• Home
  • ព័ត៌មាន
  • ការនេសាទដើម្បីភាពរីកចម្រើន៖ សហគ្រិននេសាទជលផលសមុទ្រនៅខេត្តកោះកុង

ការនេសាទដើម្បីភាពរីកចម្រើន៖ សហគ្រិននេសាទជលផលសមុទ្រនៅខេត្តកោះកុង

Dec 03, 2021

នៅពេលព្រលឹមស្រាងៗ ខណៈដែលមនុស្សភាគច្រើនកំពុងលង់លក់ក្នុងដំណេកនាវិកបុរសមួយក្រុមកំពុងបញ្ឆេះម៉ាស៊ីនទូករបស់ពួកគេ ស្រាយខ្សែពួរ ហើយធ្វើដំណើរចេញទៅសមុទ្រដ៏ធំល្វឹងល្វើយដើម្បីប្រមូលគ្រឿងសមុទ្រស្រស់ៗ។ ទន្ទឹមនឹងការរង់ចាំទូកនេសាទ ដែលឆ្ងាយពីច្រាំងជាច្រើនម៉ោងនោះ អ្នកស្រី ទូច ម៉ូវ និងកូនប្រុសក៏កំពុងរៀបចំតូបលក់បណ្តើរៗសម្រាប់ថ្ងៃលក់ដ៏មមាញឹករបស់ពួកគាត់នៅផ្សារត្រី។

អ្នកស្រី ទូច ម៉ូវ

ស្ត្រីដែលមានបទពិសោធរយៈពេលជាង ២០ ឆ្នាំ ក្នុងអាជីវកម្មជលផលសមុទ្រ អ្នកស្រី ទូច ម៉ូវ បានប្រែក្លាយស្ថានភាពគ្រួសាររបស់គាត់ចេញពីការចាប់ផ្តើមដំបូងជាអ្នកនេសាទធម្មតាទៅជាសហគ្រិននេសាទសមុទ្រដ៏ល្បីនិងជាអ្នកលក់គ្រឿងសមុទ្របោះដុំធំជាងគេនៅក្នុងខេត្តកោះកុង។ អ្នកស្រីក៏ជាអតិថិជនសហគ្រិនស្ត្រីដែលទទួលបានជោគជ័យរបស់អម្រឹតម្នាក់ផងដែរ។

១. ក្នុងនាមជាសហគ្រិននេសាទសមុទ្រ តើអ្នកស្រីត្រូវធ្វើការងារប្រចាំថ្ងៃអ្វីខ្លះ?

បច្ចុប្បន្ន ខ្ញុំមានទូកនេសាទខ្នាតមធ្យមចំនួន ២ ដែលត្រូវបានធ្វើឡើងយ៉ាងពិសេសដើម្បីប្រមូលផលបង្គានិងក្តាមរួមជាមួយនឹងទូកនេសាទពាណិជ្ជកម្មដែលខ្ញុំជួលចំនួន ២០ ផ្សេងទៀតសម្រាប់ប្រើប្រាស់ក្នុងការចែកចាយគ្រឿងសមុទ្រស្រស់ៗជាងមួយតោនរៀងរាល់ថ្ងៃទៅកាន់ទីផ្សារក្នុងស្រុក។ ខ្ញុំលក់ក្តាម បង្គា មឹក និងផលិតផលគ្រឿងសមុទ្រគ្រប់ប្រភេទចែកចាយទៅកាន់អតិថិជនទូទាំងប្រទេសចាប់ពីអាជីវករក្នុងស្រុក ឈ្មួញកណ្តាលហាងលក់រាយភោជនីយដ្ឋាន និង ថែមទាំងក្រុមហ៊ុនកែច្នៃពាណិជ្ជកម្មដែលនាំចូលផលិតផលសមុទ្រពីប្រទេសជិតខាងផងដែរ។

២. តើកត្តាអ្វីខ្លះដែលរួមចំណែកដល់ភាពជោគជ័យនៃអាជីវកម្មរបស់អ្នកស្រី?

កត្តាសំខាន់បំផុតគឺ ខ្ញុំមានផលិតផលច្រើនមុខ អាចផ្គត់ផ្គង់តាមតម្រូវការអតិថិជនគ្រប់ពេលវេលា ហើយផលិតផលសុទ្ធសឹងតែមានគុណភាពខ្ពស់! ផលិតផលគ្រប់យ៉ាងទាំងអស់សុទ្ធតែស្រស់និងថ្មីគ្រប់ពេលវេលាក្នុងស្ថានភាពល្អបំផុត។

ជាធម្មតា ទូកនេសាទ នឹងកំណត់ការងារនេសាទពី ៣០ ទៅ ៤៥ ថ្ងៃក្នុងមួយលើកក្នុងរដូវប្រាំង និង រហូតដល់ ៦ ខែក្នុងរដូវវស្សា។ ប៉ុន្តែ យើងមិនអាចចាំការត្រឡប់មកវិញរបស់ពួកគេនោះទេ។ដើម្បីធានាថាផលិតផលមានគុណភាពល្អបំផុត ស្វាមីរបស់ខ្ញុំនិងក្រុមរបស់គាត់ ធ្វើដំណើរចេញទៅសមុទ្ររៀងរាល់ព្រឹកដើម្បីយកគ្រឿងសមុទ្រស្រស់ៗពីទូកនេសាទរបស់យើងដែលមានស្រាប់ ព្រមទាំងទូកនេសាទដែលយើងបានម៉ៅទំនិញផងដែរ។

នៅពេលពួកគេមកដល់ផ្សារត្រីភ្លាម ពួកយើងនឹងវេចខ្ចប់គ្រឿងសមុទ្រទាំងនោះភ្លាមៗហើយដឹកជូនអតិថិជនទូទាំងប្រទេស។ ហើយមួយចំណែកនៅសល់នឹង ត្រូវលក់ក្នុងតម្លៃលក់រាយដល់អាជីវករក្នុងមូលដ្ឋាន។ បន្ទាប់ពីនោះ យើងនឹងលក់ឡៃឡុងក្នុងតម្លៃទាបបំផុតប្រសិនបើគ្រឿងសមុទ្រទាំងនោះ មិនអាចលក់អស់មុនថ្ងៃត្រង់។ យើងចង់បានអ្វីៗស្រស់ៗនិងថ្មីៗ ដូច្នេះយើងមិនស្តុកផលិតផលទាំងនោះសម្រាប់ថ្ងៃបន្ទាប់នោះទេ។

ទិដ្ឋភាព​ព្រឹក​ព្រលឹម ក្នុង​ផ្សារ​ក្តាម នៃ​ខេត្ត​កោះកុង

៣. សូមបងស្រីជួយសង្ខេបពីដំណើរដើមទងដែលបណ្តាលឱ្យអ្នកស្រីក្លាយជាសហគ្រិនស្រ្តីក្នុងអាជីវកម្មគ្រឿងសមុទ្រ!

ឱកាសដំបូងរបស់ខ្ញុំបានកើតឡើងកាលពីឆ្នាំ ២០១៥ ក្នុងអំឡុងពេលដែលនាវានេសាទពាណិជ្ជកម្មភាគច្រើននៅក្នុងប្រទេសថៃ បានឈប់ដំណើរការដោយសារតែការរឹតបន្តឹងរបស់រដ្ឋាភិបាលលើការនេសាទសមុទ្រ។ នាវានេសាទជាច្រើនអាចរកទិញបានក្នុងតម្លៃទាប ដូច្នេះខ្ញុំបានឆ្លៀតឱកាសមាសនេះ ដើម្បីទិញនាវានេសាទពាណិជ្ជកម្មដំបូងរបស់ខ្ញុំដែលនាំខ្ញុំទៅកាន់ផ្លូវនៃភាពជាសហគ្រិន។

ខណៈពេលដែលស្វាមីរបស់ខ្ញុំគ្រប់គ្រងលើទូកនេសាទ ខ្ញុំបានផ្តោតលើការចាប់ផ្តើមអាជីវកម្មនេសាទខ្នាតតូចមួយដោយផ្តោតជាពិសេស លើភាពស្រស់និងគុណភាពនៃផលិតផលរបស់ខ្ញុំ។ អាជីវកម្មរបស់ខ្ញុំបានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលដ៏ខ្លីដោយសារការប្រាប់តគ្នាពីមាត់មួយទៅមាត់មួយ ពីសំណាក់អតិថិជនរបស់ខ្ញុំរហូតដល់ខ្ញុំមិនអាចបំពេញតាមការបញ្ជាទិញបាន។

ខ្ញុំក៏បានទិញទូកនេសាទខ្នាតមធ្យមមួយទៀតហើយបានចុះកិច្ចសន្យាម៉ៅទំនិញជាមួយនាវានេសាទផ្សេងៗទៀតដើម្បីធានាថា ការផ្គត់ផ្គង់គឺអាចរកបានជារៀងរាល់ថ្ងៃ ដើម្បីផ្គត់ផ្គង់ដល់អតិថិជន។នៅចំណុចមួយការបញ្ជាទិញប្រចាំថ្ងៃជាមធ្យមបានកើនឡើងដល់ជាង ២ តោន ប៉ុន្តែវាធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹម ១ តោនក្នុងអំឡុងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ សង្ឃឹមថា អ្វីៗនឹងប្រសើរឡើងនៅឆ្នាំក្រោយ ដើម្បីខ្ញុំអាចធ្វើតាមផែនការពង្រីកអាជីវកម្មរបស់ខ្ញុំ។>

៤. តើអ្វីជាដំបូន្មានរបស់អ្នកស្រីសម្រាប់ស្ដ្រីវ័យក្មេង ដែលប្រាថ្នាចង់ជោគជ័យក្នុងអាជីវកម្ម?

ជោគជ័យអាជីវកម្មមិនអាចសម្រេចបានក្នុងមួយរយៈខ្លីនោះទេ។ អ្វីៗទាំងអស់គឺអាស្រ័យលោកខ្លួនអ្នកផ្ទាល់ និងអ្វីដែលអ្នកជឿជាក់។ វាបូកផ្សំគ្នារវាងកិច្ចខិតខំប្រឹងប្រែងតិចតួច ដែលយើងបានធ្វើជារៀងរាល់ថ្ងៃដែលទាមទារឱ្យមានការព្យាយាមនិងការអត់ធ្មត់ច្រើន។ ចូរប្រើអ្វីដែលអ្នកមានឱ្យបានច្រើនបំផុត។ ជានិច្ចកាល ត្រូវស្វែងរកឱកាសនោះ ជោគជ័យនឹងរត់មករកអ្នកជាមិនខាន៕

Share To:

Recent News

ព័ត៌មានតាមឆ្នាំ