ខ្ញុំជឿថា ការជ្រើសរើសពូជចម្រុះគឺតំណាងឱ្យការជឿនលឿនដ៏សំខាន់មួយ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករ។ ពូជដំណាំសម័យទំនើបគឺមានភាពងាយស្រួលដាំដុះ ងាយសម្របខ្លួនទៅនឹងបរិស្ថានជុំវិញ ធន់នឹងជំងឺ និងផ្តល់ទិន្នផលខ្ពស់។
លើសពីនេះទៀត ការប្រើប្រាស់ឧបករណ៍ដាំដុះ និងគ្រឿងចក្រកសិកម្មទំនើបបានធ្វើឱ្យការងាររបស់យើងមានភាពងាយស្រួលធ្វើស្រែចម្ការពេញ ១ រដូវដាំដុះ ការភ្ជួររាស់ ការធ្វើថ្នាលសំណាប ការគ្រប់គ្រងស្មៅ ការដាក់ជី និងការប្រមូលផល។
វាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការធ្វើស្រែចម្ការរបស់យើង ដោយមិនត្រឹមតែជួយសន្សំសំចៃពេលវេលារបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយថ្លៃពលកម្ម ក៏ដូចជាជួយពង្រឹងគុណភាព និងបរិមាណផលិតផលដែលបានផលិតផងដែរ។
សហគមន៍ និងប្រជាជនរបស់យើងដើរតួនាទីយ៉ាងសំខាន់ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ ដែលយើងជួបប្រទះនៅក្នុងជីវិត និងអាជីវកម្ម។ ហើយជាការថ្លែងអំណរគុណដល់ឃុំកំណប់ សម្រាប់ការលើកទឹកចិត្ត និងការគាំទ្រអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំមានគម្រោងសាងសង់កន្លែងចម្រាញ់ទឹកស្អាតខ្នាតតូចឡើង ដើម្បីផ្គត់ផ្គង់ទឹកស្អាតដល់គ្រួសារនៅក្នុងសហគមន៍។
លើសពីនេះទៀត ទឹកស្អាតដែលផលិតបាននឹងត្រូវរក្សាទុកនៅក្នុងស្រះសិប្បនិម្មិតទំហំ ១,៥ ហិកតា ដើម្បីចែកចាយដល់គ្រួសារនីមួយៗនៅក្នុងភូមិទាំង ៦ នៃឃុំកំណប់។ គម្រោងនៅសហគមន៍នេះត្រូវបានរំពឹងថា នឹងចាប់ផ្តើមប្រតិបត្តិការក្នុងរយៈពេល ៣ ឆ្នាំខាងមុខ នៅពេលមានការយល់ព្រមពីអាជ្ញាធរពាក់ព័ន្ធ។
តើជំនាញអ្វីដែលស្ត្រីត្រូវការដើម្បីក្លាយជាអ្នកជំនួញ ឬសហគ្រិនជោគជ័យ?
អ្វីៗគ្រប់យ៉ាងគឺចាប់ផ្តើមពីអ្នក! ជំហានដំបូង និងសំខាន់បំផុតដើម្បីក្លាយជាអ្នកជំនួញស្ត្រីជោគជ័យគឺត្រូវយល់ឱ្យច្បាស់អំពីក្តីសុបិនរបស់អ្នក ហើយជឿជាក់លើវា។ ដំណើររបស់អ្នកនឹងប្រឈមជាមួយបញ្ហា និងឧបសគ្គផ្សេងៗ ដូច្នេះត្រូវចងចាំថា គ្មានជោគជ័យណាកើតឡើងដោយគ្មានការតស៊ូនោះទេ។
នៅក្នុងការរៀបចំ អ្នកត្រូវត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយបញ្ហាទាំងនោះ ហើយសូមកុំបោះបង់គោលដៅរបស់អ្នក សូម្បីតែពេលដែលអ្នកចាប់ផ្តើមសង្ស័យខ្លួនឯងក៏ដោយ។ ប្រសិន បើអ្នកបោះបង់ចោលនៅពេលជួបការលំបាក នោះអ្នកនឹងលះបង់ម្តងហើយម្តងទៀត ហើយអ្នកនឹងមិនអាចសម្រេចអ្វីបានទាំងអស់។ វាពិបាកប៉ុន្តែមិនមែនមិនអាចទៅរួចនោះទេ។ ការប្តេជ្ញាចិត្ត ការតស៊ូ និងជំនឿលើខ្លួនឯង គឺជាអ្វីដែលអ្នកត្រូវការ។
ក្រៅពីនេះ អ្នកជំនួញស្ត្រីដែលទទួលជោគជ័យ គួរតែចេះគិតពិចារណាជាមុន ស្វែងយល់ពីព័ត៌មានលម្អិត និងចេះរៀបចំផែនការ។ ការគ្រប់គ្រងការរៀបចំថវិកា និងជំនាញទំនាក់ទំនងក៏ចាំបាច់ផងដែរដើម្បីទទួលបានជោគជ័យ៕