ធនាគារពាណិជ្ជកម្ម ក្រៅប្រទេស នៃកម្ពុជា ទទួលបានលិខិត អនុញ្ញាត សហការជាមួយ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ អម្រឹត ក្នុងការផ្តល់ សេវាផ្ទេរប្រាក់ចូល ពីក្រៅប្រទេស

រាជធានីភ្នំពេញនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា បានទទួលលិខិតអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា (លេខ ធ៧.០១៨.២៩៣ ឆត) ដើម្បីធ្វើជាដៃគូជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ក្នុងការផ្តល់សេវាផ្ទេរប្រាក់ក្រៅប្រទេស ទៅដល់អតិថិជនទាំងអស់របស់ អម្រឹត។ សេវានេះនឹងផ្តល់លទ្ធភាពដល់អតិថិជនទាំងអស់ ក្នុងការផ្ញើ និងទទួលប្រាក់នៅទូទាំងពិភពលោក ពីគ្រួសារ សាច់ញាតិ ឬដៃគូរបស់ពួកគាត់។

ភាពជាដៃគូក្នុងការផ្តល់សេវាផ្ទេរប្រាក់ក្រៅប្រទេសនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ទាំងឡាយ ដែលទទួលប្រាក់ជាប្រចាំពីមិត្តភ័ក្រ/សាច់ញាតិរបស់ពួកគាត់ ដូចជាភាពងាយស្រួល ឆាប់រហ័ស ភាពបត់បែន តម្លៃសមរម្យ និងសុវត្ថិភាពខ្ពស់។ វាក៏អាចជួយសម្រួលអ្នកទទួល និងអ្នកផ្ញើ ដើម្បីទទួលបានសេវានេះតាមរយៈសាខារបស់ អម្រឹត ដែលមាននៅទូទាំងប្រទេសជាមួយនឹងបុគ្គលិកប្រកបទៅដោយវិជ្ជាជីវៈខ្ពស់។

ឯកឧត្តម ហ្គី អានវ៉ានិថ ដែលជាអគ្គនាយក និងជាសមាជិកក្រុមប្រឹក្សាភិបាល របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា បានមានប្រសាសន៍ថា "យើងមានសេចក្តីរំភើបរីករាយដែលបានសហការជាមួយ អម្រឹត ដែលអម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើធំមួយ ក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុធំៗ ដែលគិតអំពីចំនួនទ្រព្យសកម្ម បណ្តាញសាខា និងចំនួនអតិថិជន។ តាមរយៈបណ្តាញសាខាចែកចាយដ៏ទូលំទូលាយរបស់ អម្រឹត អតិថិជននឹងមានភាពរីករាយក្នុងការទទួលបានការផ្ទេរប្រាក់ប្រកបដោយប្រសិទ្ធភាព។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត

អម្រឹត ផ្តល់ជូនសេវាហិរញ្ញវត្ថុច្រើនប្រភេទដូចជា ឥណទានក្រុមធានា ឥណទានបុគ្គល ឥណទានខ្នាតតូច និងមធ្យម គណនីសន្សំ គណនីសន្សំមានកាលកំណត់ សេវាសន្សំចល័ត សេវាផ្ទេរប្រាក់រវាងសាខា សេវាទូទាត់វិក្កយបត្រ ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ សេវាទូទាត់រហ័ស និងCSS។ បច្ចុប្បន្ននេះ អម្រឹត មានបុគ្គលិកប្រមាណជិត ៤.០០០នាក់ ដែលបានបម្រើអតិថិជនសរុបប្រមាណជាង ៤០០.០០០នាក់ តាមរយៈការិយាល័យប្រតិបត្តិចំនួន១៥៦សាខា ទូទាំងប្រទេសកម្ពុជា ដែលមានប្រាក់បញ្ញើសរុបប្រមាណជាង៣៦៨លានដុល្លារសហរដ្ឋអាមេរិក សំពៀតឥណទានសរុបប្រមាណ៧៤៥លានដុល្លារសហរដ្ឋអាមេរិក និងទ្រព្យសកម្មប្រមាណជាង ៨៦៥លានដុល្លារសហរដ្ឋអាមេរិក ។

លោក ជា ផល្លារិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ក៏បានមានប្រសាសន៍ផងដែរថា "យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិនៃកម្ពុជា សម្រាប់ការអនុញ្ញាតនេះ។ ឥឡូវនេះយើងអាចបង្កើនសេវាកម្មហិរញ្ញវត្ថុបន្ថែមទៀតដល់សាធារណជន។ វាកាន់តែមានតម្លៃសម្រាប់ទីផ្សារផ្ទេរប្រាក់ក្រៅប្រទេសមួយនេះ ដោយយើងអាចពង្រីកលទ្ធភាពផ្ញើប្រាក់ក្រៅប្រទេសដល់អតិថិជនរបស់យើងនៅទូទាំងប្រទេស។ កូនរបស់អតិថិជនដែលធ្វើការក្រៅប្រទេស ជាពិសេសនៅប្រទេសកូរ៉េ ឥឡូវនេះពួកគាត់អាចផ្ញើប្រាក់ទៅផ្ទះ/ឪពុកម្តាយរបស់ពួកគាត់ដែលរស់នៅតាមទីជនបទបាន តាមរយៈសេវាដែលមានភាពរហ័ស និងមានតម្លៃសមរម្យ។ យើងជឿជាក់ថា សេវាហិរញ្ញវត្ថុនេះ នឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង ប្រកបទៅដោយនិរន្តរភាព។ "

អំពីធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា គឺជាធនាគារដំបូងបំផុត និងនាំមុខគេនៅកម្ពុជា។ FTB គឺជាធនាគារឯកជន ដែលបាននឹងកំពុងបន្តផ្តល់សេវាធនាគារដ៏មានសុវត្ថិភាព និងភាពជឿជាក់ ដែលមានអាយុកាលជិត៤០ឆ្នាំមកហើយ ។ ធនាគារត្រូវបានបង្កើតឡើងនៅ ថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ ដោយអនុក្រិត្យលេខ១២១៣ ក្នុងអតីតរបបរដ្ឋកម្ពុជា។ ក្នុងឆ្នាំ២០០០ ធនាគារត្រូវបានបំបែកចេញពីការគ្រប់គ្រង់ផ្ទាល់របស់ធនាគារជាតិនៃកម្ពុជា (ធនាគារកណ្តាល) ទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (MEF) ។ ក្នុងឆ្នាំ២០១៥ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ត្រូវបានកំលាយជាឯកជនភាវូបនីយកម្ម ដោយភាគហ៊ុនចំនួន ៩០% ត្រូវបានគ្រប់គ្រងដោយសហគ្រាសឯកជន និង១០%ទៀតជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រព័ន្ធទំនាក់ទំនង
ធនាគារពាណិជ្ជក្រៅប្រទេស នៃកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ អម្រឹត
Ms. MAM Zana Ms. Heng Malay
Senior Product Development Officer Deputy Head of Marketing
016 306 663 017 37 78 38
[email protected] [email protected]
English