EN KH

តើមានអ្វីថ្មី

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC វិនិយោគ ជាមួយ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ​អម្រឹត ដើម្បីពង្រីក​សេវា​ឥណទានដល់​អាជីវកម្ម​ខ្នាតតូចបំផុត និង​ខ្នាតតូច

រាជធានីភ្នំពេញ ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៥៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានប្រកាសនៅថ្ងៃនេះថា អម្រឹត នឹងទទួលយកនូវកម្ចីឥណទានចំនួន ១០ លានដុល្លារអាមេរិក ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ IFC​​ ដែលជាសមាជិក របស់ World Bank Group ដើម្បីបង្កើនការផ្តល់ប្រាក់កម្ចីខ្នាតតូចបំផុតដល់អាជីវកម្មខ្នាតតូច និងបង្កើតឪកាសការងារ បន្ថែមទៀត ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ IFC ស្តីពីការវិភាគលើចំណុចខ្លាំង និងចំណុចខ្វះខាត ដើម្បីបង្កើនការគ្រប់គ្រងហានិភ័យដែល IFC នឹងធ្វើការត្រួតពិនិត្យការយល់ដឹងទៅលើការអនុវត្ត ដំណើរការ និងប្រព័ន្ធនៃការគ្រប់គ្រងហានិភ័យរបស់ អម្រឹត ព្រមទាំងធ្វើការផ្តល់ការប្រឹក្សាយោបល់ទៅលើចំនុចខ្វះខាត ដែលបានរកឃើញ ។ ទន្ទឹមនឹងការផ្តល់កម្ចីឥណទាន IFC ក៏បានវិនិយោគក្នុងការទិញយកភាគហ៊ុនចំនួន​ ១៩,៩% នៃភាគហ៊ុនសរុប របស់អម្រឹត ក្នុងខែមីនា ឆ្នាំ២០១៥ កន្លងមកនេះ​ ។

លោក ជា ផល្លារិន អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍ថា “ ដោយមានការជួ​យជ្រោមជ្រែង​ពីសំណាក់ IFC យើងពិតជាមានជំនឿយ៉ាងមុតមាំថា អាជីវកម្មរបស់​យើងនឹងរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយអាច ផ្តល់ប្រាក់កម្ចីបន្ថែមទៀតដល់​អាជីវកម្មខ្នាតតូច​ និងឥណទានបុគ្គល ។ ជាមួយនឹងតម្រូវការឥណទាន អតិថិជនអាចពង្រីក អាជីវកម្មរបស់ខ្លួនបន្ថែម ព្រមទាំងអាចផ្លាស់ប្តូរជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង ។

ក្នុងរយៈកាលពីរទសវត្សរ៍កន្លង​មក​នេះ វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅប្រទេសកម្ពុជា បានអភិវឌ្ឍ​យ៉ាង​លឿនជាមួយនឹង អត្រាកំណើន ​ប្រចាំឆ្នាំចន្លោះពី ៣០% ទៅ ៤០% និង​ផ្ដល់​ផល​ប្រយោជន៍​ដល់​អតិថិជនឥណទានចំនួនជាង ១,៩ លាន​ នាក់ ។ ទោះជាយ៉ាងនេះក្តី ​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុមួយចំនួន​​ នៅតែ​មានកម្រិត​តូច ហើយ​មិនទាន់​បានគ្របដណ្តប់ទូទាំងប្រទេសនៅឡើយទេ ។

លោក Adel Meer នាយក​គ្រប់គ្រង​ស្ថាប័ន​ហិរញ្ញ​វត្ថុ​​របស់ IFC ប្រចាំ​តំបន់​អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក​បាន​មាន​ប្រសាសន៍ ថា៖ “វិស័យមីក្រូហិរញ្ញវត្ថុ​នៅប្រទេសកម្ពុជា​គឺស្ថិត​ក្នុង​ដំណាក់​កាល​សំខាន់​នៃការ​អភិវឌ្ឍន៍ ហើយ IFC មានបំណងជួយ ជ្រោមជ្រែងដល់ស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឲ្យក្លាយជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ទទួលបានប្រាក់បញ្ញើ ឬទៅជា ធនាគារពាណិជ្ជ ។ តាមរយៈការវិនិយោគ និងការប្រឹក្សាយោបល់នេះ IFC នឹង​ជួយដល់​អម្រឹត​ក្នុង​ការ​ពង្រីក​សេវាឥណទាន​ទៅកាន់អាជីវកម្មខ្នាតតូច និងទៅលើវិស័យកសិកម្ម ព្រមទាំងឥណទានបុគ្គល នៅតាមខេត្ត នានា ក៏ដូចជា រួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ។

អំពី អម្រឹត
អម្រឹត គឺជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ​នៅកម្ពុជា​ ដែល​ផ្ដល់​សេវាហិរញ្ញវត្ថុដល់សហគ្រាស​ខ្នាតតូចបំផុត តូច និង​មធ្យម និងដល់​ប្រជាជន​ដែល​មាន​ប្រាក់ចំណូលពីទាប​ទៅមធ្យម ដោយ​ផ្ដោត​ជា​ចម្បង​ទៅលើទីជនបទ​ វិស័យ​កសិកម្ម និង សហគ្រាស​ខ្នាតតូច និង​មធ្យមនៅតាមទីរួមស្រុក និង​ខេត្តនានា ។ អម្រឹត​​ផ្ដល់ជូននូវ​សេវាប្រាក់កម្ចី និងសេវាប្រាក់បញ្ញើ ជាច្រើនប្រភេទ​ ដោយរាប់​បញ្ចូល​ទាំង​សេវាឥណទាន​ក្រុមធានា ឥណទាន​បុគ្គល ឥណទានសហគ្រាសខ្នាតតូចនិងមធ្យម ​គណនីសន្សំ និង​ការ​ដាក់​ប្រាក់​បញ្ញើតាម​កាល​កំណត់ ។ គិតមកត្រឹម ខែ មេសា ឆ្នាំ ២០១៥ អម្រឹត​ មាន​បុគ្គលិក​ចំនួនជាង ២.៩០០​ នាក់​ ហើយ​កំពុង​បម្រើ​សេវាកម្ម​ជូនអតិថិជន​ជាង ៣៦៧.០០០ នាក់ នៅតាមសាខា​ចំនួន ១២៩ ទីតាំង​ទូទាំង​ប្រទេស​កម្ពុជា ។ ក្នុង​នោះ អម្រឹត​ទទួលបាន​ប្រាក់​បញ្ញើ​ជាង ១៦៦ លាន​ដុល្លារ​អាមេរិក និង​ផ្ដល់​ប្រាក់​កម្ចីជាង ៣៣០ លានដុល្លារ​អាមេរិក ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅកាន់​គេហទំព័រ www.amret.com.kh

អំពី IFC
IFC ដែលជាសមាជិក​របស់​ World Bank Group គឺជា​ស្ថាប័នមួយដ៏មានឥទ្ធិពលក្នុងការជំរុញការអភិវឌ្ឍន៍ជុំវិញ ពិភពលោក ដោយ​ផ្ដោតទាំងស្រុងទៅ​លើវិស័យ​ឯកជន ។ ដោយ​ធ្វើការជាមួយ​សហគ្រាស​ឯកជននៅក្នុង​បណ្ដា​​ប្រទេស​ប្រមាណជា ១០០ ប្រទេស យើង​ប្រើ​ប្រាស់​ដើមទុន ជំនាញ និង​ឥទ្ធិពល​របស់​យើង​ដើម្បីជួយ​លុប​បំបាត់ភាព​ក្រីក្រ និងបង្កើនការលើកស្ទួយភាពរុងរឿង ។ នៅក្នុង​ឆ្នាំ ២០១៤ យើង​បានផ្ដល់​ហិរញ្ញប្បទាន​ជាង ២២ ពាន់​លានដុល្លារ​អាមេរិក ​​ដើម្បី​លើក​កម្ពស់​គុណភាពជីវិត​នៅ​ក្នុង​បណ្ដាប្រទេស​កំពុង​អភិវឌ្ឍ ហើយ​ដោះស្រាយបញ្ហា​ប្រឈម​បន្ទាន់​នានា​ដែល​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍន៍ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមចូលទៅកាន់​គេហទំព័រ៖ www.ifc.org
img

តំបន់ប្រតិបត្តិការរបស់អម្រឹត

img



img
ភ្ជាប់ទំនាក់ទំនងជាមួយ អម្រឹត តាមរយៈ