កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ ថ្នាក់ដឹកនាំសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបប្រជុំជាមួយគណៈគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា។ កិច្ចប្រជុំផ្តោតលើការព្រួយបារម្ភក្នុងដំណើរអភិវឌ្ឍន៍នៃវិស័យស្រូវ-អង្ករនាពេលថ្មីៗនេះ។ យើងខ្ញុំជឿជាក់ថាមានដំណោះស្រាយមួយចំនួន ដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចធ្វើបាន ដើម្បីបន្ត និងពង្រីកការគាំទ្រស្ថាប័នពាក់ព័ន្ធនៅក្នុងវិស័យកសិកម្ម។ កិច្ចប្រជុំនេះបានឯកភាពលើចំនុចមួយចំនួនដូចតទៅ៖
១.ទោះបីជាតម្លៃស្រូវនៅទីផ្សារអន្តរជាតិហាក់នៅមានស្ថិរភាព តម្លៃស្រូវនៅកម្ពុជាហាក់បីដូចជាធ្លាក់ចុះបើតាមសហព័ន្ធស្រូវ-អង្ករកម្ពុជា ដែលបង្កើតនូវការព្រួយបារម្ភពីសុខមាលភាពរបស់ប្រជាកសិករ និងនិរន្ភរភាពនៃវិស័យស្រូវ-អង្ករ។ យើងជឿថា នេះគឺជាបញ្ហាក្នុងតំបន់ដែលបណ្តាលមកពីកត្តាអាកាសធាតុមិនអំណោយផល និងការប្រកួតប្រជែងដ៏ស្រួចស្រាលក្នុងតំបន់។
២.សមាគមធនាគារនៅកម្ពុជា និងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា សូមកោតសរសើរដល់ក្រសួង-ស្ថាប័ននានាដែលបានបំពេញតួនាទីយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាប្រឈមជាប្រព័ន្ធនៅក្នុងវិស័យស្រូវ-អង្ករ ជាពិសេសក្រសួងពាណិជ្ជកម្មដែលបានខិតខំប្រឹងប្រែងស្វែងរកទីផ្សារថ្មីៗ និងបង្កើនកូតាសម្រាប់អង្ករកម្ពុជា និងអគ្គិសនីកម្ពុជាដែលមានជំហរទន់ភ្លន់ចំពោះតម្លៃអគ្គិសនីសម្រាប់រោងម៉ាស៊ីនកិនស្រូវ ក៏ដូចជាកិច្ចប្រឹងប្រែងផ្សេងៗ ទៀតក្នុងការជាវ និងកំណត់តម្លៃស្រូវកម្ពុជា។
៣.ទោះបីជាធនាគារត្រូវអនុវត្តន៍ការផ្តល់កម្ចីដោយប្រុងប្រយ័ត្ន ដែលចាំបាច់ដើម្បីរក្សាស្ថិរភាព និងភាពរឹងមាំរបស់វិស័យហិរញ្ញវត្ថុ យើងជឿជាក់ថាការផ្តល់ហិរញ្ញប្បទានដល់វិស័យកសិកម្ម មានសារៈសំខាន់ដូចគ្នាចំពោះសេដ្ឋកិច្ច និងប្រជាពលរដ្ឋកម្ពុជា ព្រោះថាប្រជាពលរដ្ឋមួយភាគធំរស់នៅតំបន់ជនបទ និងមានជីវភាពពឹងផ្អែកលើការប្រមូលផលកសិកម្ម ។ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តវិស័យហិរញ្ញវត្ថុក្នុងការគាំទ្រយ៉ាងសកម្មលើវិស័យកសិកម្មតាមរយៈការផ្តល់កម្ចីទៅគ្រប់ខ្សែសង្វាក់ផលិតកម្មស្រូវចាប់ពីកសិករ ម្ចាស់រោងចក្រម៉ាស៊ីនកិនសូ្រវ និងពាណិជ្ជករទិញ-លក់ស្រូវ ។ ឥណទានលើវិស័យកសិកម្មមានប្រមាណ ២,៤៦០ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ១៥% នៃឥណទានសរុប ។ ការផ្តល់ឥណទានទៅវិស័យកសិកម្ម អាចផ្អែកលើស្ថានភាពហិរញ្ញវត្ថុ លំហូរសាច់ប្រាក់ ការរំពឹងលើការទទួលបានការទូទាត់ ប្រវត្តិនៃការទូទាត់ និងប្រវត្តិឥណទានតាមរយៈព័ត៌មានរបស់ការិយាល័យឥណទានកម្ពុជា អាស្រ័យតាមជំនាញផ្សេងៗគ្នារបស់គ្រឹះស្ថាននីមួយៗ ដោយមិនផ្អែកទាំងស្រុងតែទៅលើការដាក់ទ្រព្យបញ្ចាំនោះទេ។ សមាជិករបស់សមាគម ជឿជាក់ថាហិរញ្ញប្បទានសម្រាប់រោងម៉ាស៊ីនកិនស្រូវ ជាលទ្ធផលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ប្រជាកសិករខ្មែរយើង។
៥.ក្នុងស្ថានភាពដ៏លំបាកនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នឹងបន្តផ្តល់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវ និងពាណិជ្ជករទិញ-លក់ស្រូវ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានឥណទាន និងគាំទ្រដល់អាជីវកម្មរបស់ពួកគាត់។ យើងខ្ញុំនឹងបន្តតាមដានឥណទានចំពោះវិស័យកសិកម្មឲ្យបានហ្មត់ចត់ និងផ្តល់ការគាំទ្រចាំបាច់។ យើងខ្ញុំជឿជាក់ថា ភាពជោគជ័យរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គឺអាស្រ័យទាំងស្រុងលើជោគជ័យរបស់អតិថិជនរបស់យើងខ្ញុំ។