អម្រឹត កំពុងផ្ដល់ការពន្យារការសងដល់អតិថិជនឥណទានជាង១២ម៉ឺននាក់ ដែលជួបការលំបាកខ្លាំង ដោយសារ ជំងឺកូវីដ១៩

ជាមួយស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បាននិងកំពុង ជួយសម្រួលបន្ទុកដល់អតិថិជនឥណទាន ដែលជួបការលំបាកខ្លាំងដោយសារ ជំងឺកូវីដ១៩ នោះគឺការផ្តល់ការពន្យារការសងឥណទាន។

ក្នុងចំណោមការពន្យារការសងដែលអម្រឹត កំពុងផ្ដល់ជូនរួមមាន៖ ការពន្យារពេលសងប្រាក់ដើម និងការពន្យារការសងទាំងប្រាក់ដើមនិងការប្រាក់ ដែលអាចមានរយៈពេលពី បីខែទៅប្រាំមួយខែ អាស្រ័យទៅតាមស្ថានភាពលំបាកពិតប្រាកដរបស់អតិថិជនម្នាក់ៗ។

លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានថ្លែងថា ក្នុងនាមជាគ្រឹះស្ថានមួយ ដែលមានការទទួលខុសត្រូវខ្ពស់ចំពោះសង្គមនៅកម្ពុជា និងស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ វិធានការពន្យារការសងឥណទាននេះ នឹងចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់អតិថិជន។

លោក ដុស ឌីន បានបន្តទៀតថា ការពន្យារការសងកំពុងផ្តល់ជូន គឺបែងចែកអតិថិជនជាពីរប្រភេទធំៗ គឺ ទីមួយ អតិថិជនឥណទានក្រុមធានា ភាគច្រើនបំផុតរស់នៅទីជនបទដែលខ្ចីប្រាក់ក្នុងទំហំតូច ដែលជួបការលំបាកក្នុងការសងនិង ប្រសិនអតិថិជនកម្ចីតូចៗប្រភេទនេះស្នើសុំពន្យារការសង អម្រឹតនឹងផ្តល់ពន្យារការសងទាំងការប្រាក់ និងប្រាក់ដើមជាស្វ័យប្រវត្តិតែម្តង សម្រាប់រយៈពេលបីខែ។

បច្ជុប្បន្ន អម្រឹតមានអតិថិជនឥណទានក្រុមធានា ជាងដប់ពីរម៉ឺននាក់ (១២០.០០០ នាក់)។ ដោយឡែក សម្រាប់អតិថិជនកម្ចីជាបុគ្គលដែលខ្ចីប្រាក់ក្នុងទំហំធំ ដែលជួបការលំបាកខ្លាំង ជាពិសេសអតិថិជន ដែលមុខរបររបស់ពួកគាត់ស្ថិតក្នុងវិស័យអាទិភាពទាំងបួន ដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា គឺ វិស័យទេសចរណ៍ កាត់ដេរ សំណង់ និងដឹកជញ្ជូន និងផ្នែកខ្លះនៃវិស័យកសិកម្ម អម្រឹតអាចនឹងផ្តល់ការពន្យារការសងប្រាក់ដើម ឬទាំងប្រាក់ដើម និងការប្រាក់ ចាប់ពី បីខែដល់ប្រាំមួយខែ អាស្រ័យទៅតាមស្ថានភាពលំបាកពិតប្រាកដរបស់អតិថិជនម្នាក់ៗ។

លោក ដុស ឌីន បានបញ្ជាក់ទៀតថា តាមរយៈការទំនាក់ទំនងទៅដោយផ្ទាល់ជាមួយអតិថិជនរយៈពេលកន្លងមកនេះ អតិថិជនកម្ចីដែលមានផលប៉ះពាល់មិនសូវខ្លាំង នៅតែមានឆន្ទៈបំពេញកាត្វកិច្ច គឺបន្តការសងជាធម្មតា។ អម្រឹត សូមអរគុណ និងកោតសរសើរ ដល់អតិថិជនដែលរងផលប៉ះពាល់មិនសូវខ្លាំង ដែលនៅបន្តសងត្រឡប់វិញ ដើម្បីទុកឱកាសឲ្យអម្រឹតយកលទ្ធភាពដែលខ្លួនមានទៅជួយដល់អតិថិជនដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ។

អម្រឹត ផ្តល់តម្លៃខ្លាំងទៅលើទំនាក់ទំនងល្អជាមួយអតិថិជន និងយល់ពីសុខទុក្ខរបស់អតិថិជន។ ជាពិសេស ក្នុងស្ថានភាពដ៏លំបាកនេះ មន្រី្តឥណទានរបស់អម្រឹត នឹងទាក់ទងទៅអតិថិជនកម្ចីម្នាក់ៗ ដើម្បីស្វែងយល់ពីការលំបាក និង សិក្សាលទ្ធភាពផ្សេងៗដែលអម្រឹតអាចជួយគាំទ្របាន។

ជាចុងក្រោយ លោក ដុស ឌីន បានឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណដល់អតិថិជនទាំងអស់សម្រាប់ការបន្តគាំទ្រ និងផ្តល់ទំនុកចិត្តដល់អម្រឹត។ យើងនឹងឆ្លងកាត់ការលំបាកនេះជាមួយគ្នា ហើយយើងនឹងឈ្នះលើការលំបាកបំផុតនេះ នៅថ្ងៃណាមួយនាពេលខាងមុខនេះ ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាំមុខគេមួយដែលបម្រើសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជិត៣០ឆ្នាំ។ បច្ចុប្បន្ន អម្រឹតកំពុងបម្រើសេវាដល់អតិថិជនសរុប ជាងកន្លះលាននាក់ មានសាខាចំនួន ១៥៨ នៅទូទាំង២៥ខេត្តក្រុង និងមានបុគ្គលិកបម្រើការងារប្រមាណជាង ៤,៥០០នាក់។

អម្រឹត កំពុងផ្តល់កម្ចីដល់អតិថិជន ដែលមានទឹកប្រាក់ជាងមួយពាន់លានដុល្លារអាមេរិក និងទទួលប្រាក់សន្សំពីអតិថិជន ជាងប្រាំរយលានដុល្លារអាមេរិក។ អម្រឹត គឺជាបុត្រសម្ព័ន្ធ របស់ Advans Group ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យមីក្រូហិរញ្ញវត្ថុ មានប្រតិបត្តិការនៅ១០ប្រទេសក្នុងពិភពលោក។ បន្ថែមលើនេះ អម្រឹតមានភាគទុនិក (ម្ចាស់ភាគហ៊ុន) សំខាន់ចំនួនពីរទៀត គឺសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (ហៅកាត់ថា IFC) ដែលជាបុត្រសម្ព័ន្ធផ្នែកវិនិយោគរបស់ធនាគារពិភពលោក និង ធនាគារវិនិយោគនៃប្រទេសហូឡង់ (ហៅកាត់ថា FMO) ដែលភាគទុនិកទាំងពីរនេះ មានទ្រព្យសកម្មរាប់ពាន់លានដុល្លារអាមេរិក៕

English
close-link