Advans ក្លាយជា​ម្ចាស់​ភាគហ៊ុនធំ នៅក្នុង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​អម្រឹត

Advans SA មានសេចក្តីសោមនស្ស​រីករាយ​សូម​ប្រកាស​ថា នៅពេល​នេះ​ក្រុមហ៊ុន​បាន​ក្លាយជា​ម្ចាស់ភាគហ៊ុនធំ​ នៅក្នុង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ អម្រឹត ​​នៃ​ប្រទេសកម្ពុជា​ហើយ ។ លោក ​ Claude Falgon​ ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​​របស់ ​អម្រឹត និង​ជា​នាយក​ប្រតិបត្តិ​របស់ Advans បាន​ថ្លែងថា៖ “យើង​ខ្ញុំ​មាន​មោទនភាព​សូម​ប្រកាស​ថា នៅពេល​នេះ អម្រឹត ​​ក្លាយ​ជា​សមាជិក​ពេញ​លេញ​នៃ Advans Group ហើយ​យើង​ជឿជាក់ថា ភាពជាដៃគូ​ដ៏រឹង​មាំរបស់យើង នឹងផ្ដល់ផល​ប្រយោជន៍​ដល់ អម្រឹត និង​ការអភិវឌ្ឍ របស់​ក្រុមហ៊ុន​ Advans ទាំង​មូល ។ ឆ្នាំ២០០៦ គឺជា​ឆ្នាំដំបូងដែល​​ក្រុមហ៊ុន Advans បានមកវិនិយោគជាមួយ អម្រឹត។

ក្នុងប្រតិបត្តិ​ការនៃដើមឆ្នាំ២០១៥ នេះ ធនាគារជាតិនៃកម្ពុជា​បានអនុញ្ញាតឲ្យក្រុមហ៊ុន​ Advans SA ទិញយក​ភាគ​ហ៊ុន អម្រឹត​ចំនួន ៨,៤ ភាគរយ បន្ថែមទៀត ដើម្បី​បង្កើន​ភាគហ៊ុន​របស់​ខ្លួន​ពី ៤៤,៤ ភាគរយ ទៅ​ដល់ ៥២,៨ ភាគ​រយ ។

អម្រឹត គឺជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ​នៅកម្ពុជា​ ដែល​ផ្ដល់​សេវាហិរញ្ញវត្ថុដល់សហគ្រាស​ខ្នាតតូចបំផុត តូច និង​មធ្យម (MSMEs) និងដល់​ប្រជាជន​ដែល​មាន​ប្រាក់ចំណូលពីទាប​ទៅមធ្យម ដោយ​ផ្ដោត​ ជា​ចម្បង​ទៅលើទីជនបទ​ វិស័យ​កសិកម្ម ទីរួមស្រុក និង​ទីរួមខេត្ត ។

បច្ចុប្បន្ននេះ អម្រឹត​ មាន​បុគ្គលិក​ចំនួនជាង ២,៩០០​ នាក់​ ហើយ​កំពុង​បម្រើ​សេវាកម្ម​ជូនអតិថិជន​ជាង ៣៦៧,០០០ នាក់ នៅតាមសាខា​ចំនួន ១២៨ ទីតាំង​ទូទាំង​ប្រទេស​កម្ពុជា ។ ក្នុង​នោះ អម្រឹត​ទទួលបាន​ប្រាក់​បញ្ញើ​ជាង ១៥៦ លាន​ដុល្លារ​អាមេរិក និង​ផ្ដល់​ប្រាក់​កម្ចីជាង ៣០៩ លានដុល្លារ​អាមេរិក ។

English