អម្រឹតសូមចូលរួមអបអរសាទរ ”ទិវាប្រាក់រៀល” ជាមួយធនាគារជាតិនៃកម្ពុជាពីខេត្តសៀមរាប
Dec 12, 2024
ជួបជាមួយបងស្រី ពន្លក ម៉ាលីស ដែលជាម្ចាស់អាហារដ្ឋាន ចំប៉ាដូនរឿន ក្នុងក្រុងព្រៃវែង ដែលគ្រប់គ្នាស្គាល់ និងល្បីអំពីមុខម្ហូបរបស់គាត់ ជាពិសេសជើងជ្រូកបំពងដែលជាម្ហូបប្រចាំហាង។
គាត់ក៏ជាស្រ្តីដែលតស៊ូព្យាយាមជោគជ័យក្នុងអាជីវកម្មម្ហូបអាហារម្នាក់ផងដែរ។
១. តើបងស្រីចាប់ផ្តើមអាជីវកម្មភោជនីយដ្ឋាននេះយ៉ាងដូចម្តេច? អំឡុងពេលដំបូងនៃការចាប់អាជីពនេះ តើបងបានជួបនូវឧបសគ្គអ្វីខ្លះ ហើយប្រឈមនឹងវាយ៉ាងដូចម្តេច?
តាមពិតទៅ ខ្ញុំបានបន្តអាជីពនេះបន្ទាប់ពីឪពុកម្តាយ ដែលដំបូងឡើយយើងបើកលក់ស៊ុបតែបន្តិចបន្តួចប៉ុណ្ណោះនៅផ្ទះរបស់យើងដែលមានសភាពតូចកាលពីឆ្នាំ២០០០។
បញ្ហាប្រឈមធំបំផុតគឺខ្ញុំមិនមានដើមទុនគ្រប់គ្រាន់ដើម្បីពង្រីកអាជីវកម្ម ឬជួលបុគ្គលិកនោះទេ។ ទោះយ៉ាងណា គ្រួសារខ្ញុំនិងខ្ញុំនៅតែបន្តបើកអាជីវកម្មអាហារក្នុងផ្ទះតូចមួយនោះជាមួយអ្វីដែលយើងមាន។ ខ្ញុំពិបាកគ្រប់គ្រងអ្វីគ្រប់យ៉ាងដោយខ្លួនឯងផ្ទាល់ណាស់ រាប់ពីការទិញម្ហូប ធ្វើគ្រឿងទេសរហូតដល់ចម្អិនអាហារ លាងចាន រត់តុ ទទួលការកុម៉្មង់ បម្រើអតិថិជន និងទូទាត់លុយជាដើម។
ជាធម្មតា ខ្ញុំភ្ញាក់ពីដំណេកនៅម៉ោង ៥ព្រឹកនិងបញ្ចប់នៅម៉ោង ៩យប់ ដែលនេះជាម៉ោងសម្រាប់ការងារភោជនីយដ្ឋាន ដែលមិនទាន់រាប់បញ្ចូលការបិទ លាងសម្អាតនៅឡើយ ដែលជាធម្មតាអាចបិទហាងនៅម៉ោង ១១យប់។ វានឿយហត់ណាស់ ប៉ុន្តែខ្ញុំគិតថាប្រសិនបើមនុស្សម្នាក់កំណត់គោលដៅ និងរីករាយនូវអ្វីដែលខ្លួនធ្វើ វាក៏នឹងផ្តល់ផលចំណេញថ្ងៃណាមួយត្រឡប់មកវិញដែរ។
២. ជាកូនស្រី ប្រពន្ធ ម្តាយ និងអ្នកជំនួយស្រ្តីដ៏មមាញឹកម្នាក់ តើបងបែងចែកពេលវេលាយ៉ាងដូចម្តេចសម្រាប់គ្រួសារ ក៏ដូចជាមុខជំនួញដ៏មមាញឹករបស់បង?
ក្នុងឆ្នាំដំបូង ២០០២ ពេលខ្ញុំចាប់យកមុខជំនួញនេះខ្ញុំក៏កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រង និងបានរៀបការមានកូនស្រីម្នាក់ផងដែរ។
វាពិតជាពេលវេលាដ៏មមាញឹកបំផុតក្នុងជីវិត ព្រោះខ្ញុំត្រូវផ្តោតអារម្មណ៍និងទុកពេលវេលាសម្រាប់អាជីវកម្ម ការសិក្សា ក៏ដូចជាគ្រួសារ។ តែដោយសារក្តីស្រមៃចង់បានជីវភាពធូរធារសម្រាប់គ្រួសារ និងការផ្តល់ឱកាសអប់រំល្អសម្រាប់កូនៗ វាបានជំរុញឱ្យខ្ញុំមានកម្លាំងចិត្តដើម្បីជម្នះរឿងទាំងអស់នោះ។ ដូច្នេះខ្ញុំបានកំណត់ពេលវេលាច្បាស់លាស់សម្រាប់អាជីវកម្ម ការសិក្សា និងគ្រួសារ។
រៀងរាល់ថ្ងៃ ខ្ញុំតែងតែក្រោកម៉ោង ៥ព្រឹកដើម្បីទៅផ្សារទិញម្ហូប បន្ទាប់មកខ្ញុំត្រឡប់មកផ្ទះវិញដើម្បីរៀបចំទុកដាក់កូនៗទៅសាលារៀន រួចបន្តចម្អិនម្ហូប និងរៀបចំម្ហូបសម្រាប់ភោជនីយដ្ឋានរួចស្រេចក្នុងការបម្រើអតិថិជនសម្រាប់អាហារពេលថ្ងៃត្រង់។ បន្ទាប់មក ខ្ញុំត្រូវត្រៀមពេលវេលាសម្រាប់កូនៗម្តងទៀតបន្ទាប់ពីម៉ោងសិក្សា មុននឹងខ្ញុំអាចត្រៀមខ្លួនដើម្បីបម្រើអាហារពេលល្ងាចទៅកាន់អតិថិជន។ ក្រៅពីនេះ ខ្ញុំអាចទុកពេលខ្លះសម្រាប់ការសិក្សានៅពេលយប់។
មកដល់សព្វថ្ងៃ ខ្ញុំនៅតែបន្តទម្លាប់នេះជាប្រចាំ ជាពិសេសកូនកាន់តែធំពេញវ័យដែលខ្ញុំត្រូវចំណាយពេលក្នុងការយកចិត្តទុកដាក់ពួកគាត់បន្ថែម ទាំងការសិក្សា ការរាប់អានមិត្តភក្តិ និងឆ្លៀតពេលសម្រាប់នាំកូនៗដើរកម្សាន្តជាដើម។ ដូចនេះទើបពួកគាត់មានអារម្មណ៍ល្អក្នុងការសិក្សា។
ការជម្នះនូវភាពប្រឈមទាំងនោះក៏បានមកពីការជួយជ្រោមជ្រែងដ៏ច្រើនពីស្វាមី និងក្រុមគ្រួសារផងដែរ។
៣. តើដំណាក់កាលណាមួយក្នុងអាជីវកម្មរបស់បង ដែលចាត់ទុកថាវាជាពេលវេលាដ៏លំបាកបំផុតដែលធ្លាប់ឆ្លងកាត់? តើបងប្រឈមនឹងបញ្ហាទាំងអស់នោះយ៉ាងដូចម្តេច?
រយៈពេលដ៏លំបាកបំផុតនៃអាជីវកម្មរបស់ខ្ញុំគឺនៅចន្លោះឆ្នាំ ២០០៧ ដល់ ២០០៨ ក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចពិភពលោក។
អាជីវកម្មរបស់ខ្ញុំចាប់ផ្តើមថមថយចំនួនអតិថិជនបន្តិចម្តងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ពេលខ្លះវាស្ងាត់ណាស់ហើយស្ទើរតែគ្មានអតិថិជនតែម្តង។ ខ្ញុំពិតជាពិបាកចិត្ត ព្រួយបារម្ភណាស់ក្នុងគ្រានោះ។ ទោះយ៉ាងណាក៏ដោយ ខ្ញុំបានយកឱកាសនោះដើម្បីច្នៃប្រឌិតមុខម្ហូបថ្មី ពង្រឹងទំនាក់ទំនងល្អជាមួយអតិថិជន និងកំណត់តម្លៃមុខម្ហូបដើម្បីទាក់ទាញអតិថិជនថ្មីៗ។ នៅពេលគុណភាពអាហារល្អ ហើយតម្លៃសមរម្យទៀតនោះ អតិថិជនក៏បានណែនាំឱ្យមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេមកសាកល្បងអាហារនៅហាងរបស់ខ្ញុំ។
ការប្រាប់ពីមាត់មួយទៅមាត់មួយគឺជាការផ្សព្វផ្សាយដ៏មានសារៈប្រយោជន៍ចំពោះអាជីវកម្មភោជនីយដ្ឋាន។ បន្ទាប់មក ថ្មីៗនេះ ស្ថានភាពជំងឺកូវីដ-១៩ បានក្លាយជាបញ្ហាប្រឈមម្តងទៀត ដែលធ្វើឱ្យចំនួនអតិថិជនមកកាន់ហាងខ្ញុំស្ងប់ស្ងាត់ម្តងទៀត។ ដើម្បីគ្រប់គ្រងការចំណាយខ្ពស់ ខ្ញុំងាកទៅរកការកុម្ម៉ងម្ហូប និងការដឹកជញ្ជូនដល់ទីតាំងអតិថិជនដើម្បីឱ្យអាជីវកម្មភោជនីយដ្ឋានយើងនៅតែអាចដំណើរការទៅមុខ។
បទពិសោធទាំងពីរខាងលើបានផ្តល់មេរៀនល្អៗដែលធ្វើឱ្យខ្ញុំក្លាយជាស្ត្រីម្នាក់ដែលកាន់តែមានភាពតស៊ូជាងមុនក្នុងការប្រឈមនឹងឧបសគ្គនាពេលអនាគត។ មនុស្សម្នាក់ៗត្រូវឆ្លងកាត់គ្រាលំបាកដើម្បីទទួលបានពេលវេលាល្អនិងរីករាយមកវិញ។ ភាពអត់ធ្មត់ ការយកចិត្តទុកដាក់ និងការមិនចេះចុះចាញ់ គឺជាគ្រឿងផ្សំនៃភាពជោគជ័យនៅក្នុងវិស័យជំនួញផងដែរ។
៤. តើបងមានជាបទពិសោធ ឬ គន្លឹះល្អៗអ្វីខ្លះដើម្បីចែករំលែកដល់ស្ត្រីដែលមានបំណងចង់ឈរលើដំណើរអាជីពជាស្រ្តីក្នុងអាជីវកម្ម ឬសហគ្រិនភាព?
ខ្ញុំមិនមានគន្លឹះល្អៗច្រើនទេ ប៉ុន្តែផ្អែកលើបទពិសោធរបស់ខ្ញុំជាមួយអាជីវកម្មភោជនីយដ្ឋានអស់រយៈពេលជាច្រើនឆ្នាំមកនេះ ខ្ញុំមានជាយោបល់ខ្លះៗដល់ស្ត្រីដែលចង់ធ្វើជំនួញ ឬអាជីវកម្មទាំងអស់គ្នាថា កុំបោះបង់ក្តីសង្ឃឹមឬសុបិនរបស់អ្នកដោយងាយៗឡើយ ជាពិសេសកុំខ្លាចនឿយហត់ ចូរតស៊ូអត់ធ្មត់ ព្រោះគ្មានការងារណាងាយស្រួលនោះទេ។
សេវាកម្មសម្រាប់អតិថិជនមានសារៈសំខាន់បំផុតក្នុងអាជីវកម្ម ដូចនេះយើងត្រូវតែមានឆន្ទៈ និងទទួលយកយោបល់ពីអតិថិជនគ្រប់ពេលដើម្បីកែលម្អសេវាកម្មរបស់យើង។ ត្រូវមានភាពច្នៃប្រឌិតលើសេវាកម្មរបស់អ្នកគ្រប់ពេលវេលាដើម្បីរក្សានូវភាពប្រកួតប្រជែងគ្រប់គ្រាន់ ដែលអាចទាក់ទាញទាំងអតិថិជនចាស់ត្រឡប់មកវិញនិងអតិថិជនថ្មី។
ការបង្ហាត់បង្រៀនបុគ្គលិកក៏មានសារៈសំខាន់ផងដែរចំពោះភាពជោគជ័យនៃអាជីវកម្ម ព្រោះពួកគេជាតំណាងឱ្យម្ចាស់អាជីវកម្ម ឬក្រុមហ៊ុន។ ជាចុងក្រោយ
ដើម្បីក្លាយជាអ្នកជំនួញស្រ្តីដែលមានភាពជោគជ័យម្នាក់ គាត់ត្រូវតែត្រៀមខ្លួនក្នុងការលះបង់ពេលវេលារបស់គាត់សម្រាប់អាជីវកម្ម និងកាតព្វកិច្ចគ្រួសារ។ វាហាក់ដូចជាងាយស្រួល ប៉ុន្តែវាពិតជាពិបាកបំផុតប្រសិនបើអ្នកមិនអាចបែងចែកពេលវេលាប្រកបដោយប្រសិទ្ធភាព ដូចពាក្យចាស់ពោលថា «ការងារស្ត្រីធ្វើយ៉ាងណាក៏មិនអស់ដែរ!»
Share To:
Nov 22, 2024
Nov 11, 2024