អម្រឹត មានកិត្តិយសប្រកាសការបន្តវិញ្ញាបនបត្រស្តីពីគោលការណ៍ការពារអតិថិជនពី Smart Campaign

ពីរឆ្នាំបន្ទាប់ពីទទួលបានវិញ្ញាបនបត្រស្តីពីការការពារអតិថិជនពី Smart Campaign នៅឆ្នាំ ២០១៦ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ អម្រឹត នៅតែបន្តយកចិត្តទុកដាក់ផ្តល់សេវាកម្មដល់អតិថិជនរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់ និងបានការពារអតិថិជនពីហានិភ័យ និងគ្រោះថ្នាក់នានាលើផ្នែកឥណទាន ស្របតាមគោលការណ៍អន្តរជាតិស្តីពីការការពារអតិថិជនដែលហៅកាត់ជាភាសាអង់គ្លេសថា CPP (Client Protection Principles) ។ សេចក្តីប្រកាសអំពីការបន្តវិញ្ញាបនបត្រស្តីពីគោលការណ៍ការពារអតិថិជនជូនដល់ អម្រឹត ត្រូវបានធ្វើឡើងនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៩ បន្ទាប់ពីការត្រួតពិនិត្យឡើងវិញ លើការអនុវត្តន៍របស់ អម្រឹត ទាក់ទងនឹងការការពារអតិថិជនពីសំណាក់ក្រុមហ៊ុន M-CRIL ដែលជាសវនករមួយនៃ Smart Campaign ។

https://www.smartcampaign.org/certification/certified-organizations#Amret



លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតមានប្រសាសន៍ថា “ថ្ងៃនេះ អម្រឹត មានកិត្តិយសនិងសេចក្តីសោមនស្សរីករាយដែល Smart Campaign បានបញ្ជាក់សាជាថ្មីថា អម្រឹត នៅតែបន្តយកចិត្តទុកដាក់គោរពគោលការណ៍ ការពារអតិថិជនបានយ៉ាងល្អដដែល និងបានសម្រេចបន្តសុពលភាពនៃវិញ្ញាបនបត្រ CPP សម្រាប់រយៈពេល ២ ឆ្នាំទៅខាងមុខទៀតគឺដល់ឆ្នាំ ២០២០ ។ គណៈគ្រប់គ្រងនិងបុគ្គលិកទាំងអស់មានមោទនភាពដែល អម្រឹត អាចក្លាយជាគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុមួយក្នុងចំនោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតែជាង ១០០ប៉ុណ្ណោះលើពិភពលោកដែលទទួលបានវិញ្ញាបនបត្រនេះ” ។

Smart Campaign ជំរុញនិងងលើកទឹកចិត្តឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដាក់គោលការណ៍ការពារអតិថិជនជាគោលការណ៍អាទិភាពមួយក្នុងប្រតិបត្តិការរបស់ខ្លួន ដោយត្រូវអនុលោមទៅតាមគោលការណ៍សំខាន់ចំនួន ៧ ឲ្យបានខ្ជាប់ខ្ជួន ក្នុងនោះរួមមានគោលការណ៍៖ ១. ការបង្កើតនិងបែងចែកផលិតផលឲ្យបានត្រឹមត្រូវនិងសមរម្យ ២. ការទប់ស្កាត់បំណុលវណ្ឌក ៣. តម្លាភាព ៤. ការកំណត់តម្លៃផលិតផលឲ្យបានសមរម្យ ៥. ការគោរពអតិថិជននិងការពារដោយយុត្តិធម៌ ៦. ការការពារព័ត៌មានរបស់អតិថិជន និង ៧. យន្តការសម្រាប់ការដោះស្រាយបណ្តឹង ។
Smart Campaign មានបេសកកម្មការងារនៅទូទាំងពិភពលោកដើម្បីជំរុញឲ្យស្ថាប័នហិរញ្ញវត្ថុបង្កើតបរិយាកាសល្អមួយបម្រើអតិថិជន ជាពិសេស អតិថិជនដែលមានប្រាក់ចំណូលទាប ឲ្យអាចទទួលបានសេវាកម្មហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាពនិងការទទួលខុសត្រូវខ្ពស់។
ការបន្តវិញ្ញាបនបត្រស្តីពីការការពារអតិថិជនពី Smart Campaign ក៏ជាសក្ខីភាពមួយបង្ហាញដល់សាធារណៈជនថា អម្រឹត បាននឹងកំពុងបំពេញបេសកកម្មការងាររបស់ខ្លួនប្រកបដោយស្មារតីប្រុងប្រយ័ត្ន យកចិត្តទុកដាក់ និង ទទួលខុសត្រូវខ្ពស់ជូនដល់អតិថិជនរបស់ខ្លួន ជាពិសេសអតិថិជនដែលមានចំណូលទាបនិងមធ្យម ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និង អាជីវកម្មរបស់ពួកគេឲ្យបានល្អប្រសើរឡើង។ អម្រឹតមានគណនេយ្យខ្ពស់ដោយគោរពតាមគោលនយោបាយ និងគោលការណ៍ស្របតាមស្តង់ដាអន្តរជាតិ។
លោក ដុស ឌីន មានប្រសាសន៍ថា “ វិញ្ញាបនបត្រការពារអតិថិជនគឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើនរបស់ អម្រឹត ដើម្បីចូលរួមចំណែកធ្វើឲ្យវិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាទាំងមូលកាន់តែមានការរីកចម្រើនប្រកបដោយនិរន្តរភាព។ ដើម្បីសម្រចបានគោលដៅនេះ អម្រឹត ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមជាមួយនឹងភាគីពាក់ព័ន្ធជាតិ និង អន្តរជាតិមួយចំនួន។

English