អម្រឹតសូមចូលរួមអបអរសាទរ ”ទិវាប្រាក់រៀល” ជាមួយធនាគារជាតិនៃកម្ពុជាពីខេត្តសៀមរាប
Dec 12, 2024
គ្រាប់ស្វាយចន្ទី គឺជាដំណាំដែលមានតម្រូវការខ្ពស់ឥតឈប់ឈរទាំងក្នុង និងក្រៅប្រទេស។ បើយោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២១ នេះ កម្ពុជាបាននាំ ចេញគ្រាប់ស្វាយចន្ទីចំនួន ៨០១,៧៣២ តោន ទៅកាន់ទីផ្សារបរទេស ដូចជាប្រទេសវៀតណាម ថៃ ចិន ឥណ្ឌា ជប៉ុន និងអារ៉ាប់រួម។
ដោយមើលឃើញពីឱកាស ក៏ដូចជាតម្រូវការកើនឡើងឥតឈប់ឈរ បងស្រី ហ៊ឹម ស៊ីឌឿន អាយុ ២៨ឆ្នាំ ម្ចាស់ចម្ការស្វាយចន្ទី ក្នុងខេត្តកំពង់ធំ បានចែករំលែកបទពិសោធន៍អំពីការគ្រប់គ្រងអាជីវកម្មគ្រាប់ស្វាយចន្ទីរបស់គាត់។
លោកស្រី ហ៊ឹម ស៊ីឌឿន
សូមបងស្រីរៀបរាប់ត្រួសៗអំពីខ្លួនបង និងពណ៌នាអំពីអាជីវកម្មរបស់បង?
ខ្ញុំមានមហិច្ឆតាចង់ក្លាយជាសហគ្រិនជោគជ័យម្នាក់លើវិស័យកសិកម្ម ហើយខ្ញុំ និងស្វាមី បានឈានចូលក្នុងវិស័យកសិកម្មដំបូងដោយប្រកបរបរធ្វើស្រែប្រាំង នៅលើផ្ទៃដីត្រឹមតែ១ហិកតាប៉ុណ្ណោះ ។
អាជីវកម្មរបស់ខ្ញុំ ដំណើរការបានយ៉ាងល្អ ហើយពួកយើងក៏បានពង្រីកដីរហូតដល់ ១០ហិកតា ប៉ុន្តែដោយសារកង្វះទឹកប្រើប្រាស់ ធ្វើឱ្យយើងជួបការលំបាកខ្លះៗ ហើយក៏សម្រេចចិត្តផ្អាកអាជីវកម្មស្រូវប្រាំងនេះមួយរយៈ។ បន្ទាប់ពីនេះនៅក្នុងឆ្នាំ២០១៧ ខ្ញុំសង្កេតឃើញមានតម្រូវការគ្រាប់ស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំមានការកើនឡើង ជាហេតុធ្វើឱ្យខ្ញុំមានការចាប់អារម្មណ៍ ហើយក៏សម្រេចចិត្តសាកល្បងទៅលើអាជីវកម្ម គ្រាប់ស្វាយចន្ទីនេះតែម្តង។
តើកត្តាចម្បងអ្វីខ្លះដែលបង្វែរការចាប់អារម្មណ៍របស់បងមកលើអាជីវកម្មគ្រាប់ស្វាយចន្ទី?
ជាការពិតណាស់ យើងបានឈានជើងចូលក្នុងវិស័យអាជីវកម្មគ្រាប់ស្វាយចន្ទីដំបូងដោយសារសង្កេតឃើញពីឱកាសនៃតម្រូវការផ្គត់ផ្គង់ខ្ពស់ក្នុងទីផ្សារទាំងក្នុងនិងក្រៅស្រុក។ បន្ទាប់ពីវគ្គចែករំលែកពី សមាគមស្វាយចន្ទីកម្ពុជា យើងក៏ចាប់ផ្តើមមានចំណាប់អារម្មណ៍ និងបន្តស្វែងយល់បន្ថែមអំពីអាជីវកម្មគ្រាប់ស្វាយចន្ទីនេះ។
គ្រាប់ស្វាយចន្ទីមិនតម្រូវឱ្យយើង យកចិត្តទុកដាក់ច្រើនដូចរុក្ខជាតិ ឬដំណាំផ្សេងទៀតឡើយ វាទាមទារឱ្យយើងធ្វើការថែទាំក្នុងដំណាក់កាលដំបូង ដូចជាស្រោចទឹក និងដាក់ជីឱ្យបានទៀងទាត់។ បន្ទាប់ពីដើមធំល្មម យើងត្រូវថែទាំ ក៏ដូចជាយកចិត្តទុកដាក់លើ ៣ដំណាក់កាលប៉ុណ្ណោះក្នុងមួយរដូវកាលនៃការដាំដុះរបស់វា។
ប៉ុន្មានឆ្នាំក្រោយមកនេះ គ្រាប់ស្វាយចន្ទីរបស់ខ្ញុំបានផ្តល់ទិន្នផលពី ៤តោន រហូតដល់ ២០តោន នៅលើផ្ទៃដីដាំដុះប្រមាណជា១០ហិកតា ដែលក្នុងនោះគ្រាប់ស្វាយចន្ទីជាមធ្យមទទួលបាន ៥ពាន់រៀលក្នុងមួយគីឡូក្រាម អាស្រ័យទៅតាមរដូវកាលនៃការបញ្ជាទិញ។
ដោយសារតែមានតម្រូវការខ្ពស់ក្នុងទីផ្សារ ដូចនេះគ្រាប់ស្វាយចន្ទីដែលខ្ញុំប្រមូលផលបាន នឹងមានឈ្មួញចុះមកទិញដោយផ្ទាល់ ភាគច្រើនមកពីរោងចក្រធំៗសម្រាប់ធ្វើការផ្គត់ផ្គង់នៅក្នុងទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៃការដាំដុះស្វាយចន្ទីនេះ យើងបានពង្រីកផ្ទៃដីដាំដុះរហូតដល់ ២០ហិកតា។
តើបញ្ហាប្រឈមអ្វីខ្លះដែលបងតែងតែជួបប្រទះ?
សត្វល្អិត និងដង្កូវគឺជាបញ្ហាចម្បងដែលយើងតែងតែជួបប្រទះ ហើយយើងជឿថាបញ្ហានេះក៏ជាកង្វល់សម្រាប់កសិករមួយចំនួនផងដែរ។ ដើម្បីដោះស្រាយលើបញ្ហានេះ យើងត្រូវដឹងអំពីដំណើរការនៃការដាំដុះ និងយល់ច្បាស់អំពីដំណាំ ក៏ដូចជាការដាក់ជី និងថ្នាំសម្លាប់សត្វល្អិតជាដើម។ ឧទាហរណ៍៖ ខ្ញុំតែងតែធ្វើការពិសោធជាមួយជីដែលមានប្រភេទផ្សេងៗគ្នា ថាតើជីប្រភេទណាដែលអាចផ្តល់ទិន្នផលកាន់តែប្រសើរដល់ដំណាំរបស់ខ្ញុំ។
បន្ទាប់ពីនោះយើងក៏មានការចំណាយផ្សេងៗទៀតជាច្រើនលើជីលាមកសត្វ និងថ្នាំសម្លាប់សត្វល្អិតជាទៀងទាត់ពេញមួយរដូវកាលនៃការលូតលាស់ផងដែរ។ លំហូរសាច់ប្រាក់ គឺជាកង្វល់មួយក្នុងដំណើរការនេះ ហើយយើងក៏ទទួលជំនួយពីគ្រួសារ ហើយបន្ថែមពីនេះយើងក៏ទទួលបានដើមទុនដែលអាចបត់បែនបាន ដែលផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត សម្រាប់តម្រូវការពង្រីកអាជីវកម្មរបស់ យើង។ បើគ្មានការគាំទ្រដែលអាចទុកចិត្តបាន និងការគ្រប់គ្រងលំហូរសាច់ប្រាក់ប្រកបដោយ ប្រសិទ្ធភាពទេ នោះវាពិតជាពិបាកក្នុងការរក្សាអាជីវកម្មមួយឱ្យដំណើរការទៅមុខបាន។
ក្នុងនាមជាសហគ្រិនស្ត្រី តើបងមានយោបល់អ្វីខ្លះដល់ស្ត្រីដែលចង់ពង្រីកអាជីវកម្ម?
ការប្រកបអាជីវកម្មមួយទាមទារឱ្យមានការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់។ កុំខ្លាចក្នុងការហត់នឿយ ហើយដើរចេញពីតំបន់ស្រណុករបស់អ្នក ដើម្បីស្វែងយល់បន្ថែមពីវិស័យកសិកម្ម។
តម្រូវការ និងទិន្នផលអាចមានការប្រែប្រួលជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែភាពជោគជ័យនៃអាជីវកម្ម មិនមែនកើតឡើងត្រឹមតែមួយយប់នោះទេ។ ចូរកុំបោះបង់ក្តីសង្ឃឹម ការប្រឹងប្រែង និងការអត់ធ្មត់ដែលធ្វើឡើងជារៀងរាល់ថ្ងៃ អាចនាំអ្នកទៅកាន់អនាគតប្រកបដោយផ្លែផ្កា។
Share To:
Nov 22, 2024
Nov 11, 2024