EN KH

គោលដៅនៃការគ្រប់គ្រងសមិទ្ធផលសង្គម
ការផ្តល់ជូនដល់អតិថិជននូវតម្លៃបន្ថែម និងការគាំទ្រដល់ការលើកកំពស់សុខុមាលភាពសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ គឺជាគោលដៅចំបងនៃការគ្រប់គ្រងសមិទ្ធផលសង្គមរបស់ អម្រឹត។ ការយកចិត្តទុកដាក់ខ្ពស់ចំពោះបុគ្គលិក និងការចូលរួមចំណែកក្នុងសកម្មភាពអភិវឌ្ឍនសង្គម គឺជាគោលដៅទីពីរ នៃការគ្រប់គ្រងសមិទ្ធផលសង្គម។ អម្រឹត មានឆន្ទៈក្នុងការធ្វើឲ្យសម្រេចបាននូវគោលដៅសង្គមទាំងនេះឲ្យស្របគ្នាជាមួយនឹងទស្សនៈ និងបេសកកម្មរបស់ខ្លួន។ អម្រឹត បានបែងចែកការទទួលខុសត្រូសង្គមជាបីប្រភេទគឺ៖ ការទទួលខុសត្រូវចំពោះអតិថិជន ការទទួលខុសត្រូវចំពោះបុគ្គលិក និងការទទួលខុសត្រូវចំពោះសហគមន៍។

ការទទួលខុសត្រូវចំពោះ អតិថិជន៖
អតិថិជន គឺជាបេះដូងនៃការវិនិយោគរបស់ អម្រឹត។ ការការពារអតិថិជន គឺផ្នែកដ៏សំខាន់មួយដើម្បីទទួលខុសត្រូវចំពោះការផ្តល់កម្ចី និងធានាថា អាជីវកម្មរបស់ អម្រឹត មានការរីកចំរើនប្រកបដោយនិរន្តរភាព។ អម្រឹត ត្រូវបានបញ្ជាក់ដោយអង្គការអន្តរជាតិ Smart Campaign ចំពោះការយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើតផលិតផល និងសេវាកម្ម ដែលមិនបង្កផលប៉ះពាល់អវិជ្ជមានណាមួយដល់អតិថិជនខ្លួន។ ការធ្វើបែបនេះ អម្រឹត ប្រកាន់ខ្ជាប់នូវគោលការណ៍ការពារអតិថិជនទាំងប្រាំពីរចំណុច រួមមាន៖

១. ការបង្កើតផលិតផល និងប្រព័ន្ធចែកចាយត្រូវមានលក្ខណៈសមរម្យ៖ អម្រឹត យកចិត្តទុកដាក់ក្នុងការបង្កើតនូវផលិតផល និងប្រព័ន្ធចែកចាយក្នុងរបៀបមួយដែលមិនបង្កឲ្យមានជាបញ្ហាដល់អតិថិជននោះទេ។ ផលិតផល និងប្រព័ន្ធចែកចាយ នឹងត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់អតិថិជន។

២. ការទប់ស្កាត់បំណុលជាន់គ្នា៖ អម្រឹត បានយកចិត្តទុកដាក់គ្រប់ដំណាក់កាលទាំងអស់ក្នុងការផ្តល់ឥណទាន ដើម្បីធ្វើឲ្យប្រាកដថា អតិថិជន មានសមត្ថភាពក្នុងការសងត្រលប់មកវិញ ដោយពុំមានការជំពាក់បំណុលលើសលុប។ លើសពីនេះទៀត អម្រឹត បានអនុវត្ត និងធ្វើការតាមដានប្រព័ន្ធតួ្រតពិនិត្យផៃ្ទក្នុងរបស់ខ្លួន ដើម្បីជួយទប់ស្កាត់បំណុលជាន់គ្នា ក៏ដូចជាការធ្វើឲ្យការគ្រប់គ្រងហានិភ័យឥណទានកម្រិតទីផ្សារ កាន់តែមានភាពល្អប្រសើរឡើង (ដូចជាការចែករំលែកព័ត៌មានឥណទានជាដើម)។

៣. តម្លាភាព ៖ អម្រឹត ក៏បានផ្តល់ព័ត៌មានយ៉ាងជាក់ច្បាស់ គ្រប់គ្រាន់ និងទាន់ពេលវេលា តាមរយៈឥរិយាបទ និងភាសាដែលងាយយល់ និងងាយស្រួលសម្រាប់អតិថិជនក្នុងការសម្រេចចិត្តអោយបានត្រឹមត្រូវ។ តម្រូវការតម្លាភាពព័ត៌មានអំពីតម្លៃផលិតផល រយៈពេលខ្ចីប្រាក់ ក៏ដូចជាលក្ខខណ្ឌទូទៅផ្សេងទៀត ត្រូវបានបង្ហាញជូនអតិថិជន។

៤. ការកំណត់ថៃ្លដែលមានភាពទទួលខុសតូ្រវ៖ តម្លៃ រយៈពេលខ្ចី និងលក្ខខណ្ឌរបស់ផលិតផល និងសេវាកម្មរបស់ អម្រឹត ត្រូវបានកំណត់ក្នុងរបៀបមួយ ដែលអាចធ្វើឲ្យអតិថិជនងាយទទួលយកបាន ហើយក៏អាចធ្វើឲ្យស្ថាប័នខ្លួនឯងអាចរស់រានបាន និងមាននិរន្តរភាពផងដែរ។ អម្រឹត បានខិតខំប្រឹងប្រែងផ្តល់ជូនសេវាបញ្ញើសន្សំដ៏មានភាពប្រាកដប្រជា និងវិជ្ជមានទៅអតិថិជនវិញផងដែរ។

៥. ការអនុវត្តការងារត្រូវមានការគោរព និងភាពត្រឹមត្រូវចំពោះអតិថិជន៖ អម្រឹត យកចិត្តទុកដាក់ក្នុងការអនុវត្តការងារ ជាមួយអតិថិជនដោយភាពគួរសម ការគោរព និងមិនមានការរើសអើង។ អម្រឹត ធានាថាប្រព័ន្ធសុវត្ថិភាពការងារត្រូវមានភាពត្រឹមត្រូវ ដើម្បីរកឲ្យឃើញ និងលុបបំបាត់អំពើពុករលួយ ក៏ដូចជាសកម្មភាពមិនប្រក្រតីណាមួយដែលអាចកើតមានឡើងតាមរយៈបុគ្គលិករបស់ខ្លួន ជាពិសេសនៅពេលធើ្វការសិក្សា ឬវាយតម្លៃឥណទាន និងដំណើរការប្រមូលបំណុល។

៦. ការរក្សាការសម្ងាត់របស់អតិថិជន៖ អម្រឹត រក្សាសន្តិសុខ និងការពារព័ត៌មានអតិថិជនគ្រប់ពេលវេលាទាំងអស់។ អម្រឹត នឹងមិនបង្ហាញអត្តសញ្ញាណរបស់អតិថិជន ដោយមិនមានការយល់ព្រម ឬការអនុញ្ញាតពីអតិថិជននោះទេ។

៧. យន្តការសម្រាប់ដោះស្រាយបណ្តឹងអតិថិជន៖ អម្រឹត តែងតែយកចិត្តទុកដាក់ស្តាប់ពីអតិថិជនរបស់ខ្លួន ហើយប្រាកដថាកង្វល់ និងបណ្តឹងផ្សេងៗរបស់អតិថិជនត្រូវបានដោះស្រាយដោយមានប្រសិទ្ធភាព។ អម្រឹត មានឆន្ទៈខ្ពស់ក្នុងការផ្តល់ជូនអតិថិជននូវបណ្តាញទំនាក់ទំនងផ្លូវការ ក្នុងការផ្តល់ព័ត៌មានអំពីគុណភាពសេវាកម្មរបស់ខ្លួន។

តំបន់ប្រតិបត្តិការរបស់អម្រឹត

img



img
ភ្ជាប់ទំនាក់ទំនងជាមួយ អម្រឹត តាមរយៈ