អម្រឹតសូមចូលរួមអបអរសាទរ ”ទិវាប្រាក់រៀល” ជាមួយធនាគារជាតិនៃកម្ពុជាពីខេត្តសៀមរាប
Dec 12, 2024
ពីមុនមកដំណាំកៅស៊ូត្រូវបានគេចាត់ទុកថាជាដំណាំឧស្សាហកម្មសម្រាប់តែសហគ្រាសខ្នាតធំតែ ប៉ុណ្ណោះ ប៉ុន្តែដោយមើលឃើញ
ពីលទ្ធភាពទទួលបានប្រាក់ចំណេញខ្ពស់ពីដំណាំឧស្សាហកម្មមួយនេះ ទើបជំរុញឱ្យកសិករជាច្រើនគ្រួសារក្នុងស្រុកព្រែកប្រសព្វ
ខេត្តក្រចេះ ដើរតាមគន្លង ជោគជ័យរបស់ បងស្រី មាគ ផានី ក្នុងការដាំដុះដំណាំកៅស៊ូជាលក្ខណៈគ្រួសារ។
១. តើកត្តាអ្វីខ្លះបានជំរុញឱ្យបងស្រីចាប់ផ្ដើមអាជីវកម្មចម្ការកៅស៊ូ?
ខ្ញុំបានកើតនិងធំធាត់ក្នុងគ្រួសារកសិករ ដូច្នេះខ្ញុំតែងតែចិញ្ចឹមចិត្តចង់ចាប់ផ្ដើមមុខរបរថ្មីមួយដោយខ្លួន ឯង ដើម្បីលើកមុខមាត់គ្រួសារ លើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ និងត្រៀមដើមទុន ដើម្បី បង្កើត អាជីវកម្មផ្ទាល់ខ្លួននាពេលអនាគត។ ហេតុផលទាំងអស់នេះបានជំរុញ ឱ្យខ្ញុំប្រឡូក ក្នុង អាជីវកម្ម ចម្ការ កៅស៊ូ។
មុនពេលផ្លាស់ប្ដូរមកដាំដំណាំកៅស៊ូខ្ញុំមានចម្ការដំឡូងមីត្រឹមតែប៉ុន្មានហិកតាប៉ុណ្ណោះ ដែលពុកម៉ែ ចែកឱ្យ។ ទោះបីចម្ការដំឡូងមីផ្ដល់ទិន្នផលខ្ពស់ ប៉ុន្តែពុំសូវបានប្រាក់ចំណេញច្រើនឡើយ ដោយសារតែតម្លៃទីផ្សារទាប ហើយឡើងចុះមិនទៀងទាត់។
២. តើបងស្រីអាចរៀបរាប់អំពីដំណើរការនៃការដាំដំណាំកៅស៊ូបានទេ?
ដូចដំណាំដទៃទៀតដែរ ដំណើរការដាំដុះគឺចាប់ផ្តើមដោយការរៀបចំដី។ បនា្ទប់មកនៅពេលកូនកៅស៊ូលូតលាស់ តម្រូវឱ្យមានការថែទាំដិតដល់ដូចជា ការបាញ់ថ្នាំសម្លាប់សត្វល្អិត និងការដាក់ជី ដែលត្រូវធ្វើ២ដងក្នុងមួយឆ្នាំ។ ក្រៅពីនេះគឺការធ្វើស្មៅដែលត្រូវធ្វើ២សប្តាហ៍ម្តង ជាទៀងទាត់។ ដំណើរការទាំងមូល គឺត្រូវធ្វើជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំទី៦។
នៅឆ្នាំទី៦ ដើមកៅស៊ូនឹងលូតលាស់ធំល្មមដែលអាចបង្កើតជ័របាន។ ចំពោះការប្រមូលផលជ័រកៅស៊ូ ស្វាមីរបស់ខ្ញុំនិងរូបខ្ញុំ ត្រូវធ្វើដំណើរទៅកាន់ចម្ការនៅម៉ោង៧ល្ងាច។ ជាដំបូង គឺយើងចៀរសំបកដើមកៅស៊ូនីមួយៗដោយប្រុងប្រយ័ត្ន បន្ទាប់មកប្រើចានជ័រដើម្បីត្រងជ័រកៅស៊ូដែលហូរ។
យើងទុកជ័រនៅទីនោះ ហើយវិលត្រលប់មកវិញនៅពេលព្រឹក ដើម្បីបង្កកជ័ររាវជាមួយសារធាតុគីមី ដើម្បីបំលែងវាទៅជាជ័រកៅស៊ូរឹង។ ២ដងក្នុងមួយសប្តាហ៍ ប្តីរបស់ខ្ញុំបានដឹកជ័រកៅស៊ូរឹងនោះដោយផ្ទាល់ទៅលក់ឱ្យឈ្មួញក្នុងស្រុក និងអន្តរជាតិ។ យើងអាចផ្គត់ផ្គង់ជ័រកៅស៊ូធម្មជាតិបានជាង ៥២តោន នៅក្នុងឆ្នាំ២០២០។
៣. តើបងស្រីគ្រប់គ្រងការចំណាយយ៉ាងដូចម្តេច អំឡុងពេលដំាដុះដើមកៅស៊ូ?
ការស្វែងរកដើមទុនដើម្បីទ្រទ្រង់ចម្ការកៅស៊ូ គឺជារឿងមួយដ៏ពិបាក។ ការវិនិយោគពីដំបូងវាមានទំហំធំរួចទៅហើយ។ បន្ទាប់មកទៀត យើងត្រូវចំណាយជាប្រចាំក្នុងការដាក់ជី និងបាញ់ថ្នាំសម្លាប់សត្វល្អិត ក្នុងអំឡុងពេលលូតលាស់ ហើយបរិមាណនេះកើនឡើងជាបន្តបន្ទាប់នៅឆ្នាំបន្ទាប់។ ទម្រាំតែបានផលគឺដល់ឆ្នាំទី៦។ ដូច្នេះប្រសិនបើគ្មានប្រភពចំណូលទៀងទាត់ និងការគ្រប់គ្រងលំហូរសាច់ប្រាក់បានត្រឹមត្រូវទេ គឺយើងមិនអាចជោគជ័យនៅក្នុងអាជីវកម្មមួយនេះបានទេ។
ដើម្បីផ្គត់ផ្គង់ការចំណាយ ខ្ញុំបានដាំដំណាំបន្ទាប់បន្សំនៅលើចម្ការរបស់ខ្ញុំក្នុងពេលតែមួយ ដូចជាសណ្តែកសៀង ឪឡឹក និងដំឡូងមី ជាដើម គឺដាំនៅចន្លោះកូនកៅស៊ូតែម្តង។ ទិន្នផលបានពីដំណាំទាំងអស់នេះ បានជួយផ្តល់ថវិកាចាំបាច់សម្រាប់ផ្គត់ផ្គង់ដល់ចម្ការកៅស៊ូរបស់ខ្ញុំ។
៤. តើផែនការរយៈពេលខ្លីរបស់បងស្រីមានអ្វីខ្លះ?
ពីមួយឆ្នាំទៅមួយឆ្នាំបណ្តាញចែកចាយរបស់ខ្ញុំកើនឡើងជាបន្តបន្ទាប់ ដូច្នេះគម្រោងបន្ទាប់របស់ខ្ញុំគឺសាងសង់ឃ្លាំងស្តុកជ័រកៅស៊ូ និងទិញរថយន្តដឹកទំនិញថ្មីមួយទៀត ដើម្បីធានាដល់ការដឹកជញ្ជូន ជ័រកៅស៊ូបានទាន់ពេលវេលា ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។
៥. ក្នុងនាមជាសហគ្រិនស្ត្រីមួយរូប តើបងស្រីបានរួមចំណែកយ៉ាងដូចម្តេចសម្រាប់សហគមន៍?
ខ្ញុំជឿថាតាមរយៈអាជីវកម្មបច្ចុប្បន្នរបស់ខ្ញុំ គឺខ្ញុំបានចូលរួមចំណែកជាវិជ្ជមានក្នុងការលើកស្ទួយសេដ្ឋកិច្ចសហគមន៍ ដោយផ្តល់ឱកាសការងារដល់កម្មករចៀរជ័រកៅស៊ូជាដើម។
ក្រៅពីនេះ ខ្ញុំបានដើរតួជាអ្នកពិគ្រោះយោបល់ ដល់កសិករដែលមានបំណងចង់ធ្វើអាជីវកម្មដាំដំណាំកៅស៊ូ ដោយណែនាំពួកគាត់ពីដំណើរការដាំដុះទាំងស្រុង រាប់ចាប់ពីការរៀបចំដីរហូតដល់ការចៀរជ័រកៅស៊ូ។
ជាមួយគ្នានេះដែរ ខ្ញុំបានផ្តល់ជូនកសិករក្នុងសហគមន៍នូវកូនកៅស៊ូ និងជីដែលមានតំលៃសមរម្យ ដើម្បីជួយពួកគេឱ្យចាប់ផ្តើមធ្វើចម្ការរបស់ពួកគេបាន។ គិតត្រឹមខែនេះ ខ្ញុំបានទទួលការបញ្ជាទិញកូនកៅស៊ូជាង២ម៉ឺនដើមពីកសិករក្នុងសហគមន៍។ ខ្ញុំជឿថា ទោះបីការរួមចំណែករបស់ខ្ញុំសម្រាប់សហគមន៍មានភាពសាមញ្ញ ប៉ុន្តែវាបានផ្ដល់ផលវិជ្ជមានដល់សហគមន៍របស់ខ្ញុំយ៉ាងពិតប្រាកដ៕
Share To:
Nov 22, 2024
Nov 11, 2024