ជួបជាមួយបងស្រី អឿន សាម៉ន ដែលជាម្ចាស់ចម្ការ និងជាឈ្មួញប្រមូលទិញតាង៉ែនដ៏ជោគជ័យមួយរូបនៅខេត្តប៉ៃលិន។ ជាមួយនឹងមានភាពអត់ធ្មត់ អំណត់ និងការប្តេជ្ញាចិត្តខ្ពស់ បងស្រីប្រែក្លាយខ្លួនពីអ្នកជីករកត្បូងទៅជាអ្នកជំនួញម្នាក់ដែលគេគោរពនិងស្គាល់ច្រើននៅខេត្តប៉ៃលិន។ បងស្រី សាម៉ន ក៏ជាអតិថិជនជោគជ័យម្នាក់ក្នុងចំណោមអតិថិជនជោគជ័យជាច្រើនរបស់ អម្រឹត។
១. សូមបងស្រីរៀបរាប់ពីជីវប្រវត្តិ និងគ្រួសាររបស់បង!
ឈ្មោះ អឿន សាម៉ន រៀបការ និងមានកូន ២នាក់។ សព្វថ្ងៃ ខ្ញុំជាឈ្មួញប្រមូលទិញតាង៉ែននៅខេត្តប៉ៃលិន ហើយក៏ជាមានចម្ការដំាតាង៉ែនផងដែរ។ ដំបូងឡើយ ខ្ញុំចាប់ផ្ដើមធ្វើចម្ការតាង៉ែននៅលើផ្ទៃដីត្រឹមតែ ២ហិកតាប៉ុណ្ណោះ ប៉ុន្តែចេះតែពង្រីកបន្តិចម្ដងៗរហូតដល់ ១៣ហិកតា ដូចសព្វថ្ងៃ។ បើបូកបញ្ចូលគ្នារវាងទិន្នផលដែលខ្ញុំ ទទួលបានពីចម្ការខ្លួនឯងនឹងផ្លែតាង៉ែនដែលខ្ញុំប្រមូលទិញពីចម្ការដទៃ ខ្ញុំអាចផ្គត់ផ្គង់តាង៉ែនបានរហូតដល់ ១០តោនក្នុងមួយសប្តាហ៏ទៅក្នុងទីផ្សារក្នុងស្រុក។
ចំពោះប្រវត្តិគ្រួសារវិញ ខ្ញុំកើតក្នុងគ្រួសារអ្នកជីកត្បូង ដែលពេលនោះអាជីវកម្មត្បូងក្នុងខេត្តប៉ៃលិនកំពុងមានសកម្មភាពខ្លាំងក្លានៅឡើយដែល គ្រួសារខ្ញុំមានចំណូលគ្រប់គ្រាន់សម្រាប់ការចាយវាយប្រចំាថ្ងៃ។ ទើបតែមកត្រឹមឆ្នាំ ១៩៩៩ ក្រោយពេលដែលឪពុកខ្ញុំទទួលមរណភាព ពួកយើងចាប់ផ្ដើមជួបការលំបាក ដោយសារគ្រួសារទាំងមូលត្រូវពឹងផ្អែកលើម្ដាយខ្ញុំតែម្នាក់គត់ក្នុងការរកប្រាក់ប្រចាំថ្ងៃក្នុងការផ្គត់ផ្គង់កូនពីរនាក់ក្នុងបន្ទុក។
ស្ថានភាពរបស់យើងកាន់តែធ្លាក់ដុនដាបថែមមួយកម្រិតទៀតនៅពេលរ៉ែត្បូងក្នុងតំបន់ចាប់ផ្ដើមថមថយ ដែលពេលខ្លះម្ដាយខ្ញុំរកត្បូងសឹងតែមិនបានទាល់តែសោះ ហើយគ្មានជម្រើសផ្សេងទៀតឡើយក្រៅពីពឹងផ្អែកលើមុខរបរមួយនេះដើម្បីចិញ្ចឹមជីវិត។ ក្រោយមក យើងបានចាប់ផ្តើមធ្វើចម្ការបន្តិចបន្តួចនៅលើដីស្រែក្រោយផ្ទះ ប៉ុន្តែវានៅតែមិនអាចសម្រួលជីវភាពរបស់យើងឡើយ។ រហូតដល់ឆ្នាំ ២០១០ ជីវភាពរបស់ខ្ញុំចាប់ផ្តើមផ្លាស់ប្តូនៅពេលដែលខ្ញុំរៀបការនិងចាប់យកមុខជំនួញជាអ្នកប្រមូលទិញតាង៉ែននៅខេត្តប៉ៃលិន។