EN KH

ការទទួលខុសត្រូវចំពោះបរិស្ថាន និងសង្គម

ការគ្រប់គ្រងសមិទ្ធផលសង្គម
“នៅជាមួយអ្នក ដើម្បីអ្នក” គឺជាពាក្យស្លោកមួយដែល អម្រឹត បានប្រើប្រាស់អស់រយៈពេលជាង ២៥ឆ្នាំ មកហើយ ដើម្បីបង្ហាញអំពីសាមគ្គីភាពជាមួយអតិថិជន និងបង្ហាញពីឆន្ទៈខ្លួនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កម្ពុជា។ អម្រឹត ត្រូវបានទទួលស្គាល់ថាជាគ្រឹះស្ថានដំបូងគេបង្អស់ដែលបានជំរុញការគ្រប់គ្រងសមិទ្ធផលសង្គម ឆ្ពោះទៅរកការសម្រេចបាននូវទស្សនៈ និងបេសកកម្មរបស់ខ្លួន។ ប្រព័ន្ធគ្រប់គ្រងសមិទ្ធផលសង្គមរបស់ អម្រឹត ផ្តល់ឲ្យនូវគ្រោងការសម្រាប់កំណត់គោលដៅ និងជួយគ្រប់គ្រងការធ្វើរបាយការណ៍អំពីសមិទ្ធផលសង្គមដែល អម្រឹត សម្រេចបាន។ អម្រឹត បានប្រឹងប្រែងយ៉ាងសកម្មក្នុងបេសកកម្មសង្គមរបស់ខ្លួន ដោយយកចិត្តទុកដាក់លើកិច្ចការពារបរិស្ថាន ការចូលរួមសកម្មភាពអភិវឌ្ឍសុខុមាលភាពសង្គម ការបរិច្ចាគដល់ស្ថាប័នអប់រំ និងភ្នាក់ងារសុខុមាលភាពដ៏ទៃផ្សេងៗទៀត ហើយសំខាន់បំផុត គឺរួមចំណែកធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់អតិថិជនខ្លួនកាន់តែប្រសើរឡើង។

សូចនាករលើការគ្រប់គ្រងសមិទ្ធផលសង្គម និងគំនិតផ្តួចផ្តើម

សន្ទស្សន៍ចាកចេញពីភាពក្រីក្រ៖ អម្រឹត ប្រើប្រាស់ឧបករណ៍មួយហៅថា សន្ទស្សន៍ចាកចេញពីភាពក្រីក្រ ដើម្បីវាស់វែងកម្រិតភាពក្រីក្ររបស់អតិថិជនខ្លួន។ ឧបករណ៍នេះគឺជាសមាសធាតុយ៉ាងសំខាន់នៃប្រព័ន្ធគ្រប់គ្រងសមិទ្ធផលសង្គមរបស់ អម្រឹត ក្នុងការតាមដាននិន្នាការនៃស្ថានភាពសេដ្ឋកិច្ចសង្គមរបស់អតិថិជន។ ឧបករណ៍នេះបានជួយគាំទ្រដល់ការអភិវឌ្ឍផលិតផល និងសេវាកម្មដែលអាចបំពេញនូវតម្រូវការពិតប្រាក់របស់ អតិថិជន។ តាមរយៈឧបករណ៍នេះដែរ អតិថិជនមិនត្រឹមតែមានឱកាសដើម្បីពិភាក្សាអំពីឱកាស និងបញ្ហាប្រឈមនៃជីវភាពរបស់ពួកគេនោះទេ ពួកគេថែមទាំងអាចផ្តល់ព័ត៌មានត្រឡប់ចំពោះផលិតផល និងសេវាកម្មរបស់ អម្រឹត ផងដែរ។

អម្រឹត បានធ្វើការវាយតម្លៃលើភាពក្រីក្ររបស់អតិថិជនរៀងរាល់ពីរឆ្នាំម្តង។ ការស្រាវជ្រាវក្នុងឆ្នាំ២០១៧ បានរកឃើញថាកម្រិតនៃភាពក្រីក្រក្នុងចំណោមអតិថិជនដែលមានប្រាក់ចំណូលទាបរបស់ អម្រឹត បានធ្លាក់ចុះ ២,៦ ភាគរយ គឺពីកម្រិត ១៣,៤ ភាគរយ ក្នុងឆ្នាំ ២០១៥ ធ្លាក់មកត្រឹម ១០,៨ ភាគរយ ក្នុងឆ្នាំ ២០១៧។

img img

ការសិក្សាអំពីការពេញចិត្ត និងការចាកចេញរបស់អតិថិជន៖ ៖ ការវាស់វែងអំពីការពេញចិត្ត និងភក្តីភាពរបស់អតិថិជនគឺជាគន្លឹះនៃភាពជោគជ័យក្នុងគោលដៅអាជីវកម្មរបស់ អម្រឹត។ អម្រឹត បានប្រមូលព័ត៌មានត្រឡប់ពីអតិថិជន តាមរយៈការសិក្សាស្រាវជ្រាវប្រចាំឆ្នាំ ហើយព័ត៌មានទាំងនោះពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះ អម្រឹត ក្នុងការកែលំអរអំពីចំណុចខ្វះខាត ឬភាពឆ្គាំឆ្គងក្នុងការលក់ផលិតផល ឬការផ្តល់សេវាកម្មរបស់ខ្លួន។ អម្រឹត ប្រកាន់ខ្ជាប់នូវពាក្យស្លោកមួយឃ្លាថា “ការមិនសុខចិត្ត ឬការតវ៉ារបស់អតិថិជន គឺជាការដូរដ៏មានតម្លៃដែលពួកគាត់ផ្តល់ជូនយើង ដូចច្នេះយើងត្រូវទទួលយកដោយរីករាយ”។ ព័ត៌មានត្រឡប់ពីអតិថិជនជួយ អម្រឹត ក្នុងការបន្តអភិវឌ្ឍផលិតផល និងសេវាកម្ម ព្រមទាំងជួយឲ្យសម្រេចបាននូវការបំពេញចិត្តខ្ពស់ជូនអតិថិជន។

ការបណ្តុះបណ្តាលកសិកម្ម៖ អម្រឹត បានផ្តល់ការបណ្តុះបណ្តាលចំនួន ៧៥វគ្គ អំពីការគ្រប់គ្រងផលិតកម្មដំណាំស្រូវ ការប្រើប្រាស់ជី ហើយនិងដំណាំបន្លែ ទៅកាន់អតិថិជនចំនួន ១.៦៥២នាក់ ក្នុងខេត្តចំនួនប្រាំបីរួមមាន៖ បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង កំពត ពោធិសាតិ៍ និងត្បូងឃ្មុំ។ មាតិការនៃការបណ្តុះបណ្តាលគឺបានធ្វើបច្ចុប្បន្នភាពជាទៀងទាត់តាមរយៈការសហការណ៍ជាមួយគ្រូកសិកម្មជំនាញដែលមកពីមន្ទីរកសិកម្ម និងតាមបណ្តាអង្គការក្រៅរដ្ឋាភិបាលនានា។ គ្រូបណ្តុះបណ្តាលជំនាញបានកសាងសម្ថភាពកសិកម្មដល់ប្រជាកសិករតាមរយៈការបង្រៀននូវបច្ចេកទេស វិធីសាស្ត្រ និងជំនាញកសិកម្មថ្មីៗ ដូច្នេះកសិករអាចប្រើប្រាស់វាក្នុងការបង្កើនផលិតភាព ក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវអាជីវកម្មរបស់ពួកគេ។ ការសិក្សាដើម្បីតាមដានអំពីការអនុវត្តរបស់អ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាលកសិកម្មបានរកឃើញថា ៨០% នៃអ្នកចូលរួមបានអនុវត្តបច្ចេកទេសសិកម្មថ្មីៗដែលពួកគាត់ទទួលបានពីការបណ្តុះបណ្តាល។ ៩២% ក្នុងចំណោម ៨០% ដែលបានយកបច្ចេកថ្មីៗទៅអនុវត្ត ពួកគាត់ទទួលបានទិន្នផលខ្ពស់ជាងមុន ហើយនឹង ៧៨% នៃអ្នកចួលរួមទាំងអស់បានចែករំលែកចំណេះដឹងថ្មីរបស់ពួកគាត់ជាមួយអ្នកភូមិដ៏ទៃទៀតដែលមិនបានចួលរួមក្នុងវគ្គបណ្តុះបណ្តាល។

កំណត់ត្រាជោគជ័យរបស់កសិករដាំដំឡូងមី លោក មួន រ៉ាប ជាកសិករមានវ៏យ ៤៩ឆ្នាំ ដែលកំពុងរស់នៅជាមួយភរិយាក្នុងភូមិស្រះឈូក ឃុំភ្នំស្រុក ខេត្តបន្ទាយមានជ័យ ហើយបច្ចុប្បន្នលោក និងភរិយាមានកូនស្រីចំនួនបីនាក់ កូនស្រីច្បងបានរៀបអាពាហ៍ពិពាហ៍តាំងពីឆ្នាំ២០០៧ បន្ទាប់មកបានផ្លាស់ប្តូរលំនៅទៅរស់នៅជាមួយស្វាមីនៅភូមិមួយផ្សេងទៀត រីឯកូនស្រីពីនាក់ទៀតកំពុងរស់នៅក្រោមអាណាព្យបាលរបស់លោក។ គ្រួសាររបស់លោក មួន រ៉ាប មានសមាជិកចំនួន ៧នាក់ ពួកគេបានពឹងផ្អែកទាំងស្រុងលើអាជីវកម្មដំណាំដំឡូងមី។

លោក មួន រ៉ាប បានប្រើប្រាស់ប្រាក់កម្ចីដំបូងជាមួយ អម្រឹត ក្នុង ឆ្នាំ២០១៤ ជាសមាជិកនៃឥណទានក្រុមធានា។ ទំហំទឹកប្រាក់ខ្ពស់បំផុតដែលលោកអាចខ្ចីបាននាពេលនោះគឺ មួយលានរៀល។ ប្រាក់កម្ចីដែលទទួលបានក លោកបានប្រើប្រាស់ក្នុងរបរកសិកម្មដំណាំដំឡូងមី។ រៀងរាល់ឆ្នាំ លោកបានប្រើប្រាស់ប្រាក់កម្ចីរបស់ អម្រឹត ជាបន្តបន្ទាប់ដើម្បីពង្រីករបរកសិកម្មរបស់គាត់ ប៉ុន្តែទោះមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ទិន្នផលដែលគាត់ទទួលបានគឺពុំសមប្រកបនឹងការរំពឹងទុករបស់គាត់ឡើយ ពេលខ្លះទិន្នផលសឹងតែមិនអាចទូទាត់ថ្លៃដើមដែលបានចំណាយ។ ប្រាក់ចំណូលទាបដែលទទួលបានពីរបរកសិកម្មរបស់គាត់បានបង្ករជាវិបត្តិហិរញ្ញវត្ថុសម្រាប់គ្រួសារ ហើយជាពិសេសវិបត្តិមួយនេះបានបង្កការលំបាកក្នុងការសងប្រាក់ឥណទាន។ ទោះយ៉ាងនេះក្តី លោក មួន រ៉ាប នៅតែបន្តប្រឹងប្រែងយ៉ាងខ្លាំងក្នុងការទប់លំនឹងហិរញ្ញវត្ថុគ្រួសារ និងគ្រប់គ្រងលើការសងឥណទានឲ្យទាន់ពេលវេលាតាមរយៈការខិតខំកាន់តែខ្លាំងក្នុងការដាំដុះដំណាំដំឡូងមីរបស់ខ្លួន។

សំណាងរបស់ លោក មួយ រ៉ាប់ បានផ្លាស់ប្តូរក្នុងឆ្នាំ២០១៧។ “អម្រឹត បានអញ្ជើញខ្ញុំឲ្យចូលរួមក្នុងសិក្ខាសាលាមួយដែលបណ្តុះបណ្តាលអំពីការដាំដុះដំឡូងមី និងការប្រើប្រាស់ជី ហើយខ្ញុំបានរៀនអំពីបច្ចេកទេស និងវិធីសាស្ត្រថ្មីៗជាច្រើនពីសិក្ខាសាលានោះ” លោក មួន រ៉ាប បានពន្យល់។ “តាមរយៈការប្រើប្រាស់បច្ចេកទេសថ្មីៗដែលគ្រួបណ្តុះបណ្តាលបានប្រាប់ ខ្ញុំទទួលបានទិន្នផលដំឡូងមីច្រើនជាងរដូវកាលមុនៗ ពី៤០ ទៅ ៥០ភាគរយ ហើយទទួលបានចំណូលប្រហែល ៣៧៥ដុល្លារ អាមេរិក ក្នុងដីមួយហិចតា។ ហើយវាជាក្តីស្រមៃដែលខ្ញុំបានរំពឹងទុកតាំងពីខ្ញុំចាប់ផ្តើមដាំដំឡូងមីមកម៉្លេះ។”

img img

ក្នុងការឆ្លុះបញ្ចាំងអំពីដំណើរការនៃការស្នើសុំឥណទាន លោក រ៉ាប បាននិយាយថា “មុនពេលផ្តល់កម្ចីមកឲ្យខ្ញុំ បុគ្គលិករបស់ អម្រឹត តែងតែពន្យល់យ៉ាងយកចិត្តទុកដាក់អំពីលក្ខណ្ឌនៃការខ្ចីឥណទាន និងវិធីសាស្ត្រនៃការសងត្រឡប់ ហើយជានឹកញាប់បុគ្គលិករបស់ស្ថាប័ននេះផ្តល់ឲ្យខ្ញុំនូវគន្លឹះដ៏មានប្រយោជន៍អំពីផែនការអាជីវកម្ម”។ គាត់បានបន្ថែមទៀតថា “ក្រោយពីទទួលបានប្រាក់កម្ចីដំបូង ខ្ញុំត្រូវបានអញ្ជឹញឲ្យចួលរួមក្នុងកម្មវិធីអប់រំចំណេះដឹងហិរញ្ញវត្ថុ ហើយអ្វីដែលពិសេសនោះ ខ្ញុំទទួលបានឱកាសសិក្សាអំពីវិធីសាស្ត្រកសិកម្មថ្មីៗពីគ្រូដែលមានជំនាញ និងចំណេះដឹងជាក់លាក់របស់ អម្រឹត។”

សព្វថ្ងៃគ្រួសាររបស់ លោក រ៉ាប រីករាយជាមួយនឹងការរស់នៅក្នុងជីវភាពដ៏សមរម្យ ហើយគាត់មានលទ្ធភាពជួយដល់កូនស្រីកណ្តាលរបស់គាត់ឲ្យទទួលបានការងារជាគ្រួបង្រៀន និងជួយគាំទ្រដល់ការសិក្សាថ្នាក់វិទ្យាល័យរបស់កូនស្រីពៅផងដែរ ជាពិសេសគាត់មិនដែលខកខានក្នុងការសងឥណទានរបស់ អម្រឹត ម្តងណាឡើយ។

“វិធីសាស្ត្រថ្មីៗ ដែលខ្ញុំបានរៀនតាមរយៈការបណ្តុះបណ្តាលរបស់ អម្រឹត បានជួយខ្ញុំកាត់បន្ថយថ្លៃដើម និងបង្កើនទិន្នផល” គាត់បាននិយាយទាំងរីករាយ។ ភាពរីករាយរបស់លោក រ៉ាប បានផ្សព្វផ្សាយទៅកាន់សាច់ញាត្តិ និងអ្នកភូមិដ៏ទៃទៀតអំពីទិន្នផលដំឡូងដែលគាត់ទទួលបានក្នុងរដូវកាលនេះ ហើយអ្នកភូមិរបស់គាត់ក៏បានសិក្សាអំពីបទពិសោធន៍ជោគជ័យរបស់គាត់ ហើយពួកគេនឹងសាកល្បងប្រើប្រាស់បច្ចេកទេសថ្មីៗនេះក្នុងការដាំដុះដំឡូងមីនារដូវកាលខាងមុខដើម្បីបង្កើនទិន្នផលរបស់ពួកគេផងដែរ។

លោក រ៉ាប មានចំណាប់អារម្មណ៍ខ្ពស់ចំពោះ អម្រឹត ក្នុងការរៀបចំសិក្ខាសាលាកសិកម្មផ្សេងៗទៀតក្នុងភូមិរបស់គាត់ ដូចច្នេះគាត់ និងអ្នកភូមិដ៏ទៃទៀតអាចរៀនបន្ថែមនូវបច្ចេកទេសកសិកម្មដែលគ្រូជំនាញពាំនាំមក។ គាត់និយាយថា “នៅពេលដែលខ្ញុំសងឥណទានបច្ចុប្បន្ននេះចប់ ខ្ញុំមានផែនការខ្ចីឥណទានទីប្រាំដែលមានចំនួន ២.៥០០ដុល្លារ អាមេរិក ដើម្បីទិញដីបន្ថែម និងពង្រីកកសិកម្មដំឡូងមី និងដំណាំស្រូវ” គាត់បាននិយាយថា “ខ្ញុំនឹងរក្សាទំនាក់ទំនងល្អជាមួយគ្រូបណ្តុះបណ្តាល អម្រឹត ដើម្បីរៀនបន្ថែមអំពីការរអនុវត្តល្អៗក្នុងការដាំដុះដំឡូងមី ហើយបន្តប្រើប្រាស់បច្ចេកទេសចុងក្រោយបំផុតដែលអាចជួយបង្កើនទិន្នផលរបស់ខ្ញុំ”

ការអប់រំអនាម័យបឋម និងចំណេះដឹងហិរញ្ញវត្ថុ៖ កម្មវិធីនេះ មានគោលបំណងដើម្បីជួយអតិថិជនក្នុងការគ្រប់គ្រងថវិការគ្រួសាររបស់ពួកគេ និងជួយលើកកំពស់សុភាព និងសុខុមាលភាពរបស់ពួកគេផងដែរ។ ចន្លោះពី ខែមករា ដល់ ខែកក្កដា ឆ្នាំ២០១៧ អម្រឹត បានផ្តល់ការបណ្តុះបណ្តាលចំនួន ៣៧វគ្គ ស្តីអំពីការគ្រប់គ្រងបំណុល របៀបសន្សំប្រាក់ដើម្បីទទួលបានការប្រាក់ និងមានសុវត្ថិភាព និងវិធីនៃការហូបស្អាត ផឹកស្អាត និងការរស់នៅស្អាត ដល់អតិថិជនចំនួន ៧៥៦នាក់ ក្នុងខេត្តចំនួនប្រាំបី រួមមាន៖ បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ធំ កំពង់ឆ្នាំ កំពត ពោធិសាតិ៍ និងខេត្តត្បូងឃ្មុំ។ ការត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំបានរកឃើញថា ៨០% នៃអ្នកចូលរួមសរុបបានអនុវត្តនូវអ្វីដែលពួកគាត់បានរៀនក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគាត់ ក្នុងចំណោមអ្នកអនុវត្តទាំងអស់មាន ៩០% អាចគ្រប់គ្រងថវិការគ្រួសាររបស់ពួកគាត់យ៉ាងមានប្រសិទ្ធិភាព មិនត្រឹមតែប៉ុណ្ណោះពួកគាត់បានដឹងពីរបៀបសន្សំប្រាក់ និងការគ្រប់គ្រងបំណុលផងដែរ។ ៨៩% នៃអ្នកចូលរួមសរុប បានចែករំលែកចំណេះដឹងថ្មីជាមួយអ្នកភូមិរបស់គាត់។
ការយកចិត្តទុកដាក់ចំពោះ អតិថិជន៖ អម្រឹត យកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការបំពេញតម្រូវការរបស់អតិថិជន។ ដើម្បីផ្តល់ជូននូវការបំរើសេវា ឲ្យល្អលើលពីការរំពឹងទុករបស់ពួកគាត់ បុគ្គលិកផ្នែកផ្តល់សេវាដោយផ្ទាល់ដល់អតិថិជន សុទ្ធតែទទួលបានការបណ្តុះបណ្តាលអំពីការបំរើសេវាប្រកបដោយគុណភាព។ ការស្វាគមន៍យ៉ាងកក់ក្តៅ ជាមួយស្នាមញញឹម និងការផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធិភាព ត្រូវបានផ្តល់ជូនអតិថិជនដោយបុគ្គលិកដែលមានក្រមសីលធម៌វិជ្ជាជីវៈ ហើយទាំងនេះគឺជាចំណុចស្នូលនៃសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះរបស់ អម្រឹត។ ។ អម្រឹត ធានាថា រាល់សាខាទាំងអស់របស់ខ្លួនបានផ្តល់ជូននូវការបំរើសេវាកម្មយ៉ាងល្អជូនដល់អតិថិជន។ អតិថិជនទាំងអស់ត្រូវបានផ្តល់សេវាប្រកបដោយសុច្ចរិតភាព និងការគោរពដោយគ្មានការរើសអើង។

តំបន់ប្រតិបត្តិការរបស់អម្រឹត

img



img
ភ្ជាប់ទំនាក់ទំនងជាមួយ អម្រឹត តាមរយៈ