EN KH

តើមានអ្វីថ្មី

ពិធីសម្ភោធអគារស្តង់ដាសាខាខេត្តកំពង់ចាម

នៅរសៀលថ្ងៃសុក្រ ទី01 ខែសីហា ឆ្នាំ2014នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់អគារស្តង់ដាថ្មី​សាខាខេត្តកំពង់ចាម ស្របពេល​ដែលវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុបាន នឹងកំពុងរីកដុះដាលនៅក្នុងប្រទេសកម្ពុជា។

ដោយសារមានការគាំទ្រពីអតិថិជននិងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទាំងអស់ធ្វើឲ្យគ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុអម្រឹតរីកលូតលាស់ និងពង្រីកបន្ថែមតំបន់គ្របដណ្តប់កាន់តែច្រើនឡើងៗ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនដល់អតិថិជនកាន់តែប្រសើរឡើងនៅតាម​បណ្តា​ខេត្តក្រុងចំនួន 22 ​និងមានសាខាចំនួន 120 កន្លែង។

លោក ជា ផល្លារិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានមានប្រសាសន៍នៅក្នុងពិធីបើក សម្ពោធអគារស្តង់ថ្មីនេះថា អម្រឹតបានចូលមកធ្វើប្រតិបត្តិការ​ផ្តល់ឥណទានដល់អតិថិជននៅក្នុងខេត្ត កំពង់ចាមនេះ ចាប់តាំងពីខែកក្កដា ឆ្នាំ1999 មកម្លេះ មកដល់ពេលនេះអម្រឹតបាននឹងកំពុងប្រតិបត្តិការនៅក្នុងស្រុក និងក្រុងទាំងអស់នៃខេត្តកំពង់ចាម ដល់ទៅ 501 ភូមិ និង 87 ឃុំ ។

លោកអគ្គនាយក ជា ផល្លារិន បន្តទៀតថា​ សមិទ្ធិផលដែលអម្រឹតទទួលបានមកទល់សព្វថ្ងៃនេះ និងការបោះជំហានទៅមុខឥតឈប់ឈរក្នុងប្រវត្តិសាស្ត្រ​របស់ខ្លួន គឺអាស្រ័យដោយ អម្រឹតបានអនុវត្តតាមចក្ខុវិស័យដ៏រឹងម៉ាំដែលបានកំណត់ទុកថា អម្រឹតគឺជាស្ថាប័នហិរញ្ញវត្ថុឈានមុខ ក្នុងការរួមចំណែកកែលម្អ លើកស្ទួយជីវភាពប្រជាពលរដ្ឋឲ្យល្អប្រសើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាយើង។

ឯកឧត្តម អ៊ុំភឿន គុណវឌ្ឍ អភិបាលរងខេត្តកំពង់ចាម បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធនោះផង ដែរថា ពិតណាស់ វិស័យធនាគារ និងមីក្រូហិញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច ព្រោះវិស័យនេះអាចគៀងគរធនធានហិរញ្ញវត្ថុដែលទំនេរសម្រាប់បម្រើឲ្យតម្រូវការក្នុង ផលិតកម្ម​និងអាជីវកម្ម ដែលស្របទៅនឹងខេត្តកំពង់ចាមជាខេត្តមួយដែលមានសក្តានុពលសេដ្ឋកិច្ចរីក ចម្រើនជាច្រើន ជាពិសេសគឺវិស័យកសិកម្មដែលវិស័យនេះ​ត្រូវការចាំបាច់នូវ សេវាកម្មហិញ្ញវត្ថុពីធនាគារ និងមីក្រូ​ហិរញ្ញវត្ថុ ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការដាក់ប្រាក់បញ្ញើ សន្សំ និងកម្ចី សម្រាប់ពង្រឹង និងពង្រីកមុខរបរអាជីវកម្មរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។

ឯកឧត្តម អ៊ុំភឿន គុណវឌ្ឍ បានសម្តែងនូវសេចក្តីសប្បាយរីករាយ និងអបអរចំពោះអម្រឹតដែលបាន ដាក់ឲ្យដំណើរការអគារស្តង់ដាថ្មីនេះ ដែលនេះជាសក្ខីភាព​បញ្ជាក់ពីភាពរីកចម្រើនប្រកបដោយភាពរឹងមាំ និងថែមទាំងបង្ហាញពីការរួមចំណែកការអភិវឌ្ឍន៍សេដ្ឋកច្ចិជាតិប្រទេស ជាពិសេសនៅក្នុងខេត្ត កំពង់ចាមទាំងមូល។

ជាមួយគ្នានេះ ឯកឧត្តម គិម វ៉ាដា អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា​ បានមានប្រសាសន៍ថា​​ ដើម្បីធានាភាពរឹងមាំនិងសុវត្ថិភាពនៃវិស័យធនាគារ​និងហិញ្ញវត្ថុទាំងមូល ធនាគារជាតិនៃកម្ពុជានឹងបន្ត ការត្រួតពិនិត្យ និងសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ ទាំងអស់ដែល កំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា គោរពឲ្យបានតាមគោលការណ៍នៃកិច្ចការពារអតិថិជន ដែលជាលទ្ធផលនឹងបង្កើនជំនឿទុកចិត្ត​របស់សាធារណៈជន​មកលើវិស័យនេះកាន់តែខ្លាំងឡើងថែមទៀត។

គួរបញ្ជាក់ថា អម្រឹតកកើតឡើងតាមរយៈគម្រោងឥណទានរបស់អង្គការក្រៅរដ្ឋាភិបាលបារាំងមួយ ដែលមានឈ្មោះថាហ្រ្គេត (Great) នៅក្នុងឆ្នាំ 1991។ មកទល់នឹងចុងខែមិថុនា ឆ្នាំ2014 នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត មានបុគ្គលិកសរុបចំនួន 2,901 នាក់ និងមានទ្រព្យសកម្ម 3០8 លាន ដុល្លារអាមេរិក ប្រាក់កម្ចីលើដៃអតិថិជនសរុបចំនួន 258 លានដុល្លារអាមេរិក មានអតិថិជនកំពុងខ្ចី ប្រាក់សរុបចំនួន 33 ម៉ឺននាក់ និងមានសមតុល្យប្រាក់បញ្ញើសរុបប្រមាណ 128 លានដុល្លារអាមេរិក ដែលក្នុងនោះ មានគណនីប្រមាណ 16 ម៉ឺនគណនី​។ សមិទ្ធិផលទាំងអស់នេះឆ្លុះបញ្ចាំងឲ្យឃើញថា អម្រឹតបានរួមចំណែកកែលម្អ​លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

img


តំបន់ប្រតិបត្តិការរបស់អម្រឹត

img



img
ភ្ជាប់ទំនាក់ទំនងជាមួយ អម្រឹត តាមរយៈ