• Home
  • ព័ត៌មាន
  • សេចក្តីប្រកាសព័ត៌មាន អំពីការបញ្ចប់ជាស្ថាពរនៃការទិញយកភាគហ៊ុនចំនួន ៨០% នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ពីសំណាក់ Bank SinoPac (ធនាគារ សាយណូផេក)

សេចក្តីប្រកាសព័ត៌មាន អំពីការបញ្ចប់ជាស្ថាពរនៃការទិញយកភាគហ៊ុនចំនួន ៨០% នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ពីសំណាក់ Bank SinoPac (ធនាគារ សាយណូផេក)

Jan 15, 2025

រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥​

 

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក មានសេចក្តីសោមនស្សរីករាយសូមធ្វើការប្រកាសជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ BankSinoPac(នាគារ សាយណូផេ)មកពីកោះចិនតៃវ៉ាន់បានបិទបញ្ចប់ជាស្ថាពរដោយជោគជ័យនូវដំណើរការទិញយកភាគហ៊ុនចំនួន៨០%នៅក្នុងអម្រឹត​ បន្ទាប់ពីទទួលបានការអនុញ្ញាតជាផ្លូវការពីអាជ្ញាធរអាណាព្យាបាលពាក់ព័ន្ធនានារបស់ស្ថាប័នទាំងពីរ។​

 

នៅពេលនេះ Bank SinoPac បានក្លាយទៅជាភាគទុនិកធំរបស់ អម្រឹត។ ចំណែកឯអតីតភាគទុនិកធំរបស់ អម្រឹត គឺ ស្ថាប័ន Advans  បានធ្វើការលក់ភាគហ៊ុនរបស់ខ្លួនទាំងស្រុង ស្របពេលដែលភាគទុនិកសំខាន់របស់ អម្រឹត ចំនួន០២ ផ្សេងទៀត គឺសារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC)ដែលជាក្រុមហ៊ុនវិនិយោគរបស់ធនាគារពិភពលោក និងធនាគារវិនិយោគនៃប្រទេសហូឡង់(FMO)បានធ្វើការលក់ភាគហ៊ុនរៀងៗខ្លួនចំនួនពាក់កណ្តាលហើយចំពោះភាគហ៊ុនដែលនៅសល់នឹងត្រូវបានកាត់បន្ថយជាបន្តបន្ទាប់សម្រាប់រយៈពេលយ៉ាងហោចណាស់ ០២ឆ្នាំទៅមុខ ដើម្បីធានាឲ្យបានការផ្លាស់ប្តូរភាគទុនិកថ្មីដោយរលូននៅក្នុង អម្រឹត។ បន្ទាប់មក Bank SinoPac នឹងធ្វើការកាន់កាប់ភាគហ៊ុនចំនួន ១០០% តែម្តងនៅក្នុង អម្រឹត

 

Bank SinoPac គឺជាធនាគារពាណិជ្ជដ៏ធំមួយ ជាមួយនឹងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកោះចិនតៃវ៉ាន់ និងនៅតាមបណ្តាប្រទេស និងតំបន់មួយចំនួនទៀតដូចជា ​ប្រទេស​ចិន ទីក្រុងហុងកុង ប្រទេសវៀតណាម និងសហរដ្ឋ​អាមេរិក។ ការទិញយកភាគហ៊ុននៅក្នុង អម្រឹត នេះ គឺជាផែនការវិនិយោគមួយរបស់ Bank SinoPac ក្នុងការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបន្ថែមទៀតចូលទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់ត្រូវបានចាត់ទុកថាកំពុងមានការកើនឡើងសក្តានុពលនៃការអភិវឌ្ឍន៍។

 

 

អម្រឹត គឺជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រតិបត្តិការអាជីវកម្មនៅតាមសាខាចំនួន ១៥០ និងកំពុងបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជនរបស់ខ្លួនច្រើនជាង ៦៣ ម៉ឺននាក់។

 

Bank SinoPac បានលើកឡើងថា “ប្រទេសកម្ពុជាដែលមានសេដ្ឋកិច្ចកំពុងរីកលូតលាស់ខ្លំាង រួមជាមួយនឹងប្រជាជន                វ័យក្មេងប្រកបដោយថាមពល បានផ្តល់នូវសក្តានុពលដ៏ធំ ហើយ Bank SinoPac ពិតជាចង់ក្លាយជាចំណែកមួយនៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ ដោយបានចាប់ដៃគូរ និងទិញយកភាគហ៊ុននៅក្នុង អម្រឹត Bank SinoPac មិនត្រឹមតែបានពង្រីកវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចូលរួមគាំទ្រ លើកកម្ពស់ជីវភាពរបស់ប្រជាជននៅក្នុងសហគមន៍ និងបានបង្កើតនូវឱកាសសម្រាប់រយៈពេលវែងផ្សេងៗទៀតជាច្រើនដល់វិបុលភាព និង សុខមាលភាពនៃការរស់នៅរបស់ប្រជាជនកម្ពុជា”។

 

Bank SinoPac ក៏បានបញ្ជាក់បន្ថែមថា "ធនាគារមានមោទនភាព នៅក្នុងការបន្តកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយភាគទុនិកទាំង០២ ផ្សេងទៀតរបស់ អម្រឹត​ នោះគឺ ស្ថាប័ន IFC និង FMO។ ស្ថាប័នទាំង ០២ បានដើរតួនាទីឈានមុខយ៉ាងសំខាន់លើការវិនិយោគប្រកបដោយការទទួលខុសត្រូវ និង​បរិយាបន្នហិរញ្ញវត្ថុ។ ជាមួយនឹងការចូលរួមរបស់ស្ថាប័នទាំងអស់ខាងលើ ពួកយើងនឹងបន្តរក្សាឲ្យបាននូវស្តង់ដារដ៏ខ្ពស់មួយលើការការពារអតិថិជន និងធ្វើការពង្រីកលទ្ធភាពរបស់ អម្រឹត ក្នុងការអនុវត្តគោលការណ៍នៃការការពារបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដោយផ្តោតលើវិស័យអាទិភាពមួយចំនួនរបស់ពួកយើងក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព បរិយាបន្ន និងមានភាពឆ្លាតវៃ។

 

លោក ដុស ឌីន ជាអគ្គនាយករបស់ អម្រឹត បានមានប្រសាសន៍ថា “ខ្ញុំមានពិតជាមានសេចក្តីរីករាយ និងសូមធ្វើការស្វាគមន៍ជាផ្លូវការសម្រាប់ការមកដល់ប្រទេសកម្ពុជារបស់ Bank SinoPac ដែលបានក្លាយជាភាគទុនិកធំថ្មីរបស់ អម្រឹតBank SinoPac គឺជាអ្នកផ្តល់ប្រាក់កម្ចីមួយរបស់ អម្រឹត អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកន្លងមកស្ថាប័នទាំង ០២ មានទំនាក់ទំនងល្អយ៉ាងជិតស្និតជាមួយគ្នាក្នុងភាពជាដៃគូ និងបានទទួលស្គាល់នូវគុណតម្លៃរបស់គ្នាជាយូរមកហើយ”។

 

លោកបានបន្ថែមថា “គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងការផ្លាស់ប្តូរភាគទុនិកនេះ​​​​​ បានដាក់ទិសដៅការងារជាអាទិភាពធ្វើយ៉ាងណាឲ្យការផ្ទេរភាគហ៊ុននេះធ្វើឡើងដោយរលូន និងធានាថាប្រតិបត្តិការអាជីវកម្មរបស់ អម្រឹត នឹងនៅបន្តដំណើរការជាធម្មតា។ សម្រាប់រយៈពេលទៅខាងមុខទៀត អម្រឹត នឹងធ្វើការពង្រឹងភាពរឹងមាំរបស់ខ្លួនជាមួយ Bank SinoPac ដើម្បីបន្តការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ផ្នែកសង្គម។ ខ្ញុំពិតជាមានក្តីរំភើបណាស់ ចំពោះគ្រប់លទ្ធភាពនៅក្នុងការបង្កើតឱកាសផ្សេងៗ តាមរយៈការរួមបញ្ចូលគ្នារវាងចំណេះ ជំនាញ និងបទពិសោធន៍របស់ Bank SinoPac ជាមួយនឹងធនធានមនុស្ស និងបណ្តាញទំនាក់ទំនងរបស់ អម្រឹត”។

 

លោក Claude Falgon អតីតប្រធានក្រុមប្រឹក្សាភិបាលរបស់ អម្រឹត បានធ្វើការបញ្ជាក់ថា “បណ្តាភាគទុនិកទាំងអស់របស់ អម្រឹត បានយល់ឃើញថា វាគួរតែដល់ពេលវេលាដ៏សមស្របសម្រាប់ អម្រឹត នៅក្នុងការអភិវឌ្ឍន៍ខ្លួនឈានឡើងមួយកម្រឹតទៀត។ នៅក្នុងន័យនេះ បណ្តាភាគទុនិកបានផ្តល់ការងារជាអាទិភាពនៅក្នុងការស្វែងរកវិនិយោគិនថ្មីមួយ ដែលមិនត្រឹមតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមបទប្បញ្ញត្តិនោះទេ ថែមទាំងមានគោលដៅយុទ្ធសាស្រ្តអាជីវកម្មច្បាស់លាស់ដែលអនុលោមទៅតាមគោលការណ៍ការពារបរិស្ថាន សង្គម អភិបាលកិច្ច (ESG) និងកិច្ចការពារអតិថិជន។ តាមរយៈនេះ Bank SinoPac ត្រូវបានមើលឃើញថា ជាធនាគារមួយដែលបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ និងមានបទពិសោធន៍ច្រើននៅក្នុងការងារទាំងអស់ខាងលើនេះ។ ម្យ៉ាងទៀត ដោយមានការគាំទ្រពីក្រុមហ៊ុនមេរបស់ខ្លួន គឺក្រុមហ៊ុន SinoPac Holdings - Bank SinoPac ត្រូវបានទទួលស្គាល់ជាបន្តបន្ទាប់ដោយស្ថាប័នអន្តរជាតិលំដាប់ពិភពលោក ថាជាធនាគារប្រកបអាជីវកម្មប្រកបដោយក្រមសីលធម៌ ការទទួលខុសត្រូវ និងប្រកប​ដោយចីរភាព“។ 

 

លោក Claude Falgon ក៏បានបន្ថែមទៀតថា “ជម្រើស Bank SinoPac ជាវិនិយោគិនថ្មីនេះ គឺបណ្តាភាគទុនិកទាំងអស់ ពិតជាបានធ្វើការជ្រើសរើសម្ចាស់ភាគហ៊ុនថ្មីមួយដែលរឹងមាំ ទទួលបាននូវការគោព និងមានការទទួលខុសត្រូវខ្ពស់ចំពោះប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ ខ្ញុំសង្ឃឹមយ៉ាងម៉ុតមាំថា ភាគទុនិកថ្មីនឹងបន្តគ្រប់គ្រងដឹកនាំ អម្រឹត ឲ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត ជាពិសេសបន្តប្រតិបត្តិការអាជីវកម្ម ស្របតាមគុណតម្លៃរួមប្រកបដោយសុចរិតភាព តម្លាភាព គោរព និងលើកកម្ពស់សិទ្ធិ និងគោលការណ៍ការពារអតិថិជនបានយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងផ្តល់ផលជាវិជ្ជមានសម្រាប់ប្រជាជនកម្ពុជា“។

--------

 

ទំនាក់ទំនងព័ត៌មានបន្ថែម

លោកស្រី ង៉ៃ សុមាលា នាយិកាទីផ្សារពាណិជ្ជកម្ម

អ៊ីម៉ែល៖ [email protected]

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ