អម្រឹត និង MAFF លើកកម្ពស់កសិករតាមរយៈបច្ចេកវិទ្យាឌីជីថល

កាលពីថ្ងៃចន្ទ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតភីអិលស៊ី និងក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ជំរុញការផ្សព្វផ្សាយកម្មវិធីទីផ្សារអនឡាញ ទីផ្សារកសិកម្ម ក្នុងគោលបំណងជួយលើកកម្ពស់ជីវភាពរបស់កសិករនៅតាមជនបទ។/p>

ស្ថាប័នទាំង ២ បានបង្ហាញកម្មវិធីទូរស័ព្ទ CamAgriMarket ដើម្បីឲ្យកសិករ អ្នកលក់ និងភាគីពាក់ព័ន្ធ ប្រើប្រាស់កម្មវិធីនេះទាំងអស់គ្នា ដើម្បីលើកកម្ពស់ទីផ្សារកសិផលឲ្យមានប្រសិទ្ធភាព និងជួយអ្នកផលិតអាចបង្កើនប្រាក់ចំណូលបានកាន់តែច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាងនេះទៅទៀត កសិករអាចបង្កើនផលិតកម្ម ដើម្បីធានាឲ្យបានការផ្គត់ផ្គង់ក្នុងស្រុកជាពិសេសក្នុងអំឡុងពេលកូវីដ ១៩ ដែលស្របទៅនឹងយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែរ។

Q. សូមលោកពន្យល់បន្ថែមអំពីកម្មវិធីទូរស័ព្ទដៃសម្រាប់ទីផ្សារកសិកម្មកម្ពុជានេះបានទេ?

លោកយ៉ាឌី៖ កម្មវិធីទូរស័ព្ទដៃសម្រាប់ទីផ្សារកសិកម្មនៅកម្ពុជា ឬហៅថា CamAgriMarket គឺជាកម្មវិធីច្នៃប្រឌិតថ្មីមួយ ដើម្បីលើកកម្ពស់ការធ្វើអាជីវកម្មផលិតផលកសិកម្មក្នុងស្រុករវាងកសិករ និងអ្នកលក់បន្តក៏ដូចជាអ្នកប្រើប្រាស់ផ្ទាល់។ វាគឺជាកម្មវិធីទូរស័ព្ទដៃដែលផ្តល់ជូនដោយឥតគិតថ្លៃ ហើយសាធារណជនអាចទាញយកបានយ៉ាងងាយស្រួលសម្រាប់ប្រើប្រាស់ ដែលអាចប្រើបាននៅលើទូរស័ព្ទដែលប្រើប្រាស់ប្រព័ន្ធ IOS និង Android។

Q. ហេតុអ្វីបានជាបង្កើតកម្មវិធី CamAgriMarket នេះឡើង?

លោក យ៉ាឌី៖ ដោយសារតែការប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូន និងអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានកំណើនយ៉ាងខ្លាំង ទើបក្រសួងបានបង្កើតកម្មវិធីទូរស័ព្ទ CamAgriMarket នេះឡើង ដែលកសិករ ពាណិជ្ជករ និងភាគីពាក់ព័ន្ធ នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ផលិតផលកសិកម្មទាំងអស់ ងាយស្រួលទទួលបានព័ត៌មានពីទីផ្សារកសិកម្មទាន់ពេលវេលា ត្រឹមត្រូវ និងឆ្លើយតបទៅនឹងការផ្គត់ផ្គង់រហ័ស។ ព័ត៌មាន និងការតភ្ជាប់បណ្តាញនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្វែងរកប្រភពអ្នកទិញ និងអ្នកលក់ផលិតផលកសិកម្មច្រើនប្រភេទដូចជាបសុសត្វ ជលផល ផ្លែ ឈើ ធញ្ញជាតិ បន្លែ សាច់ ថ្នាំសម្លាប់សត្វល្អិត និងផលិតផលមិនមែនកសិកម្មជាច្រើនទៀតប្រមាណជា ២៥០ ប្រភេទ ដែលមានតម្លៃលក់សមរម្យ និងបង្កើតបណ្តាញទំនាក់ទំនងទីផ្សារកសិកម្មតាមរយៈទូរស័ព្ទដៃស្មាតហ្វូនរបស់ពួកគេ។

Q. តើ MAFF ប្រមូលព័ត៌មានថ្មីៗស្តីពីការកំណត់តម្លៃផលិតផលកសិកម្មដូចម្តេច?

លោក យ៉ាឌី៖ ការិយាល័យទីផ្សារកសិកម្មមានមន្ត្រីនៅស្នាក់ការកណ្តាលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងរាជធានីភ្នំពេញ និងមានមន្ត្រីទីផ្សារកសិកម្ម ២៥ ខេត្តក្រុង ដើម្បីប្រមូលព័ត៌មានពីតម្លៃលក់ដុំផលិតផលកសិកម្ម ៣ ដង ក្នុង ១ សប្តាហ៍ និងព័ត៌មានតម្លៃលក់រាយផលិតផលកសិកម្ម ១ ដង ក្នុង ១ សប្តាហ៍នៅតាមផ្សារសំខាន់ៗចំនួន ៣០ និងទីកន្លែងផ្សេងៗជាច្រើនទៀតនៅទូទាំងប្រទេស។ បន្ទាប់មកទិន្នន័យទាំងនេះត្រូវរៀបចំ វាយតម្លៃ និងបញ្ចូលទៅក្នុងគេហទំព័រ www.amis.org.kh និងកម្មវិធី ទូរស័ព្ទដៃ CamAgriMarket App។

Q. តើភាពជាដៃគូយុទ្ធសាស្ត្រនេះបានចាប់ផ្តើមយ៉ាងដូចម្តេចរវាងអម្រឹត និង MAFF?

លោក Alan Wee៖ អម្រឹត គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលបានប្រតិបត្តិការនៅក្នុងប្រទេសនេះអស់រយៈពេល ៣០ ឆ្នាំមកហើយ ដោយផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាដែលមិនទាន់មានគណនីធនាគារ និងអ្នកដែលមិនទាន់ទទួលបានសេវាកម្មធនាគារ ក្រៅពីសហគ្រាសធុនតូច និងមធ្យម។ អម្រឹតមានទិសដៅកាតព្វកិច្ចសង្គម និងការប្តេជ្ញាចិត្តដូច ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែរ ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកកសិកម្មដល់កសិករខ្នាតតូច និងសហគ្រាសធុនតូច និងមធ្យម ជាពិសេសជំរុញការផ្សព្វផ្សាយកម្មវិធីទីផ្សារអនឡាញផលិតផលកសិកម្មនេះ។

អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ អម្រឹតបានបើកកម្មវិធីបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុជាច្រើនដល់កសិករខ្នាតតូចនៅតំបន់ជនបទ ក្រៅពីធ្វើការជាមួយ MAFF ស្តីពីការបណ្តុះបណ្តាលសមត្ថភាពកសិកម្មដែលជួយបង្កើនផលិតភាពកសិកម្ម។ ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ អម្រឹត និង MAFF បានបណ្តុះបណ្តាលដល់កសិករខ្នាតតូចប្រមាណ ៤ ០០០ នាក់ ដោយជោគជ័យ ហើយបានជួយធ្វើឲ្យជីវភាពរស់នៅរបស់ពួកគេកាន់តែប្រសើរឡើង។

Q. តើអ្វីជាផែនការរបស់អម្រឹតក្នុងការជំរុញ និងលើកកម្ពស់ការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃនេះនៅក្នុងសហគមន៍កសិកម្ម?

លោក Alan Wee៖ ទាំងអម្រឹត និង MAFF មានចក្ខុវិស័យដូចគ្នាចំពោះកាតព្វកិច្ចសង្គមដែលជួយពង្រឹងនិងលើកកម្ពស់សហគមន៍របស់យើង ទាំងសេវាកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដែលអាចជួយលើកកម្ពស់ជីវភាពរបស់ក្រុមគ្រួសារ បង្កើនប្រាក់ចំណូលរបស់ពួកគេជាមួយនឹងផលិតភាពកសិកម្មកាន់តែប្រសើរឡើង។ CamAgriMarket គឺជាច្រកចូលដ៏សំខាន់ដែលបម្រើដល់វិស័យកសិកម្ម ហើយយើងជឿជាក់ថា វាមានសក្តានុពល និងអត្ថប្រយោជន៍យ៉ាងធំធេងដល់សហគមន៍កសិកម្មនៅទូទាំងប្រទេស។ អតិថិជនរបស់អម្រឹតភាគច្រើនជាកសិករ សហគ្រាសធុនតូចនិងមធ្យម និងបុគ្គលដែលមានចំណូលទាបនៅក្នុងអាជីវកម្មកសិកម្មខ្នាតតូច និងមធ្យម។

កសិករខ្នាតតូចទាំងនេះត្រូវការលទ្ធភាពទទួលបានព័ត៌មានអំពីតម្លៃទំនិញ និងអ្នកទិញផលិតផលរបស់ពួកគេ។ អម្រឹតមានបំណងពង្រីកកម្មវិធីនេះឲ្យដល់អតិថិជនទាំងអស់ដែលពាក់ព័ន្ធក្នុងអាជីវកម្មកសិកម្ម សម្រាប់ទាំងអតិថិជនថ្មី និងអតិថិជនរបស់យើងដែល មានស្រាប់ចំនួន ៥០០ ០០០ នាក់។ អម្រឹតក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ MAFF ដើម្បីកំណត់ និងផ្តល់ប្រាក់កម្ចីដល់អ្នកដែលប្រើប្រាស់កម្មវិធីនេះ។

យើងក៏សហការយ៉ាងជិតស្និទ្ធជាមួយ MAFF ដើម្បីជួយកែលម្អកម្មវិធីដោយបន្ថែមលក្ខណពិសេសមួយចំនួន ដូចជាច្រកទូទាត់ និងមធ្យោបាយដឹកជញ្ជូន ដើម្បីធ្វើឱ្យកម្មវិធីនេះកាន់តែមានវិសាលភាពទូលំទូលាយ និងមានភាពទាក់ទាញនៅតាមសហគមន៍កសិកម្ម រាប់ចាប់ពីកសិកររហូតដល់ពាណិជ្ជករ និងអ្នកលក់រាយនៅទូទាំងប្រទេស៕

English