EN KH

ការទទួលខុសត្រូវចំពោះបុគ្គលិក
ការទំនាក់ទំនង និងការលើកទឹកចិត្ត៖ ដើម្បីរក្សាការងារជាក្រុម ហើយនឹងកសាងសាមគ្គីភាពក្នុងចំណោមបុគ្គលិក និងរវាងបុគ្គលិក និងថ្នាក់គ្រប់គ្រង អម្រឹត បានរៀបចំព្រឹត្តិការណ៍ និងសកម្មភាពសង្គមមួយចំនួន រួមមាន៖ សិក្ខាសាលាថ្នាក់គ្រប់គ្រងប្រចាំឆ្នាំ ពិធីជប់លៀងអបអរសាទរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដំណើរកំសាន្តប្រកបដោយភាពរីករាយក្នុងទិវាសិទ្ធនារី និងការប្រកួតបាល់ទាត់ពានរង្វាន់របស់លោកអគ្គនាយក។ ព្រឹត្តិការណ៍លំហែកាយទាំងនេះផ្តល់ឲ្យបុគ្គលិកនូវឱកាសស្គាល់គ្នាទៅវិញទៅមក និងជួយបង្កើតនូវបរិយាកាសការងារល្អ ដែលអាចជំរុញដល់ការទំនាក់ទំនងឲ្យប្រសើរជាងមុន បង្កើតស្មារតីការងារជាក្រុម សាមគ្គីភាព និងការសហការណ៍គ្នាល្អ។

ការអភិវឌ្ឍសម្ថភាព៖ នាយកដ្ឋានបណ្តុះបណ្តាល និងអភិវឌ្ឍ ឬហៅកាត់ថា (L&DD) បានផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកគ្រប់កម្រិតចំនួន ២.៧១៥នាក់ រួមជាមួយការបង្វឹកបុគ្គលិកចំនួន ៦៩៨នាក់ឲ្យកាន់តែមានសម្ថភាពខ្ពស់ជាងនេះ។ សិក្ខាកាមដែលត្រូវបានបណ្តុះបណ្តាលរួមមាន បុគ្គលិកថ្មីចំនួន ៥២០នាក់ បុគ្គលិកសាខាចំនួន ១.៣៣៩នាក់ និងបុគ្គលិកដែលបានដំឡើងតំណែងចំនួន ៥៦៨នាក់។ ក្រុមការងារ L&DD ក៏បានផ្តល់ការបណ្តុះបណ្តាលចំនួន ៤២វគ្គបន្ថែមទៀតផងដែរ ស្តីអំពីមុខងារជំនាញនៃតំណែងនីមួយៗរបស់បុគ្គលិក របៀបធ្វើការក្នុងមុខងារជំនាញខុសៗគ្នា ឥរិយាបទ និងភាពជាអ្នកដឹកនាំ និងជំនាញនៃការគ្រប់គ្រង ដល់បុគ្គលិកចំនួន ២៦៤នាក់។

ការសិក្សាតាមបណ្តាញអេឡិចត្រូណិច និងវីដេអូសន្និសិទ គឺជាបណ្តាញដ៏សំខាន់មួយដែល អម្រឹត បានប្រើប្រាស់ដើម្បីផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិករបស់ខ្លួន។ តាមរយៈបណ្តាញទាំងនេះ L&DD អាចផ្តល់លក្ខណៈងាយស្រួលក្នុងការបណ្តុះបណ្តាលដល់បុគ្គលិកផ្នែកគាំទ្រ និងបុគ្គលិកផ្នែកលក់របស់ខ្លួន ខណៈពេលដែលប្រើប្រាស់ថវិការ និងធនធានប្រកបដោយប្រសិទ្ធិភាព។ ទន្ទឹមគ្នានោះដែរ អម្រឹត អាចរក្សាគុណភាព និងការបណ្តុះបណ្តាលដែលពាក់ព័ន្ធនានាឲ្យកាន់តែមានលក្ខណៈងាយស្រួល និងបង្កើនសមិទ្ធផលនៃការបណ្តុះបណ្តាលឲ្យកាន់តែប្រសើរឡើង។ ការបណ្តុះបណ្តាល និងការសិក្សាតាមបណ្តាញអ៊ីនធើណេតពិតជាផ្តល់អត្ថប្រយោជន៍ដ៏សម្បើមចំពោះ អម្រឹត។

បរិយាកាសការងារប្រកបដោយភាពស្រស់ថ្លា៖ អម្រឹត បានកំណត់យ៉ាងច្បាស់នូវ វប្បធម៌រួម តម្លៃរួម ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយបៀតបៀនកេរ្តិ៍ខ្មាស និង គោលនយោបាយ Whistle Blowing។ គោលនយោបាយទាំងនេះត្រូវបានដាក់បញ្ចូលក្នុងវប្បធម៌ប្រតិបត្តិការការងាររបស់ អម្រឹត ដើម្បីធានាថាបុគ្គលិកទាំងអស់របស់ អម្រឹត បានប្រព្រឹត្តិរវាងគ្នា និងគ្នាប្រកបដោយសុក្រឹតភាព និងរក្សាទំនាក់ទំនងនៃការជួយគ្នាទៅវិញទៅមកនៅកន្លែងការងារ។ អម្រឹត យកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងសុខុមាលភាពរបស់បុគ្គលិក ដោយធានាថាការិយាល័យទាំងអស់របស់ អម្រឹត មានបរិវេណសមរម្យសម្រាប់ការងារប្រចាំថ្ងៃ មានខ្យល់បរិសុទ្ធ និងពន្លឺ ចេញចូលគ្រប់គ្រាន់ មានបរិក្ខារការិយល័យសមរម្យ រួមបញ្ចូលទាំងទឹកស្អាតសម្រាប់បរិភោគ និងបន្ទប់ទឹកប្រកបដោយអនាម័យផងដែរ។ អម្រឹត មានគិលានុដ្ឋាយិការ ដើម្បីផ្តល់ប្រឹក្សាយោបល់ផ្នែកសុខភាព និងទទួលខុសត្រូវសម្រាប់ការសង្គ្រោះបឋម ការព្យាបាល និងការសម្របសម្រួលលើការទាមទារសំណងពីក្រុមហ៊ុនធានារ៉ាប់រង។

ការអភិវឌ្ឍទេពកោសល៖ បុគ្គលិក អម្រឹត ទាំងអស់មានឱកាសដើម្បីអភិវឌ្ឍជំនាញការងារ ចំណេះដឹង និងអភិវឌ្ឍជំនាញថ្មីៗ សម្រាប់គោលដៅការងារនាពេលខាងមុខ។ ក្នុងឆ្នាំ២០១៧ បុគ្គលិកគ្រប់គ្រងសាខាចំនួន ៦០នាក់ បានចូលរួមក្នុងកម្មវិធី ការគ្រប់គ្រងជួរមុខ ដើម្បីត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលខុសត្រូវ និងប្រឈមនឹងបញ្ហានានា នាពេលខាងមុខ។ ក្នុងឆ្នាំ២០១៨ ខាងមុខនេះ បុគ្គលិកគាំទ្រចំនួន ៤០នាក់ បន្ថែមទៀត នឹងចូលរួមក្នុងកម្មវិធី ទេពកោសលវ័យក្មេង ដែល អម្រឹត បានបង្កើតឡើង។ កម្មវិធីទាំងនេះគឺបានបង្កើតឡើងក្នុងគោលបំណងរក្សា និងលើកកម្ពស់ជំនាញ ព្រមទាំងលើកទឹកចិត្តដល់បុគ្គលិក និងអ្នកគ្រប់គ្រង ក្នុងបង្កើនការយល់ដឹង និងសម្ថភាពរបស់ខ្លួនដើម្បីគាំទ្រដល់ការវិវឌ្ឍរបស់អង្គភាពក្នុងការបំប្លែងខ្លួនទៅជា អម្រឹត+ នាពេលខាងមុខនេះ។

ប្រតិភូបុគ្គលិក៖ និយោជិកអាចសំដែងការព្រួយបារម្ភ ការមិនពេញចិត្ត និងបណ្តឹងតវ៉ារបស់ពួកគាត់ ជាលក្ខណៈបុគ្គលម្នាក់ៗ ឬសមូហភាពដែលទាក់ទងទៅនឹងប្រាក់ឈ្នួល លក្ខខណ្ឌការងារ ច្បាប់ការងារ និងបទបញ្ជាទូទៅ តាមរយៈប្រតិភូបុគ្គលិករបស់ អម្រឹត។ បន្ទាប់ពីទទួលបានសំណើ ឬពាក្យបណ្តឹងពី ប្រតិភុបុគ្គលិក គណៈកម្មាធិការ ឬថ្នាក់ដឹកនាំរបស់ អម្រឹត នឹងកំណត់ពីឫសគល់នៃបញ្ហា បន្ទាប់មកនឹងរកដំណោះស្រាយដ៏សមស្របមួយជូនដល់បុគ្គលិក។

ការគាំទ្រនូវសេចក្តីប្រាថ្នារបស់បុគ្គលិក៖ អម្រឹត បានលើកទឹកចិត្តនិយោជិតឱ្យបន្តគោលដៅ និងសេចក្តីប្រាថ្នារបស់ពួកគេតាមរយៈការផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប។ ក្នុងឆ្នាំ ២០១៧ មានបុគ្គលិកចំនួន ២.២៨៤ នាក់ទទួលបានអត្ថប្រយោជន៍ពីការគាំទ្រនេះ។

ការមិនប្រកាន់ និងមិនរើសអើង៖ អម្រឹត ធានានូវតម្លាភាព និងការទទួលខុសត្រូវ ក្នុងការគ្រប់គ្រងធនធានមនុស្ស ដោយប្រកាន់ខ្ជាប់នូវគោលការណ៍មិនរើសអើង។ កត្តាសំខាន់នៃការជ្រើសរើសបុគ្គលិក ហើយនឹងការដំឡើងតំណែងបុគ្គលិកគឺផ្តោតសំខាន់លើក្រមសីលធម៌ការងារ និងសម្ថភាពរបស់បុគ្គលិកតែប៉ុណ្ណោះ។ និយោជិកអាចជឿជាក់ថាពួកគេមានឱកាសស្មើគ្នាសម្រាប់ដំណើរការការងារ និងការដំឡើងដំណែងដោយមិនបារម្ភពីជាតិសាសនា អាយុ ភេទ ឬបក្សនយោបាយឡើយ។ ការលើកកម្ពស់សមភាពយេនឌ័រដើម្បីដោះស្រាយនូវកង្វះខាតផ្នែកយេនឌ័រ នៅតែជាអាទិភាពចម្បងរបស់ អម្រឹត ក្នុងការពង្រឹងយុទ្ធសាស្ត្រគ្រប់គ្រងបុគ្គលិករបស់ខ្លួន។

ការទទួលខុសត្រូវចំពោះ សហគមន៍
កម្មវិធីទទួលយកអ្នកហ្វឹកហាត់ការងារ និងនិស្សិតចុះកម្មសិក្សា៖ : អម្រឹត បានផ្តល់កន្លែងធ្វើការសម្រាប់សិស្សានុសិស្សសកលវិទ្យាល័យ និងសិស្សនិស្សិតទើបបញ្ចប់ការសិក្សា ទាំងថ្នាក់ជាតិ និងអន្តរជាតិចំនួន ១៦០នាក់ ក្នុងឆ្នាំ២០១៧។ កម្មវិធីនេះផ្តល់ជូនយុវវ័យនូវឱកាសការងារដើម្បីធ្វើការជាមួយអ្នកជំនាញដែលមានចំណេះដឹង និងទទួលបានបទពិសោធន៍ជាក់ស្តែងក្នុងការធ្វើការនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ហើយកម្មវិធីនេះផងដែរបានគាំទ្រដល់និស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រធ្វើការសិក្សាស្វែងយល់អំពីការវិវឌ្ឍនៈរបស់ អម្រឹត និងការរួមចំណែករបស់មីក្រូហិរញ្ញវត្ថុក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ។

ការចូលរួមចំណែកក្នុងសកម្មភាពសង្គម៖ អម្រឹត ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការគាំទ្រដល់គំនិតផ្តួចផ្តើមដែលបង្កើនគុណភាពនៃជីវិត និងលើកកម្ពស់សុខុមាលភាពសង្គម។ ក្នុងឆ្នាំ 2017 អម្រឹត បានចូលរួមសកម្មភាពសង្គមយ៉ាងច្រើន ដូចខាងក្រោម៖
• ផ្តល់អំណោយដល់កាកបាទក្រហមកម្ពុជាដើម្បីជួយឧបត្ថម្ភជនរងគ្រោះ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលជារឿយៗពួកគេទទួលរងរបួស និង និងពិការភាព ហើយធ្វើឲ្យជីវិតពួកគេមានការផ្លាស់ប្តូរ ដូចជាបង្កឲ្យមានស្ត្រីមេម៉ាយ និងក្មេងកំព្រា។

• ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្មេងស្រីដែលត្រូវការការព្យាបាលនៅមន្ទីរពេទ្យចំពោះការរងរបួសច្រមុះធ្ងន់ធ្ងរ។

• ឧបត្ថម្ភធនាគារជាតិនៃកម្ពុជាក្នុងការលើកកម្ពស់ប្រាក់រៀល នាឱកាសខួបលើកទី៣៧ នៃការណែនាំជាថ្មីនូវ ប្រាក់រៀល ខ្មែរ។

• ឧបត្ថម្ភក្នុងទិវាកុមារអន្តរជាតិលើកទី៦៧ ក្រោមប្រធានបទ "ចម្រៀងកុមារ" ។

• ឧបត្ថម្ភដល់សមាគមន៍និស្សិតខេត្តក្រចេះ ដើម្បីបង្កើតសិក្ខាសាលាស្តីពីការអភិវឌ្ឍសង្គម។

• ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់អង្គការ ICO កម្ពុជា សម្រាប់គម្រោង "ការជួយសង្គ្រោះកុមាររស់នៅក្នុងស្ថានភាពលំបាកនៅក្នុងសហ គមន៍" ។

• បរិច្ចាគសម្ភារ ដល់ការប្រកួតកីឡារបស់សាកលវិទ្យាល័យព្រែកលាប។ សម្ភារដែលបានបរិច្ចាករួមមាន ឆ័ត្រធំ អាវយឺត ខិត្តប័ណ្ណផ្សព្វផ្សាយ ប្រតិទិន និងថងបរិស្ថាន។

• ផ្តល់បង់អង្គុយ និងឆ័ត្រធំ ដល់ខេត្តកំពង់ឆ្នាំង ស្វាយរៀង កំពត និងខេត្តបន្ទាយមានជ័យ។

• ផ្តល់មូលនិធិក្នុងកម្មវិធី "TVET Day 2017" ដែលរៀបចំឡើងដោយក្រសួងការងារ និងវិជ្ជាជីវៈ ដើម្បីផ្តល់ការណែនាំដល់និស្សិតអំពីអាជីពនាថ្ងៃខាងមុខ ដែលអាចជួយពួកគេឲ្យមានគំនិតច្បាស់លាស់ជាងមុនក្នុងការកំណត់ជំនាញ និងចំណង់ចំណូលចិត្ត។ កម្មវិធីនេះក៏បានជួយពួកគេឲ្យមានលទ្ធភាពស្វែងរកឱកាសការងារថ្មីៗ និងជួបជាមួយនិយោជក និងតំណាងក្រុមហ៊ុនជាច្រើននាក់ទៀតដែលបានអញ្ជើញចូលរួមក្នុងឱកាសនោះផងដែរ។

• រៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅការិយាល័យកណ្តាលរបស់ អម្រឹត ដែលក្នុងនោះបុគ្គលិក ៣៥នាក់ បានបរិច្ចាគឈាម និងថវិកាជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

• បានរៀបចំទិវាលំហាត់ប្រាណបៃតងនៅខេត្តកំពង់ចាម ដើម្បីលើកទឹកចិត្ត និងលើកកម្ពស់សុខភាព និងសុខុមាលភាពសហគមន៍តាមរយៈការបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណជាទៀងទាត់ និងការរក្សាទីកន្លែងសាធារណៈឲ្យមានអនាម័យស្អាត។ បុគ្គលិករបស់ អម្រឹត បានប្រគល់អាវយឺត និងចូលរួមក្នុងការរើសសំរាមដើម្បីសម្អាតទីក្រុង ព្រមទាំងបានផ្តល់ជូននូវធុងបរិស្ថានមួយចំនួនសម្រាប់ដាក់កាកសំណល់ ឬសំរាម ដល់ក្រសួងបរិស្ថានផងដែរ។

• បានផ្តល់អាវយឺត ថងបរិស្ថាន ប៊ិក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់វេទិកាអប់រំ ដែលបានប្រារព្ធឡើងដោយភ្នាក់ងារជំនាញដែលមានការយល់ព្រមពីក្រសួងអប់រំយុវជន និងកីឡា។

គោលដៅនៃការគ្រប់គ្រងសមិទ្ធផលបរិស្ថាន
ការរួមបញ្ចូលការការពារបរិស្ថាន និងការអប់រំបរិស្ថានទៅក្នុងប្រតិបត្តិការអាជីវកម្មដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថានដែលអាចបង្ករឡើងដោយប្រតិបត្តិការហិរញ្ញវត្ថុរបស់ អម្រឹត ឬ សកម្មភាពជំនួញរបស់អតិថិជន គឺជាគោលបំណងដ៏សំខាន់ នៃការគ្រប់គ្រងសមិទ្ធផលបរិស្ថានរបស់ អម្រឹត។ ដូចច្នេះ អម្រឹត បានកំណត់ចេញនូវ គោលនយោបាយបរិស្ថាន និងសង្គម ដែលជាគោលការណ៍ណែនាំដល់បុគ្គលិក ដើម្បីឲ្យពួកគេអនុវត្តក្នុងការងារប្រចាំថ្ងៃ។ អតិថិជនដែលចង់ខ្ចីប្រាក់ ៤០.០០០.០០០ រៀល (១០.០០០ ដុល្លារអាមេរិក) រឺលើសពីនេះសម្រាប់គោលបំណងពាណិជ្ជកម្ម ឬអាជីវកម្មត្រូវបានត្រួតពិនិត្យ និងវាយតម្លៃដើម្បីកំណត់ហានិភ័យបរិស្ថាន និងសង្គមបដែលពាក់ព័ន្ធ។ អ្នកដែលមានសកម្មភាពអាជីវកម្មទាំងឡាយណាដែលអាចបង្ករផលប៉ះពាល់ដល់បរិស្ថាន និងសង្គមត្រូវតែចុះកិច្ចសន្យាបរិស្ថាន និងសង្គម ព្រមទាំងមានផែនការកាត់បន្ថយហានិភ័យច្បាស់លាស់។

បញ្ជីបដិសេធ៖ បញ្ជីនេះ ត្រូវបានប្រើប្រាស់ដើម្បីត្រួតពិនិត្យ និងបដិសេធសំណើសុំខ្ចីឥណទានទាំងឡាយណាដែលសកម្មភាពអាជីវកម្មរបស់ពួកគេមានផល់ប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងសង្គម។ បញ្ជីនេះបានកំណត់យ៉ាងច្បាស់អំពីសកម្មភាព ឬអាជីវកម្មដែលមិនអាចផ្តល់ឥណទាន ឲ្យបាន ដោយអនុលោមតាមសន្ធិសញ្ញាអន្ដរជាតិ ច្បាប់ជាតិ និងបទបញ្ញាត្ដិទាំងឡាយណា ដែលជាប់ទាក់ទងទៅនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ឬពលកម្មកុមារ ជំនួញជួញដូរអាវុធ និងគ្រឿងផ្ទុះ ល្បែងស៊ីសង ពេស្យាកម្ម ការជួញដូរផ្លូវភេទ ការជួញដូរសត្វព្រៃ ដែលបានកំណត់នៅក្នុងសន្ធិសញ្ញាស្តីពីការធ្វើពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិកំពុងរងហានិយភ័យ (CITES) ការជួញដូរសម្ភារដែលមានសារធាតុវិទ្យុសកម្មខ្ពស់ ឬប្រើប្រាស់សារធាតុគីមីដែលមានបរិមាណខ្ពស់ ការធ្វើនេសាទខុសច្បាប់ ការធ្វើអាជីវកម្មឈើខុសច្បាប់ ការជួញដូរទាំងឡាយណាដែលពាក់ព័ន្ធទៅនឹងថ្នាំជក់ ឬសកម្មភាព ឬអាជីវកម្មល្មើសច្បាប់ផ្សេងៗទៀត។

ថាមពលដែលបានមកពីធម្មជាតិ៖ អម្រឹត បន្តលើកទឹកចិត្តអតិថិជននៅតាមជនបទឱ្យទាញយកអត្ថប្រយោជន៍ពីកម្ចីឡជីវឧស្ម័ន និងដំឡើងឡជីវឧស្ម័នក្នុងផ្ទះព្រោះការធ្វើដូច្នេះអាចជួយកាត់បន្ថយថ្លៃដើមថាមពល បង្កើនជីវភាពរស់នៅ និងលើកកម្ពស់គុណភាពខ្យល់ក្នុងផ្ទះ។ ប្រាក់កម្ចីនេះមិនត្រឹមតែជួយគ្រួសារដែលមានចំណូលទាបបង្កើនសុខុមាលភាពសេដ្ឋកិច្ចរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអភិរក្សបរិស្ថានដោយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ការពារធនធានធម្មជាតិ និងកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន។ មន្រ្តីឥណទានរបស់ អម្រឹត លើកកម្ពស់ផលិតផលកម្ចីនេះយ៉ាងសកម្មនៅគ្រប់តំបន់ប្រតិបត្តិការរបស់ អម្រឹត។

ការអប់រំចំណេះដឹងបរិស្ថាន៖ អម្រឹត ផ្តោតការយកចិត្តទុកដាក់លើការអប់រំផ្នែកបរិស្ថានតាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលដែលជំរុញឲ្យនិយយោជិក និងអតិថិជនរបស់ខ្លួនចូលរួមការពារបរិស្ថានក្នុងការងារប្រចាំថ្ងៃរបស់ពួកគេ ក៏ដូចជាប្រើប្រាស់ធនធានកម្រ និងធនធានដែលមិនអាចកែរច្នៃឡើងវិញបាន ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗទៀត (ទឹក អគ្គីសនី ក្រដាស ថងផ្លាស្ទិក និងធ្យូងឈើ) ឲ្យមានប្រសិទ្ធិភាព។

សកម្មភាពបរិស្ថាន៖ ក្នុងឆ្នាំ២០១៧ អម្រឹត បានចូលរួមក្នុងសកម្មភាពអភិរក្សបរិស្ថានដូចជា៖

• ផ្តល់ធុងសំរាម បដារ និងសម្ភារក្នុងការលើកកម្ពស់ការអប់រំផ្នែកបរិស្ថាន ដល់ខេត្តសៀមរាប ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពត និងបន្ទាយមានជ័យ។

• ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់និស្សិសកលវិទ្យាល័យ និងបុគ្គលិក អម្រឹត ក្នុងខេត្តស្ទឹងត្រែង ក្នុងកម្មវិធីទស្សនៈកិច្ចសិក្សា ក្រោមប្រធានបទ “យល់ដឹងអំពីបញ្ហាបរិស្ថាន”។

• គាំទ្រដល់យុទ្ធនាការរៃង្គាស់ប្រាក់សបុរសធម៌សម្រាប់កម្មវិធី “ការកែច្នៃឡើងវិញ” ដើម្បីលើកកម្ពស់ការការពារបរិស្ថាន។

• ផ្តល់សម្ភារសិក្សា និងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សិស្សានុសិស្សចំនួន ២០០នាក់ ក្នុងកម្មវិធីដាំកូនឈើនៅស្រុកកំពង់លែង ខេត្តកំពង់ ឆ្នាំង។

តំបន់ប្រតិបត្តិការរបស់អម្រឹត

imgimg
ភ្ជាប់ទំនាក់ទំនងជាមួយ អម្រឹត តាមរយៈ