"កម្ចីឌីជីថល" ឱកាសទទួលបាន-iphone 16 pro max ១រង្វាន់ និងទឹកប្រាក់ ១០០.០០០រៀល ចំនួន២៤រង្វាន់
Nov 22, 2024
អតិថិជន ២រូបរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានចែករំលែកអំពីរឿងរ៉ាវជោគជ័យរបស់ពួកគាត់ ក្នុងការវិវឌ្ឍន៍ខ្លួនពីកសិករបែបប្រពៃណីទៅជាកសិសហគ្រិនស្រ្តីឈានមុខនៅក្នុងសហគមន៍។ រឿងរ៉ាវរបស់ពួកគាត់ជាកញ្ចក់ឆ្លុះបញ្ចាំងដ៏មានឥទ្ធិពល ដែលបង្ហាញពីលទ្ធភាពរបស់ស្ត្រីក្នុងការដើរតួនាទីកាន់តែសំខាន់នៅក្នុងអាជីវកម្មគ្រួសារ និងដើម្បីលើកកម្ពស់សហគមន៍របស់ខ្លួន។
បងស្រី ឡោ ភ័ក្រ
កសិសហគ្រិន អាយុ៣៤ឆ្នាំ និងជាម្ចាស់ដីស្រែនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម
១. ក្នុងនាមជាកសិសហគ្រិន សូមបងស្រីរៀបរាប់បន្ថែមអំពីអាជីវកម្មរបស់បង!
បងស្រី ឡោ ភ័ក្រ៖ បច្ចុប្បន្ន ខ្ញុំគ្រប់គ្រងអាជីវកម្មមួយ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយផ្តោតលើការផ្តល់ជូនសេវាកម្មច្រូតកាត់ដោយប្រើម៉ាស៊ីនទំនើប ដើម្បីជួយកសិករមូលដ្ឋានអំឡុងរដូវប្រមូលផល។ លើសពីនេះ ខ្ញុំមានដីស្រែចំនួន ៥៧ហិកតា ដែលផ្ដល់ទិន្នផលប្រចាំឆ្នាំជាង ៤០០តោន ដើម្បីជួយគាំទ្រដល់ទីផ្សារក្នុងស្រុក។
២. តើបងស្រីអាចរៀបរាប់ត្រួសៗអំពីដំណើរវិវឌ្ឍន៍ខ្លួនរបស់បងស្រីទៅជាកសិសហគ្រិនបានទេ?
បងស្រី ឡោ ភ័ក្រ៖ ដោយបានធំធាត់នៅក្នុងគ្រួសារកសិករ ខ្ញុំចង់ចូលរួមចំណែកដើម្បីធ្វើឱ្យមានការរីកចម្រើននៅក្នុងសហគមន៍របស់ខ្ញុំ។ គិតឃើញបែបនេះ ខ្ញុំក៏បានចាប់ផ្តើមអាជីវកម្មផ្នែកកសិកម្មខ្នាតតូចមួយនៅឆ្នាំ២០១៧ ជាមួយនឹងការវិនិយោគដំបូងលើម៉ាស៊ីនច្រូតស្រូវ ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មក្នុងរដូវប្រមូលផលខ្ពស់។ ការផ្ដល់សេវាកម្មប្រកបដោយប្រសិទ្ធភាពនិងផលិតភាពនេះ ទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័សក្នុងចំណោមកសិករមូលដ្ឋាន ពីព្រោះវាជួយកាត់បន្ថយការចំណាយលើកម្លាំងពលកម្ម និងលុបបំបាត់ហានិភ័យនៃការធ្លាក់ចុះគុណភាពស្រូវដោយសារការពន្យារពេលប្រមូលផល។
តម្រូវការសេវាកម្មច្រូតកាត់នេះបានកើនឡើងយ៉ាងឆាប់រហ័ស ខណៈកសិករកាន់តែច្រើនបានផ្លាស់ប្តូរពីការច្រូតកាត់បែបប្រពៃណីទៅរកការប្រើប្រាស់ម៉ាស៊ីនច្រូតកាត់ទំនើប ដែលអាជីវកម្មរបស់ខ្ញុំផ្តល់ជូន។ ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងយ៉ាងខ្លាំងនេះ ខ្ញុំបានទិញម៉ាស៊ីនច្រូតស្រូវមួយទៀតហើយអាចបង្កើនសមត្ថភាពទ្វេដង ដែលអាចច្រូតកាត់លើផ្ទៃដីស្រែជាង ៤០០ហិកតាក្នុងមួយរដូវ។ នាពេលអនាគតដ៏ខ្លីខាងមុខ ខ្ញុំមានគម្រោងពង្រីកអាជីវកម្មរបស់ខ្ញុំទៅដល់កសិករលក្ខណៈគ្រួសារឱ្យកាន់តែពេញទំហឹងជាងមុន ទាំងនៅក្នុងសហគមន៍ខ្ញុំផ្ទាល់ និងតំបន់ដទៃទៀត។
ការដាក់បញ្ចូលគ្រឿងយន្តក្នុងដំណើរការបង្កបង្កើនផលស្រូវ ពិតជាបានផ្តល់ផលប្រយោជន៍ច្រើនដល់កសិករលក្ខណៈគ្រួសារ ហើយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្លាស់ប្តូរសហគមន៍របស់យើង។ បច្ចុប្បន្ន កសិករក្នុងតំបន់កាន់តែមានឆន្ទៈក្នុងការវិនិយោគលើដីស្រែខ្នាតធំដែលទាមទារឱ្យមានដំណោះស្រាយកសិកម្មទំនើបដែលអាចជឿទុកចិត្តបាន ចំណាយតិច និងចំណេញពេលវេលា។ លើសពីនេះទៀត វាជួយត្រួសត្រាយផ្លូវសម្រាប់កសិករលក្ខណៈប្រពៃណីឱ្យដើរតួនាទីកាន់តែសំខាន់នៅក្នុងសង្គមដោយជួយដល់ដំណើរការវិវឌ្ឍន៍របស់ពួកគេ ទៅជាកសិសហគ្រិន។
ប្អូនស្រី អ៊ី សុខនាត
កសិសហគ្រិន អាយុ២៧ឆ្នាំ និងជាម្ចាស់ដីស្រែនៅស្រុកជើងព្រៃខេត្តកំពង់ចាម
១. ក្នុងនាមជាកសិសហគ្រិន សូមប្អូនស្រីរៀបរាប់បន្ថែមអំពីអាជីវកម្មរបស់ប្អូន!
ប្អូនស្រី អ៊ី សុខនាត៖ ក្រៅពីធ្វើស្រែតូចមួយនៅស្រុកជើងព្រៃ ខ្ញុំមានអាជីវកម្មមួយទៀត ដែលផ្តល់នូវសេវាកម្មភ្ជួររាស់ដោយប្រើមគ្រឿងយន្ត និងសេវាកម្មចាក់បំពេញដី សម្រាប់កសិករលក្ខណៈគ្រួសារទាំងនៅក្នុងភូមិនិងតំបន់ជុំវិញ។
២. តើប្អូនស្រីអាចរៀបរាប់ត្រួសៗអំពីដំណើរវិវឌ្ឍន៍ខ្លួនរបស់ប្អូនស្រីទៅជាកសិសហគ្រិនបានទេ?
ប្អូនស្រី អ៊ី សុខនាត៖ ដើម្បីក្លាយខ្លួនជាសហគ្រិនមួយរូប គឺតម្រូវឱ្យមានភាពច្នៃប្រឌិត និង មានឆន្ទៈក្នុងការទាញយកឱកាសដែលមាន។ ដំបូងឡើយ ខ្ញុំមានដីស្រែតែមួយហិកតាប៉ុណ្ណោះ ដែលផ្តល់ប្រាក់ចំណូលតិចតួចសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំ។ ទោះបីប្រឈមការលំបាកយ៉ាងណាក្តី ក៏ខ្ញុំខិតខំសន្សំប្រាក់រហូតមានលទ្ធភាពទិញត្រាក់ទ័រខ្នាតមធ្យមមួយគ្រឿង ហើយឆ្លៀតឱកាសចាប់ផ្តើមផ្តល់សេវាកម្មភ្ជួររាស់ដីនៅឆ្នាំ២០១៨។
អាជីវកម្មបានចាប់ផ្តើមមានដំណើរការយ៉ាងល្អ ដោយខ្ញុំបានផ្តល់សេវាកម្មភ្ជួររាស់ដីស្រែជាង៥០ ហិកតាក្នុងមួយរដូវ ប៉ុន្តែវាបានធ្លាក់ចុះបន្តិចម្តងៗ ដោយសារដៃគូប្រកួតប្រជែងមានការកើនឡើងជាបន្តបន្ទាប់។ ថ្វីត្បិតតែអាជីវកម្មភ្ជួររាស់ហាក់មិនមាននិរន្តរភាព ប៉ុន្តែវាគឺជាមូលដ្ឋានគ្រឹះសម្រាប់ជាទុនទៅថ្ងៃអនាគតរបស់ខ្ញុំ និងជាសញ្ញានៃការចាប់ផ្តើមដ៏ជោគជ័យរបស់ខ្ញុំក្នុងនាមជាសហគ្រិនម្នាក់។
នៅឆ្នាំ២០១៩ ខ្ញុំបានស្នើសុំកម្ចីអាជីវកម្មពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដើម្បីមានដើមទុនយកទៅទិញឡានដឹកដីធុនមធ្យមមួយគ្រឿង ដែលជាការវិនិយោគដំបូងរបស់ខ្ញុំ។ ការស្វែងរកអតិថិជនមិនជាបញ្ហាចោទទេដោយសារខ្ញុំមានទំនាក់ទំនងល្អជាមួយអតិថិជនរបស់ខ្ញុំពីមុន។
វារីកចម្រើនលឿនជាងអ្វីដែលខ្ញុំរំពឹងធ្វើឱ្យខ្ញុំមានថវិការកាន់តែច្រើនដើម្បីទិញឧបករណ៍បន្ថែម។ រហូតមកដល់ពេលនេះ ខ្ញុំមានឡានដឹកដីចំនួន២គ្រឿង និងត្រាក់ទ័រចំនួន២គ្រឿង រួមជាមួយរថយន្តដឹកដីចំនួន១០គ្រឿងផ្សេងទៀតរបស់អ្នកម៉ៅការឯកជនដែលធ្វើការជាមួយខ្ញុំ។ ជាមធ្យម ខ្ញុំដឹកដីជាង ២០០ ម៉ែត្រគូបជារៀងរាល់ថ្ងៃសម្រាប់កសិករទាំងនៅក្នុងមូលដ្ឋាន និងតំបន់ជុំវិញ។
ត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ ខ្ញុំបានផ្លាស់ប្តូរខ្លួនឯងពីកសិករបែបប្រពៃណីទៅជាកសិសហគ្រិនឈានមុខមួយរូបនៅក្នុងសហគមន៍របស់ខ្ញុំ។ ភាពជោគជ័យរបស់ខ្ញុំនឹងមិនអាចទៅរួចឡើយ បើគ្មានភាពក្លាហាន វិន័យ និងការសម្រេចចិត្តដើម្បីចាប់យកឱកាសដែលមាន៕
Share To:
Nov 22, 2024
Nov 11, 2024
Oct 09, 2024
Oct 08, 2024