អម្រឹត សហការជាមួយ AIA អញ្ជើញវេជ្ជបណ្ឌិតជំនាញធ្វើបទបង្ហាញស្ដីពីជំងឺមហារីកសុដន់ និងមាត់ស្បូនដល់អតិថិជន

កាលពីថ្ងៃទី២២ខែកុម្ភៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត សហការជាមួយក្រុមហ៊ុនធានារ៉ាប់រង AIA បានរៀបចំកម្មវិធីធ្វើបទបង្ហាញស្ដីអំពីជំងឺមហារីកមាត់ស្បូន និងសុដន់ នៅការិយាល័យកណ្ដាលរបស់ អម្រឹត។

លោកវេជ្ជបណ្ឌិតឯកទេសជំងឺមហារីក ប៊ុនប៉ា ប៉ូលី បានអញ្ជើញចូលរួមដើម្បីធ្វើបទបង្ហាញ និងផ្ដល់ដំបូន្មានស្ដីពីកត្តាមួយចំនួនពាក់ព័ន្ធនឹងជំងឺមហារីកទាំងពីរប្រភេទនេះដល់អ្នកចូលរួមចំនួន៣១នាក់ដែលជាអតិថិជនរបស់ អម្រឹត។

លោកវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា ជំងឺមហារីកមាត់ស្បូន និងសុដន់ជាជំងឺដែលអាចការពារ និងព្យាបាលបាន។ លោកអះអាងថា ការព្យាបាលជំងឺទាំងពីរប្រភេទនេះមានអត្រាជាសះស្បើយស្ទើរតែមួយរយភាគរយ ប្រសិនបើអ្នកជំងឺទទួលបានការប្រឹក្សា និងព្យាបាលដោយត្រឹមត្រូវនៅដំណាក់កាលទីមួយនៃប្រភេទជំងឺមហារីកទាំងពីរនេះ។ វេជ្ជបណ្ឌិតរូបនេះបានលើកឡើងផងដែរថា នៅកម្ពុជាមានករណីជំងឺមហារីកមាត់ស្បូនច្រើនជាង មហារីកសុដន់ ខណៈនៅជុំវិញពិភពលោកស្ត្រីមានជំងឺមហារីកសុដន់មានច្រើនជាងស្ត្រីមានជំងឺមហារីកមាត់ស្បូន។ ទោះជាជំងឺទាំងពីរប្រភេទនេះជាជំងឺដែលអាចព្យាបាលបានក្ដី ប៉ុន្តែស្ត្រីនៅ កម្ពុជា នៅតែប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតច្រើនករណីនៅឡើយពីជំងឺមហារីកទាំងពីរប្រភេទនេះ ដោយសារពួកគាត់មិនបានទទួលការអប់រំពីវិធីការពារ ការប្រឹក្សាយោបល់ និងការព្យាបាលដោយត្រឹមត្រូវពីវេជ្ជបណ្ឌិតជំនាញ។ ។ ដើម្បីចូលរួមចំណែកលើកកម្ពស់សុខមាលភាព ជាពិសេសបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងជំងឺមហារីកសុដន់ និងមាត់ស្បួនដល់ស្ត្រីកម្ពុជា ទើបគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងក្រុមហ៊ុនធានារ៉ាប់រង AIA បានរៀបចំកម្មវិធីផ្ដល់ចំណេះដឹងពាក់ព័ន្ធនឹងជំងឺមហារីកមាត់ស្បូន និងសុដន់នេះឡើង។ គួរបញ្ជាក់ផងដែរថា អ្នកចូលរួមស្ដាប់ក្នុងបទបង្ហាញស្ដីពីជំងឺមហារីកមាត់ស្បូន និងសុដន់ដែលធ្វើបទបង្ហាញផ្ទាល់ដោយវេជ្ជបណ្ឌិតជំនាញនេះសុទ្ធតែជាអតិថិជនរបស់ អម្រឹត។ ការណ៍នេះសបញ្ជាក់ឲ្យឃើញថា អម្រឹត ក្រៅពីការយកចិត្តទុកដាក់អំពីតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន ក៏នៅយកចិត្តទុកដាក់លើសុខមាលភាពរបស់អតិថិជនផងដែរ៕

English