិយោគរបស់បុគ្គលិកអម្រឹត) បានក្លាយជាភាគទុនិក។

២០០៦

Advans SA SICAR បានក្លាយជាភាគទុនិក។ Advans SA គឺជាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគមួយ បង្កើតនៅឆ្នាំ២០០៥ ដោយ Horus Development Finance ដែលមានការចូលរួមពីស្ថាប័នហិរញ្ញវត្ថុធំៗ ដូចជា EIB KfW IFC AFD FMO និង CDC។

២០០៤

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អឺអឹមតេ ត្រូវបានប្តូរឈ្មោះជា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ”  នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៤។ ភាគទុនិក LFP បានទិញយកភាគហ៊ុនរបស់ PROPARCO។

២០០៣

I&P បានចូលជាម្ចាស់ភាគហ៊ុនថ្មីរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អឺអឹមតេ។

២០០២

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អឺអឹមតេ ទទួលយកជាផ្លូវការនូវភាគទុនិកថ្មីចំនួនពីរបន្ថែមទៀតគឺ La Fayette Participations (LFP) ដែលជាបុត្រសម្ព័ន្ធរបស់ Horus-Development Finance និង PROPARCO (ជាមួយនឹងការរួមបញ្ចូលដើមទុន ២០% នៃភាគហ៊ុនសរុប)។

២០០១

អឺអឹមតេ បានទទួលអាជ្ញាប័ណ្ណជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា ។

២០០០

ជាមួយនឹងជំនួយផ្នែកប្រឹក្សាយោបល់ពី Horus-Development Finance គម្រោងនេះបានប្រែក្លាយជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត (អឺអឹមតេ) ដែលមានដើមទុនចុះបញ្ជីចំនួន ៣៣០ លានរៀល និងមានភាគទុនិកចំនួនពីរគឺ GRET និង SIDI ។

១៩៩១

GRET ដែលជាអង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសបារាំង បានបង្កើតគម្រោងសាកល្បងដើម្បីផ្តល់ឥណទានខ្នាតតូចបំផុតដល់ប្រជាជនកម្ពុជានៅតាមជនបទ។ គម្រោងសាកល្បងលើកដំបូងនេះ បានចាប់ផ្តើមដំណើរការ ជាមួយនឹងសេវាហិរញ្ញវត្ថុតែមួយគត់ ដែលត្រូវបានគេស្គាល់ថាជា ឥណទានក្រុមធានា ។
English